ក្រុងបាងកក៖ ដំរីជាង ១៦០ ក្បាលបានដើរក្បួនព្យុហយាត្រាកាត់ដងវិថីនៅខេត្ដស៊ូរីន ភាគឦសានប្រទេស ថៃ នាចុងសប្ដាហ៍មុន ដែលមានងារជាទីក្រុងដំរី និងបានរីករាយជាមួយអាហារផ្លែឈើដ៏សម្បូរបែបនៅមុនពិធីបុណ្យជំនួបដំរីខេត្ដស៊ូរីន នាចុងសប្ដាហ៍នេះ។
មនុស្សរាប់ម៉ឺននាក់នឹងបង្ហាញវត្ដមានក្នុងឱកាសនៃពិធីបុណ្យឆ្នាំ ២០១៩ ដែលជឿថា ជាព្រឹត្ដិការណ៍ដ៏ធំបំផុតក្នុងពិភពលោក។ ដឹកនាំក្បួនព្យុហយាត្រាហ្វូងដំរី ដំរីភ្លោះ ១ គូ ឈ្មោះ តុង ខាម និងតុង តាង។
ប្រពៃណីបង្ហាញរបាំដំរីបានផ្ដល់ការកម្សាន្ដដល់មនុស្សម្នាឈរត្រសងតាមដងវិថីឆ្ពោះទៅកាន់វិមានប្រាយ៉ា ស៊ូរីន ផាកឌី។ បន្ទាប់មក ហ្វូងដំរីនាំគ្នាស៊ីផ្លែឈើ ៥០ តោន ដែលតម្រៀបលើផ្លូវប្រវែង ៤០០ ម៉ែត្រ។
បុណ្យជំនួបដំរីខេត្ដស៊ូរីន ត្រូវបានប្រារឰឡើងស្ដីពីទំនាក់ទំនងរវាងមនុស្ស និងដំរីនៅខេត្ដភាគឦសាន តាំងពីឆ្នាំ ១៩៦២។ វាជាជម្រកជនជាតិដើមភាគតិចគួយ ដែលស្គាល់ជាកុលសម្ព័ន្ធមានចាប់ និងបង្វឹកដំរី ខេត្ដនេះមានឈ្មោះល្បីលើជំនាញផ្សាំងដំរីតាំងពីសម័យអាយុធ្យា។
ដំរីជាង ១៦០ ក្បាល បានបង្ហាញការសម្ដែងក្នុងព្រឹត្ដិការណ៍បុណ្យជំនួបដំរីនាចុងសប្ដាហ៍ ជាមួយអ្នកសម្ដែងជាង ១ ពាន់នាក់ នៅកីឡដ្ឋាន Surin Elephant Show Stadium។
កម្មវិធីដ៏ធំសម្បើមនាឆ្នាំនេះ ត្រូវបានបែងចែកជាការសម្ដែង ៤ ដោយមានការបង្ហាញពីការរស់នៅរបស់ហ្មដំរី និងតួនាទីសំខាន់របស់ដំរីក្នុងប្រវត្ដិសាស្ដ្រថៃ។ ស្ថិតនៅចម្ងាយប្រមាណ ៤៥៧ គីឡូម៉ែត្រភាគអាគ្នេយ៍ក្រុងបាងកក ខេត្ដស៊ូរីន ជាប់ងារជាដែនដីដំរីតាំងពីសម័យអាយុធ្យា។ ខេត្ដនេះជាផ្ទះរបស់ជនជាតិដើមភាគតិចគួយ។
យោងតាមនិទានកថា ភូមិ ជាមេកុលសម្ព័ន្ធគួយ បានជួយទាក់ដំរីរាជាពណ៌ស ដែលរស់ពីអាយុធ្យាទៅកាន់ភាគឦសាន។ ស្ដេចរាមាទី ១ បានផ្ដល់រង្វាន់នូវងារជាច្រើន រួមទាំង អភិបាលខេត្ដផងដែរ។
បច្ចុប្បន្ន ជនជាតិដើមភាគតិចគួយ ជាសហគមន៍កសិកម្ម តែពួកគេបន្ដចិញ្ចឹមដំរី។ ពេលបុណ្យជំនួបដំរីរាល់ឆ្នាំ ដំរីជាច្រើនមកពីភូមិបានក្លាង ក៏មកចូលរួមផងដែរ៕ AFP/HR