ក្រុង​ដតម៉ាន់៖ នា​ពេល​ព្រឹក​ព្រលឹម​មាន​ក្រុម​ហាត់​យោគៈ​ នៅ​ពេល​យប់​ មាន​ភីហ្សា​ចម្អិន​ខ្លួន​ឯង​ ហើយ​នរណា​ក៏​មាន​​ប្រដាប់​អនាម័យ​ប្រើ​ដែរ​។

ចំពោះ​និស្សិត​អាល្លឺម៉ង់ ៦ នាក់ ​ដែល​រស់​នៅ​ក្នុង​ផ្ទះ​ល្វែង​មួយ បម្រាម​ធ្វើ​ដំណើរ​ចំពោះ​កង្វល់​ជំងឺ​កូវីដ ១៩ មាន​គុណ​សម្បត្ដិ​របស់​វា។

ដោយ​សាលា​ត្រូវ​បិទ​ទ្វារ​ ហើយ​ផ្ដាច់​ទំនាក់​ទំនង​សង្គម យុវតី​ ៤ រូប និង​យុវជន ២ រូប ដែល​រួមរស់​ក្នុង​ផ្ទះ​ល្វែង​រួម​គ្រែ ៣ ស្រាប់​តែ​រីករាយ​នឹង​ពេល​វេលា​​ដ៏​មាន​ន័យ​នេះ​ ខណៈ​ពួក​គេ​ត្រូវ​ចូលរួម​ស្នាក់នៅ​តែ​ក្នុង​ផ្ទះ​ជាមួយ​ពលរដ្ឋ​អាល្លឺម៉ង់​រាប់​លាន​នាក់​ទៀត​។

និស្សិត​ព័ត៌មានវិទ្យា​ អាយុ ២២ ឆ្នាំ ឈ្មោះ ​ធីឡូ បាន​និយាយ​ថា៖ «​ខ្ញុំ​រីករាយ​ណាស់ ដែល​ខ្ញុំ​រស់​នៅ​មិន​ឯកា​នា​ពេល​នេះ ដោយសារ​អត់​បាន​ចេញ​ទៅ​ណា​ទាំង​អស់​»។

រីឯ​​មិត្ដស្រី មាន​វ័យ ២១ ឆ្នាំ ឡាណា បាន​ឯកភាព​ថា​៖ «នៅ​តែ​មាន​កិច្ចការ​ត្រូវ​ធ្វើ​ច្រើន​នៅ​ទី​នេះ​»។

កាល​ពី​ថ្ងៃ​សុក្រ ក្រុម​យុវវ័យ​ទាំង​​នេះ​ បាន​ជួប​ជុំ​គ្នា​នៅ​ផ្ទះ​បាយ​​ដោយ​ជួយ​គ្នា​ធ្វើ​ភីហ្សា​។

ក្រោយ​មក ​ពួក​គេ​មើល​ភាពយន្ដ​ ដែល​បញ្ចាំង​ទៅ​លើ​ជញ្ជាំង​ផ្ទះ​។ ខណៈ​សកល​វិទ្យាល័យ​ជា​ច្រើន​ទៀត​បាន​ពន្យារពេល​ចូល​កង​ និស្សិត​រួម​ផ្ទះ​អាច​ចំណាយ​ពេល​ច្រើន​បង្កើន​សមត្ថភាព​លេង​វីដេអូ​ហ្គេម​ «​Mario Kart»។

ហ្គេម​ផ្គុំ​រូប​ធំៗ និង​ហ្គេម​បត​ក៏​បាន​ជួយ​ផ្ដល់​ការ​កម្សាន្ដ​ឲ្យ​ពួក​គេ​ជា​ច្រើន​ម៉ោង​ផង​ដែរ​។

ក្រុម​និស្សិត​អាល្លឺម៉ង់​ រីករាយ​នឹង​​​សំងំ​នៅ​ក្នុង​ផ្ទះជុំគ្នា ធ្វើ​ឲ្យពួកគេ​មិន​សូវ​អផ្សុក។ រូបថត AFP

នៅ​ពេល​ សេលីន ត្រូវ​ការ​កាត់​តម្រឹម​សក់ មិត្ត​របស់​នាង​ឈ្មោះ ​រ៉ៃ អាច​ជួយ​នាង​បាន​បន្ដិច​បន្ដួច​ ដោយ​ប្រែ​ក្លាយ​ផ្ទះ​បាយ​ទៅ​ជា​សាឡន​ក្នុង​មួយ​ប៉ប្រិច​​ភ្នែក។

