ភ្នំពេញៈ សព​កូន​ស្រី​​​​វ័យ​ ១៧ ឆ្នាំ របស់​អតី​ត​តារា​កំប្លែង និង​ចម្រៀង​អ្នកនាង ស៊ុន ណារីម៉ូនីកា​ នឹង​​ត្រូវ​បូជា​​នៅ​វេលា​ម៉ោង ១ រ​សៀល​នៃ​ថ្ងៃនេះ​តែ​ម្តង​ នៅ​​​វត្ត​ញាងរង្សី​ ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​​ឬស្សី​​កែវ រាជធានី​ភ្នំពេញ។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​ពី​ក្រុម​សាច់​ញាតិ​នៃ​សព​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​មាន​គណនី​ឈ្មោះ Van Nidin បាន​សរ​សេរ​បង្ហោះ​ប្រាប់​ថា៖ «សូម​អញ្ជើញ​ ញាតិ​មិត្ត​ជិត​ឆ្ងាយ​នៃ​សព​មក​ចូល​រួម​ពិធី​បុណ្យ​សព​នៅ​វត្ត​ញាណ​រង្សី។ សព​នឹង​ត្រូវ​បូជា​នៅ​វេលា​ម៉ោង ១ រសៀល ថ្ងៃ​​ទី​១២ ខែ មេសា ឆ្នាំ​២០១៨​នេះ»។

គេ​សង្កេត​ឃើញថា ​មាន​ភាព​ស្ងាត់​ជ្រងំតែ​ម្តង គឺ​មិន​សូវ​​ជា​​មាន​ក្រុម​មិត្ត​​​អ្នក​​សិល្បៈ​​ទៅ​ចូល​​រួមបុណ្យ​កូន​ស្រី​ ជា​ទីស្រឡាញ់​របស់​អតីត​តារា​កំប្លែង​ស្រី​អ្នក​នាង ស៊ុន ណា​រីម៉ូនីកា នោះ​ឡើយ អាច​បណ្តាល​មក​ពី​ពេល​វេលា​ ​ដ៏​មមាញឹក​របស់​ក្រុម​អ្នក​សិល្បៈ​ត្រូវ​រវល់​នឹង​ការ​ងារ​រៀងៗ​ខ្លួ​ននៅ​តាម​ខេត្ត​នានា​។

ជាក់​ស្តែង​នោះ​ គេ​ឃើញ​មាន​តែ​ក្រុម​សាច់​ញាតិ​​គ្រួសារ​នៃ​សពតែ​ប៉ុណ្ណោះ​ ចាប់​តាំង​ពីពេល​យុវតី​ជា​កូន​ស្រីរបស់​ អ្នក​នាង ស៊ុន ណា​រីម៉ូ​នី​កា ​មាន​អាការ​ឈឺ​ធ្ងន់​នៅ​មន្ទីរ​ពេទ្យព្រះ​កេតុមាលា តាំង​ពី​ថ្ងៃ​ទី ​១០ ខែ​ មេសា ឆ្នាំ ២០១៨ កន្លង​មក​ម្ល៉េះ។

យុវតី​ដែល​ទើប​តែ​មាន​វ័យ​ត្រឹម​តែ​ ១៧ ឆ្នាំ និង​ត្រូវ​ជា​កូន​ស្រី​អតីត​តារា​កំប្លែង​ស្រី​​អ្នក​នាង ស៊ុន ណា​រីម៉ូ​នីកា នេះ​មាន​ជំងឺ​ច្រើន​មុខ​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ម្តាយ​បង្កើត​តាម​ហ្វ៊េសបុក​ពេល​នាំ​កូន​ចូល​មន្ទីរ​ពេទ្យ​នោះ​​ថា៖ «កូនអីក៏អាយុខ្លីម្លេះ​ទើបតែ​១៦ ជិតចូល ​១៧ ឆ្នាំ​កូន​ទៅ​​ចោលម៉ាក់ និង​បងប្អូន​ទាំងអស់គ្នា​ហើយ​កូន​អី​ក៏​ចិត្ត​ដាច់​ម្ល៉េះ​នៀក? ​ហ៊ឺម! ​ឈឺ​ច្រើន​មុខណាស់​ទឹក​ក្នុង​ខួរ​ក្បាល​ទឹក​ចូល​សួត​ហើយ​ក្រពះ​ទៀត​។ ម៉ាក់​សូម​ឲ្យ​កូនឆាប់​ដឹង​ខ្លួន​វិញ​មក​បង​ប្អូន​ទាំង​អស់​កំ​ពុង​តែ​រង់ចាំ​កូ​នណា!» កាល​ពី​ម្សិល​មិញ។

​គេ​ក៏​ឃើញ​សារ​ចូល​រួម​​​សោក​​ស្តាយ និង​ប្រាប់​ពី​​ការ​រវល់​របស់​ក្រុម​អ្នក​សិល្បៈនានា ​ចេញ​ពី​ហ្វេសប៊ុក​របស់​​​​អ្នក​នាង ច​ន ច័ន្ទ​​លក្ខិណា ប្រធាន​សមា​គម​​​អ្នក​សិល្បៈបាន​បង្ហើរ​សារ​ថា៖ «ព្រះ​អើយ​បង​ស្រី! ម៉េច បាន​ផ្ទួនៗ​យ៉ាងនេះ ហើយ​ពេល​នេះ​អ្នក​សិល្បៈ​នៅ​ខេត្ត​​គ្រប់​គ្នា​ លោក​អើយ​លោក!»៕​