ភ្នំពេញ៖ ពិត​ជា​រឿង​មួយ​ដ៏​កម្រ និង​​គួរ​ឲ្យ​កោត​សរសើរ​ ខណៈ​​យុវជន​ខ្មែរ​សម័យ​ទំនើប​ម្នាក់​វ័យ​ប្រហែល ២១-២២ ឆ្នាំ កំពុង​​តែ​រៀន​នៅ​សាកល​​​វិទ្យាល័យ​ ឡៅ ស៊ុនងួន សម្រេច​​ជូន​​ខ្សែ​អាត់​សំឡេង​​​ដ៏​កម្រ ​មួយ​​មាន​រយៈពេល ​៣៩ នាទី​ ថត​នា​​ទសវត្សរ៍​ទី ​៦០ ដែល​​​ជា​សូរ​​សៀង​ច្រៀង​ ដោយ​អតីត​តារា​ចម្រៀង​ មាន​រហស្សនាម​អធិរាជ​សំឡេង​មាស ​លោក​តា ស៊ីន ស៊ីសាមុត មក​ប្រគល់​ឲ្យ​​​​​មជ្ឈមណ្ឌល​បុប្ផាណា ដើម្បី​រក្សា​ទុក​ជា​ឯកសារ​សំឡេង។​

លោក ជា សុភាព ​ជា​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​បុប្ផាណា ​​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​​ក្តី​​សោមនស្ស​ ដែល​ឃើញ​យុវជន​​​​ខ្មែរ​រូប​នេះ ​បាន​នឹក​ឃើញ​យក​​​ខ្សែ​អាត់​សំឡេង​ដ៏​កម្រ​មួយ​​​របស់​តារា​ចម្រៀង​ខ្មែរ​ដ៏​​ល្បីល្បាញ​​នាសម័យ​កាល​​ទសវត្សរ៍​ទី ​៦០​-៧០​ លោក​តា ស៊ីន ស៊ីសាមុត ដែល​​ច្រៀង​​រៀបរាប់​ពី​សាច់​រឿង​ «រាមកេរ្តិ៍» នោះ​​​ថា​៖ «ខ្ញុំ​សប្បាយ​​​ចិត្ត​ខ្លាំង និង​​សុំ​កោត​​សរសើរ​ពី​ទឹក​ចិត្ត​របស់​​ប្អូន​ប្រុស ឡៅ ស៊ុនងួន បាន​​​យក​ខ្សែ​សំឡេង​ប្រភេទ​ឌីជីថល ដែល​មាន​រយៈពេល ៣៩ នាទី ខណៈ​ខ្សែ​អាត់​នេះ​គាត់​បាន​ទិញ​មក​ស្តាប់​កាល​ពី​ពេល​​កន្លង​មក​។ គាត់​ថា ពេល​ស្តាប់​​ហើយ គាត់​យល់​ថា ខ្សែ​អាត់​​​សំឡេង​ច្រៀង​រៀប​រាប់​សាច់​រឿង​​ក្នុង​អក្សរ​សិល្ប៍​ខ្មែរ​រឿង​រាមកេរ្តិ៍​នេះ ពិត​ជា​​មាន​សារៈ​សំខាន់ ​ដល់​ការ​សិក្សា​​ស្រាវជ្រាវ​​អ្នក​ជំនាន់​ក្រោយ ហើយ​​វា​ជា​សំឡេង​មាន​ភាព​កម្រ​មួយ​ ដែល​មហាជន​ខ្មែរ​​គ្រប់​ស្រទាប់​ សឹង​តែ​មិន​ដែល​បាន​​​​ស្តាប់​​​ ហើយ​គាត់​ធ្លាប់​ស្គាល់​​មជ្ឈមណ្ឌល​យើង ដូច្នេះ​គាត់​​ក៏​សម្រេច​ចិត្ត​យក​មក​ប្រគល់​ជូន​ឲ្យ​យើង​ ដើម្បី​រក្សា​ទុក​ជា​​បណ្ណសារ​សំឡេង»។​

យុវជន ឡៅ ស៊ុនងួន (ឆ្វេង) ជូន​ខ្សែអាត់សំឡេង​​លោក ស៊ីន ស៊ីសាមុត ចម្រៀង​រឿង «រាមកេរ្តិ៍»។ សហ​ការី

លោក ជា សុភាព ក៏​បន្ត​​ថា​៖ «​សូម​កោត​សរសើរ និង​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​យុវជន​ ឡៅ ស៊ុនងួន​ ដែល​​​បាន​ធ្វើ​អំណោយ​ជា​បណ្ណសារ​​​រឿង «រាមកេរ្ដិ៍» ដែល​ច្រៀង​រៀបរាប់​សាច់​រឿង​ដោយ​លោក ស៊ីន ស៊ីសាមុត ដល់​មជ្ឈមណ្ឌល​​បុប្ផាណា ដើម្បី​ថែរក្សា និង​តម្កល់​ទុក សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នក​សិក្សា​ស្រាវជ្រាវ​ជំនាន់​ក្រោយ​​​បាន​សិក្សា​។ នេះ​ជា​បណ្ណសារ​ដ៏​កម្រ​​មួយ ប្រហែល​ជា​ថត​នៅ​អំឡុង​​ទសវត្សរ៍​ឆ្នាំ ​១៩៦០ ​ហើយ​​​ដែល​មនុស្ស​ភាគ​​ច្រើន​កម្រ​​បាន​ជួប​ប្រទះ​ណាស់។ សំឡេង​ដ៏​សែន​ពី​រោះ​របស់​​លោក ស៊ីន ស៊ីសាមុត​ ច្រៀង​​លើក​​​​ដាក់​​តាម​សាច់​រឿង ​ប្រើ​​បច្ចេកទេស​យ៉ាង​ចំណាន ​អម​​ដោយ​​តន្រ្ដី​បុរាណ ​គឺ​ហាក់​ឆក់​បេះដូង​អ្នក​ស្ដាប់​ឲ្យ​ជក់​ចិត្ត​ និង​​​តាម​ដាន​ស្ដាប់​​ពី​ដើម​រហូត​ដល់​ចប់​នោះ»៕ ​