ខុស​ប្លែក​ពី​មិន​ទាន់​មាន​ផ្ទុះ​ជំងឺ ដែល​សម្លាញ់​ម្នាក់ៗ​កម្រ​ជួប​មុខ​គ្នា ហើយ​ត្រូវ​ដាក់​វេន​គ្នា​ធ្វើ​កិច្ចការ​ផ្ទះ សព្វ​ថ្ងៃ​សមាជិក​ម្នាក់ៗ​​ជុំ​គ្នា​​រៀបចំ​អាហារ និង​​លាង​​ចាន។

ធីឡូ និយាយ​ថា៖ «ឥឡូវ​​ស្រួល​ណាស់ យើង​ចង់​​ប្រាប់​រឿង​អ្វី​ដល់​គ្នា ឬ​ចង់​ឲ្យ​អ្នក​ណា​ជួយ​យើង យើង​អាច​និយាយ​ភ្លាមៗ ដោយ​មិន​ចាំបាច់​ផ្ញើសារ ឬ​ធ្វើ​តារា​វិន័យ​អី​ទេ»។

ដោយ​នៅ​តែ​ចង់​រក្សា​សុខភាព​រាង​កាយ​តាមរយៈ​ការ​ហាត់​ប្រាណ​ប្រចាំ ក្រុម​យុវវ័យ​ទាំង​នេះ​​នាំ​គ្នា​ហាត់​យោគៈ​នា​ពេល​ព្រឹក​ ដោយ​តម្រៀប​គ្នា​​នៅ​បន្ទប់​ទទួល​ភ្ញៀវ​។

ធីឡូ បាន​និយាយ​ថា​៖ «​នៅ​មាន​សកម្មភាព​ថ្មី​ៗ​ជា​ច្រើន​ទៀត​ចំពោះ​ពួក​យើង​»។

ក្រោយ​រយៈ​ពេល​ជាង ៣ ឆ្នាំ ​ក្នុង​ផ្ទះ​ល្វែង​តែ​មួយ ធីឡូ បាន​និយាយ​ថា លោក​បាន​ស្គាល់​មិត្ដភ័ក្ដិ​យ៉ាង​ជិត​ស្និទ្ធ​។

ប៉ុន្តែ​ទម្លាប់​ដេក​ពួន​​រឹត​តែ​ស្ដែង​ច្បាស់ នៅ​ពេល​ដែល​ពួក​គេ​អត់​ចេញ​ក្រៅ​ទាល់​តែ​សោះ ដោយ​អ្នក​ខ្លះ​នៅ​តែ​គេង​ទ្រមក់ ទោះ​អត់​ជប់​លៀង​ដាច់​យប់ ហើយ​អ្នក​ខ្លះ​ទៀត​ថ្ងៃ​រះ​មិន​ទាន់​​​ក៏​ក្រោក​ពី​ដំណេក។

លោក​និយាយ​ទាំង​អស់​សំណើច​ថា៖ «ពួក​យើង​មាន​ក្រុម​ចាប​ឧស្សាហ៍ និង​ក្រុម​ទីទុយ។ ​ពេល​ខ្លះ​ខ្ញុំ​ក្រោក​ពី​គេង ​៣ ម៉ោង ​ហើយ ក្រុម​ទីទុយ​ពួក​ម៉ាក​ខ្ញុំ​នៅ​តែ​សំងំ​ស្រមុក​លើ​គ្រែ​នៅ​ឡើយ»។

ខណៈ​ពលរដ្ឋ​នៅ​​ប្រទេស​ ​អាល្លឺម៉ង់ ​បន្ដ​ទិញ​ក្រដាស​អនាម័យ​ស្ដុក​ទុក អ្នក​រស់នៅ​រួម​ផ្ទះ​ក្នុង​ទីក្រុង​ដតម៉ាន់ មាន​អាទិភាព​ខុស​ៗ​គ្នា​។

លោក ធីឡូ បាន​បន្ដ​ទៀត​ថា៖ «យើង​​មិន​សូវ​បារម្ភ​អំពី​ក្រដាស​​អនាម័យ​នោះ​ទេ យើង​ប្រហែល​ជា​មាន​ប្រើ​គ្រប់​គ្រាន់​ហើយ​។ ប៉ុន្ដែ​យើង​មាន​មិត្ដភ័ក្ដិ​ផ្ទះ​ម្នាក់ ដែល​ចូលចិត្ដ​ញ៉ាំ​ប៉ាស្ដា។ ដូច្នេះ​យើង​ក៏​ប្រញាប់​ទៅ​ទិញ​ប៉ុន្មាន​កញ្ចប់​ទុក​ញ៉ាំ​ទៅ​រួច​​ហើយ»៕ AFP/HR