ភ្នំពេញៈ ចាប់តាំងពីបានចៃ្ននាឡិកាដៃដែលរំលេចយីហោចម្លាក់ជាភាសាខ្មែរម៉ាក «ពូ» ហើយត្រូវបានកូនខ្មែរនិយមចូលចិត្តប្រើជាគ្រឿងលម្អនោះលោក សែត ពិទូ បានចេញនូវម៉ូដែលថ្មី ៤ ផ្សេងទៀតដែលមានខ្សែផលិតពីស្បែក ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារទាំងក្នុង និងក្រៅស្រុក។
លោក សែត ពិទូ ជាស្ថាបនិកក្រុមហ៊ុននាឡិកាម៉ាក «ពូ» បានឲ្យដឹងថា៖ «ការចេញម៉ូដថ្មីនេះគឺស្របទៅតាមតម្រូវការភាពប្រណីត និងគុណភាពទ្វេដង ដើម្បីប្រជែងទីផ្សារទាំងក្នុង និងក្រៅស្រុកតែម្តង។ ហើយក្រុមហ៊ុន PU Watch Cambodia យើងបានចេញ ៤ ម៉ូដថ្មីសម្រាប់នាឡិកាដៃម៉ាកពូ ដែលសុទ្ធតែថ្មីទាំង ៤ គឺមានប្រភេទ PU Premium black limited edition, PU Premium Red Limited edition, PU Premium Blue Limited Edition និង PU business class limited edition។
ចំពោះតម្លៃវិញគឺប្រភេទ PU Premium Black, Red និង Blues ១ គ្រឿងតម្លៃ ១០០០ ដុល្លារ។ លក្ខណពិសេសសម្រាប់ នាឡិកាម៉ាក «ពូ» យើងប្រើប្លាទីន logo អក្សរជាតិខ្មែរ «ពូ» នៅក្នុងម៉ាស៊ីនកញ្ចក់ធ្វើពីត្បូង sapphire-crystal glass ចំណែកតួខាងលើធ្វើពីដែក stainless steel sapphire crystal មានភាពរឹងមាំហើយធន់លាយជាមួយនឹងត្បូង crystal ខណៈខ្សែវិញផលិតពីស្បែកសុទ្ធ»។
លោក ពិទូ បន្តថា៖ «ម៉ូដែលថ្មីទើបតែបានចេញចំនួនមួយអាទិត្យតែប៉ុណ្ណោះ។ យើងនឹងនាំចេញទៅក្រៅស្រុកក្នុងពេលខាងមុខគឺជាការនាំចេញលំដាប់ PU Business class ដែលមានតួធ្វើពីប្លាទីនសុទ្ធ (18k gold) ដាំពេជ្រនៅលើតួមានចំនួន ៤៨ គ្រាប់ ខ្សែស្បែក កញ្ចក់ត្បូង crystal ខណៈតួដែក stainless steel លាយនឹងត្បូង crystal»។
គួរបញ្ជាក់ថាកាលពីចុងឆ្នាំ ២០១៨ នាឡិកាដៃដ៏ប្រណីតច្នៃដោយកូនខ្មែរម៉ាក «ពូ-PU» បានទាក់ទាញអ្នកប្រើនៅក្រៅប្រទេសយ៉ាងគគ្រឹកគគ្រេងហើយបានកុម្ម៉ង់រាប់រយគ្រឿងជាមួយនឹងតម្លៃគឺថាមិនធូរថ្លៃប៉ុន្មាននោះឡើយ។
ចំពោះនាឡិកាដៃម៉ាក «ពូ» លោក សែត ពិទូ ក៏ធ្លាប់បង្ហើបប្រាប់ថា៖ «យើងមាន ២ ពណ៌សម្រាប់ជម្រើសគឺពណ៌ខ្មៅ និងពណ៌មាស ខណៈយើងក៏ផលិតមាន ៣ ម៉ូដែលគឺ PU Classic Model , PU International Model, PU Traditional Model សម្រាប់លក់លើទីផ្សារ។ ចំណែកការផលិតវិញយើងយកគ្រឿងមកពីក្រៅប្រទេស ហើយដំឡើងនៅស្រុកខ្មែរដោយយើងមានក្រុមការងារផលិតនាឡិកានេះចំនួន ២ ផ្នែកគឺខាងច្នៃប្រអប់ និងផ្នែកជាងប្លាទីន ដែលមានចំនួនសរុប ១០ នាក់ និងមានថង់។ នាឡិកា ១ គ្រឿងត្រូវការពេលធ្វើយ៉ាងហោចណាស់ ៥ ថ្ងៃទើបសម្រេចបានទៅជានាឡិកាដៃ ១ គ្រឿង»៕