ក្រុងរីយ៉ូ៖ នារីរកស៊ីផ្លូវភេទក្នុងទីក្រុងបេឡូ ហូរីហ៊្សូនតេ នៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល បាននាំគ្នាធ្វើកូដកម្ម ១ សប្ដាហ៍ ដោយទាមទារឱ្យបញ្ចូលក្រុមខ្លួនក្នុងបញ្ជីជួរមុខក្នុងការទទួលវ៉ាក់សាំងជំងឺកូវីដអាទិភាព។
នារីរកស៊ីផ្លូវភេទរាប់ពាន់នាក់ក្នុងទីក្រុងនេះ បានអស់មុខរបរដោយសារការបិទសណ្ឋាគារទាក់ទងនឹងវិបត្ដិកូវីដ ជាទីដែលពួកគេត្រូវជួលបន្ទប់សណ្ឋាគារដើម្បីលក់សេវាកម្មដល់អតិថិជនដែលជួបគ្នានៅតាមដងផ្លូវ។
ស៊ីដា វីយ៉ែរ៉ា ប្រធានសមាគមនារីរកស៊ីផ្លូវភេទរដ្ឋមីណាស ហ្គេរ៉ៃស៍ បានប្រាប់ AFP ថា៖ «យើងស្ថិតនៅតំបន់ជួរមុខ ក្នុងការធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ច ហើយយើងប្រឈមនឹងហានិភ័យណាស់។ យើងត្រូវការចាក់វ៉ាក់សាំងមុន»។
អ្នកស្រី វីយ៉ែរ៉ា និងស្ដ្រីដទៃទៀត កាលពីថ្ងៃចន្ទ បានដឹកនាំការតវ៉ានៅលើតាមដងផ្លូវ ដោយសណ្ឋាគារជាច្រើនបិទទ្វារ ជាកន្លែងប្រកបរបររបស់ពួកគេ និងបានលើកបដាស្រែកឡើងថា «ស្រីពេស្យា ក៏ជាអាជីពមួយដែរ!» និងពាក្យថា «ការងារ និងសុខភាពផ្លូវភេទ»។
លូស៊ីម៉ារ៉ា កូស្ដា ជានារីតវ៉ាម្នាក់បាននិយាយថា៖ «យើងគឺជាផ្នែកមួយនៃក្រុមអាទិភាព ពីព្រោះយើងជួបផ្ទាល់ជាមួយមនុស្សជាច្រើន ហើយជីវិតយើងពិតជាប្រឈមខ្លាំងណាស់»។
រដ្ឋាភិបាលបានផ្ដល់អាទិភាពដល់បុគ្គលិកសុខាភិបាល គ្រូបង្រៀន មនុស្សចាស់ ជនជាតិដើម និងអ្នកមានស្ថានភាពសុខភាពមិនអំណោយផល គឺជាបុគ្គលដែលត្រូវទទួលវ៉ាក់សាំងមុនគេ។
រដ្ឋាភិបាលរំពឹងថានឹងចាក់វ៉ាក់សាំងដល់ក្រុមអាទិភាពប្រមាណ ៧៧ លាននាក់ ក្នុងឆមាសដំបូងនៃឆ្នាំ ២០២១ តែក្រុមអ្នកជំនាញបាននិយាយថា វាអាចធ្លាក់ទៅដល់ខែកញ្ញាឯនោះដោយសារបញ្ហាខ្វះវ៉ាក់សាំង។
អ្នកស្រី វីយ៉ែរ៉ា បានប្រាប់ AFP ថា៖ «យើងជាក្រុមអាទិភាព យើងជាអ្នកអប់រំបញ្ហាសុខភាពផ្លូវភេទ។ យើងជាផ្នែកមួយនៃក្រុមអាទិភាព ដោយសារយើងផ្សព្វផ្សាយចំណេះដឹងនៃបញ្ហាជំងឺឆ្លងដល់បុរសៗ និងចែកស្រោមអនាម័យទៀតផង»៕ AFP/HR