ភ្នំពេញៈ គ្រាន់តែ​ផុត​កុងត្រា​ជា​តារាចម្រៀង​នៃ​ទ្រនំ​ចាស់​ហង្សមាស ហើយ​នៅ​មិន​ទាន់​រក​ទ្រនំ​ថ្មី​ផង​នោះ ស្រាប់តែ​តារាចម្រៀង​ស្រី​កំពុង​តែ​ផុស​ភាព​ល្បី​តាម​បណ្តាញ​យូធូប​ក្នុង​នាម​ជា​តារាចម្រៀង​ឯករាជ្យ​កញ្ញា បាន មុន្នីល័ក្ខ បាន​ប្រកាស​ប្រាប់​មិន​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​មិន​ល្អ​ចំពោះ​គណនី​ហ្វេសប៊ុក​របស់​នាង​ដែល​ត្រូវ​បាន​គេ​បន្លំ​ឈ្មោះ​នាពេល​ថ្មីៗ​នេះ​។

តារាចម្រៀង​ស្រី​រូប​ស្រស់​សោភា កញ្ញា បាន មុន្នីល័ក្ខ អតីត​ជា​បេក្ខនារី​ប្រកួត​នៅក្នុង​កម្មវិធី «The Voice Cambodia» រដូវកាល​ទី​ ១ ត្រូវ​ទស្សនិកជន​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​នាង​មាន​ប្រជាប្រិយ​ភាពខ្លាំង និង​មាន​វត្តមាន​ច្រៀង​ស្ទើរតែ​គ្រប់​កម្មវិធី​សិល្បៈ​ទាំង​តូច​ទាំង​ធំ​តែ​ម្តង​។

ចាប់តាំងពី​ចាកចេញ​ពី​ទ្រនំ​ហង្សមាស​មក​ធ្វើ​ជា​តារា​ឯករាជ្យ​មក​កញ្ញា បាន មុន្នីល័ក្ខ ក៏​តែងតែ​បាន​បញ្ចេញ​នូវ​បទ​ថ្មី​ជា​បន្តបន្ទាប់ និង​ទទួល​បាន​ការគាំទ្រ​ច្រើន​ពី​ទស្សនិកជន​ក៏​មិន​ចាញ់​កាល​នៅ​ទ្រនំ​ចាស់​ដែរ​។ ស្រប​ពេល​កំពុង​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​នេះ​ក៏​ស្រាប់​តែ​មាន​ជនទុច្ចរិត​បាន​បង្កើត​គណនី​ហ្វេសប៊ុក​ក្លែងក្លាយ​បន្លំ​យក​ឈ្មោះ​កញ្ញា បាន មុន្នីល័ក្ខ ក្នុង​គោលបំណង​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ជាដើម​។ ដោយសារ​ខ្លាច​ជនខិលខូច​យក​ហ្វេសប៊ុក​មាន​ឈ្មោះ​នាង​ទៅ​ប្រព្រឹត្ត​រឿង​ណា​មិនល្អ ឬ​បង្ក​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ខ្លួន​នោះ​ទើប​កញ្ញា បាន មុន្នីល័ក្ខ ចេញ​សារ​ប្រកាស​ជា​មុន​ពី​ការមិន​ទទួល​ខុសត្រូវ​លើ​គណនី​ហ្វេសប៊ុក​ក្លែងក្លាយ និង​ប្រាប់​គណនី​ហ្វេសប៊ុក​ពិត​របស់​ខ្លួន​ដល់​អ្នកគាំទ្រ​ភ្លាមៗ​ដែរ​។

ការ​ក្លែងបន្លំ​គណនី​ហ្វេសប៊ុក​របស់​កញ្ញា​បាន​កើតឡើង​តាំងពី​ពេលណា ហើយ​មាន​បង្ក​បញ្ហា​អ្វីខ្លះ​ឬ​នៅ និង​មាន​វិធានការ​យ៉ាងណា​ចំពោះ​ជន​ក្លែងបន្លំ​នោះ​កញ្ញា បាន មុន្នីល័ក្ខ មិន​ទាន់​បាន​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ដោយសារ​នាង​ជាប់​រវល់​ប្រជុំ ខណៈ​ភ្នំពេញ​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​កាន់​ប្រព័ន្ធ​ទូរស័ព្ទ​នាង បែរ​ជា​ត្រូវ​បងស្រី​នាង​លើក​ទទួល​ជំនួស​កាលពី​ល្ងាច​ម្សិលមិញ​។ ស្ត្រី​ជា​បងស្រី​របស់ មុន្នីល័ក្ខ ឆ្លើយ​ថា​៖ «​ពេលនេះ អាល័ក្ខ កំពុង​តែ​ប្រជុំ ហើយ​ចាំ​ចប់​ប្រជុំ ខ្ញុំ​នឹង​ប្រាប់​គាត់​ឲ្យ​តេ​ទៅ​វិញ​»​។

តែ​កញ្ញា បាន មុន្នីល័ក្ខ បង្ហើរ​សារ​បញ្ជាក់​ថា​៖ «​នាង​ខ្ញុំ បាន មុន្នីល័ក្ខ ជម្រាប​ពុក​ម៉ែ​បងប្អូន​ និង​មិត្តភក្តិ​ក្នុង​ Facebook ដែល​គាំទ្រ​នាង​ខ្ញុំ​បាន​ជ្រាប​ថា បច្ចុប្បន្ន​នេះ​នាង​ខ្ញុំ​មាន​តែ Account fb : Ban Monyleak និង Page Fb ឈ្មោះ Ban Monyleak-we តែ​ប៉ុណ្ណោះ​ជា​ផ្លូវការ​។ ចំពោះ Page FB ឈ្មោះ Ban-Monylek ខាង​ក្រោម​នេះ​ជា​ Page ក្លែងក្លាយ​»៕