កាហ្សា ប៉ាលេស្ទីន៖ ​​ឃើញ​ពិភព​លោក​កំពុង​តែ​ព្យាយាម​លើក​​កម្ពស់​ការ​យល់​ដឹង​ពី​វិរុស​កូរ៉ូណា និង​​​​ឲ្យ​មនុស្ស​នៅ​ផ្ទះ​​​រក្សា​សុខភាព​ អ្នក​ជំនាញ​​ដុត​នំ​​ជាតិ​ប៉ាឡេស្ទីន លោក​ Eyad Abu Rezqa ​​នឹក​ឃើញ​គំនិត​ថ្មី​តម្រូវ​តាម​​និន្នាការ​សកល។

ប្រធាន​ផ្នែក​ដុត​នំ​​នៅ​ហាង Al-Nada ​តំបន់​​ Khan Yunis ភាគ​ខាង​ត្បូង​កាហ្សា ​​រចនា​នំ​រូប​នារី​ពាក់​ម៉ាស់​ខៀវ ​​បំណង​ក្រើន​រំឭក​ពលរដ្ឋ​ពី​សារៈសំខាន់​​នៃ​​ការ​រក្សា​គម្លាត​សង្គម។

រូបថត​នំខេក​ដែល​ត្រូវ​បាន​លោក​បង្ហោះ​​​លើក​ដំបូង ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ មនុស្ស​ជា​ច្រើន​​ធ្វើ​ការ​កុម្ម៉ង់​ទិញ​នំខេក​កូរ៉ូណា ​ទោះ​​តំបន់​នៅ​ប៉ាឡេស្ទីន​នេះ​សម្បូរ​ប្រជាជន​រស់​ក្នុង​ភាព​ក្រីក្រ​។

លោក​​ថា៖ «និយាយ​ឲ្យ​ត្រង់​ទៅ នំខេក​កូរ៉ូណា​មាន​គេ​ចាប់​អារម្មណ៍​ច្រើន។ អតិថិជន​​លាន់​មាត់​ថា គាត់​ចង់​បាន​នំ​នេះ»។

លោក​​ថា៖ «​រាល់​ថ្ងៃ​ តម្រូវ​ការ​​​​ភ្ញៀវ​ទិញ​នំខេក​នារី​ពាក់​ម៉ាស់ កាន់​តែ​កើន​ឡើង»។

អ្នក​ជំនាញ​ដុត​នំ​ លោក Eyad Abu Rezqa ​បញ្ជាក់ថា លោក​មិន​មែន​ចង់​មើល​ស្រាល​ជំងឺ​ឆ្លង ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​ជាង ៦ ម៉ឺន​នាក់​​ទូទាំង​ពិភព​លោក​នោះ​ទេ។ លោក​ព្យាយាម​​លើក​កម្ពស់​ការ​​​យល់​ដឹង​ពី​ជំងឺ​ឆ្លង និង​ធ្វើ​ឲ្យ​ប្រជាជន​មាន​​អារម្មណ៍​ស្រស់ស្រាយ​​នឹង​​អាហារ​ផ្អែម។

គិត​ត្រឹម​ចុង​សប្ដាហ៍ កាហ្សា មាន​ករណី​ជំងឺ​កូវីដ ១៩ ចំនួន ១២ នាក់។

លោក Abu Rezqa ​បញ្ជាក់​ថា៖ «បុគ្គលិក​ធ្វើ​នំ​​តម្រូវ​ឲ្យ​ពាក់​ស្រោម​ដៃ ម៉ាស់ និង​សម្លៀក​បំពាក់​ការពារ​»៕ AFP