ក្រុងសៀមរាបៈ ខណៈ​ស្នាមញញឹម​ពី​មោទនភាព​កូនស្រី​ទាំង​ ២ សុទ្ធតែ​ខំប្រឹង​រៀន​បាន​លទ្ធផល​ពី​ការជាប់​បាក់ឌុប​បាន​និទ្ទេស A ដែល​ជា​សិស្ស​នៅ​វិទ្យាល័យ ១០ មករា ១៩៧៩ ខេត្ត​សៀមរាប​តែ​ជា​អកុសល លោក​ឪពុក​យុវតី​ទាំង​ ២ ​ដែល​ប្រកប​របរ​រត់​រ៉ឺម៉ក​ម៉ូតូ​នោះ​បាន​ចែក​ឋាន​ចោល​កូន និង​ប្រពន្ធ​ឲ្យ​រស់នៅ​តែលតោល​ប្រៀប​ដូច​ចក​អណ្តែត​លើ​ផ្ទៃ​ជលសា​ដ៏ធំ​ល្វឹងល្វើយ​។

ទោះបី​ឪពុកម្តាយ​មាន​ជីវភាព​ក្រលំបាក​មែន​ក្តី តែ​ទឹកចិត្ត​ខិតខំ​សង្វាត​រៀនសូត្រ មិន​បាន​បាត់បង់​ការព្យាយាម​នោះ​ឡើយ ទើប​រុញច្រាន​ឲ្យ​យុវតី​ ២ ​រូប​ដែល​ជា​កូនស្រី​របស់​លោកពូ ដៀប បាន​ខំប្រឹង​រៀនសូត្រ​ក្លាយ​ជា​សិស្ស​ពូកែ និង​ប្រឡង​ចប់​បាក់​ឌុប​បាន​និទ្ទេស A ទាំង​បង និង​ប្អូន គឺ​កូនស្រី​បង​ឈ្មោះ​ ដៀប សុធារី ជាប់ បាក់​ឌុប​ឆ្នាំ​ ២០១៦ និង​កូនស្រី​ទី​ ២ ដៀប ស្រីនិច ជាប់​បាក់ឌុប​ឆ្នាំ​ ២០១៨​។

បងស្រី ដៀប សុធារី បាន​និទ្ទេស A កាល​ឆ្នាំ​ ២០១៦ តែ​គ្មាន​លទ្ធភាព​រៀន​បន្ត​មហា​វិទ្យាល័យ​។ រូបថត សហការី

តែ​ស្នាមញញឹម​លាយ​ដោយ​ទឹកភ្នែក​នៃ​ញើស​ឈាម​ដែល​ឪពុកម្តាយ​បាន​ផ្តល់​ឲ្យ​កូនស្រី​ពិតជា​មាន​តម្លៃ​ពិតមែន គឺ​ពួកគាត់​រំភើប​រហូត​ដល់​យំ​ផង​សប្បាយចិត្ត​ផង​ឱប​កូនៗ​ផង​ដោយ​ឃើញ​កូនៗ​ខំ​តស៊ូ​រហូត​បាន​បណ្ណ​កិត្តិយស​ជាច្រើន​តាម​ពាក្យ​ដែល​កូន​បាន​សន្យា​ជាមួយ​ពួកគាត់​។ តែ​ពិភពលោក​ដ៏ស្រស់ស្អាត​បាន​តែ​មួយ​ភ្លែត​សោះ ភព​ខ្មៅ​ងងឹត​ក៏​មក​គ្របដណ្តប់​លើ​ក្តីសង្ឃឹម​របស់​ប្អូនស្រី​ក្រោយ​ពី​ឪពុក​លាចាក​លោក​ទៅ​ដោយ​ជំងឺ​បេះដូង​កាល​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨ ខណៈ​ម្តាយ​ពួកគេ​ក៏​មាន​ជំងឺ​ជាប់​ខ្លួន​ត្រូវ​ការប្រាក់​ព្យាបាល​ជំងឺ​ផង​ដែរ​។

បើ​តាម​សម្តី​រៀបរាប់​ត្រួសៗ​ពី​លោក លី ស៊ីនហួន ដែល​ជា​កវី​ទំនុកច្រៀង​ដ៏ល្បី​នៅ​ក្រុមហ៊ុន​ហង្សមាស និង​សមាគម​ឧត្តមគតិ​កូន​ខ្មែរ​ដែល​បាន​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​បង្ហោះ​តាម​ហ្វេសប៊ុក និង​បាន​ទៅ​ស្វែងរក​ក្មេងស្រី​នេះ​ដល់​លំនៅឋាន​កន្លង​មក​នោះ​បាន​ឲ្យ​ដឹង​ពី​ផល​លំបាក និង​ការ​ខកបំណង​របស់​ក្មេងស្រី​ទាំង​ ២ ដែល​សុទ្ធតែ​រៀន​ពូកែ ហើយ​បាន​និទ្ទេស​ A ពី​ប្រឡង​បាក់​ឌុប​ដូចគ្នា​រៀន​នៅ​វិទ្យាល័យ ១០ មករា-១៩៧៩ ខេត្ត​សៀមរាប​។

លោក​ លី ស៊ីនហួន បង្ហើប​ថា​៖ «​ចាប់​តាំងពី​ឪពុក​ពួក​ប្អូនស្រី​ទទួល​មរណភាព​ទៅ​ប្អូនស្រី​ទាំង​ ២ ហាក់​ដូច​ខកបំណង​ដែល​ជា​ក្តីសង្ឃឹម​ចង់​បន្ត​ការសិក្សា​ថ្នាក់​មហាវិទ្យាល័យ​នៅ​ភ្នំពេញ​។ ប្អូនស្រី​បង​ឈ្មោះ ដៀប សុធារី ដែល​បាន​និទ្ទេស A ជាប់​បាក់​ឌុប​ឆ្នាំ​ ២០១៦ នោះ​កាលពី​មុន​មាន​ក្តីស្រមៃ​ចង់​រៀន​មហាវិទ្យាល័យ តែ​ឥឡូវ​នេះ​បាន​សម្រេច​ចិត្ត​ចូលរៀន​វគ្គ​បណ្តុះបណ្តាល​គ្រូមធ្យម​នៅ​គរុកោសល្យ​ភូមិភាគ​ខេត្ត​បាត់ដំបង​។ ចំណែក​ប្អូនស្រី ដៀប ស្រីនិច ដែល​ទើប​តែ​ចប់​បាក់​ឌុប​ឆ្នាំ​ ២០១៨ ក៏​បាន​និទ្ទេស A ដែរ​នោះ​នៅ​ពុំទាន់​សម្រេចចិត្ត​យ៉ាង​ណា​ឡើយ ទំនង​ជា​ប្អូន​អាច​សម្រេច​តាម​បងស្រី ហើយ​ពួកគេ​ក៏​នឹង​ត្រូវ​រើ​លំនៅ​មក​រស់នៅ​តំបន់​ក្បែរ​សាលារៀន​វគ្គ​គ្រូ​ផង​ដែរ នាពេល​ឆាប់ៗ​នេះ​»៕