ភ្នំពេញ៖ ក្រោយ​​​ពី​ការ​បញ្ចាំង​ភាពយន្ត​ឯកសារ​​ ១០ ​រឿង ដែល​អាច​ឲ្យ​ទស្សនា​តាម​​អនឡាញ​បាន​​​ចប់​មក​​ ​​កាល​​​ពី​ល្ងាច​​​​​​ថ្ងៃ​សៅរ៍​ទី ​១៨ ខែ​មេសា ឆ្នាំ ​២០២០​ នៅ​មជ្ឈមណ្ឌល​​បុប្ផាណា បាន​សាកល្បង​ប្រើប្រាស់​កម្មវិធី​បច្ចេកវិទ្យា​ទំនាក់ទំនង​​បណ្តាញ​​​សង្គម​​​មួយ​​ឈ្មោះ​​ Zoom​ ដែល​​អាច​ឲ្យ​ទស្សនិកជន​​ និង​ផលិតករ​អាច​ពិភាក្សា​គ្នា​ ឬ​សំណេះសំណាល​​​ចោទ​​ជា​សំណួរ និង​ចម្លើយ ​បាន​ពី​ចម្ងាយ​ ឬ​ពី​ផ្ទះ​ នៅ​ក្នុង​កាលៈ​ទេសៈ​​ទាំង​អស់​គ្នា​​សំងំ​​នៅ​ក្នុង​​​ផ្ទះ​ មិន​​អាច​​ចេញ​​​​​​​ក្រៅ​ជួប​ជុំ​គ្នា​​បាន​ដូច​​​ជា​កាល​​ពី​​មុន​ ដែល​មិន​ទាន់​មាន​វិបត្តិ​កូវីដ​​ ១៩​​ នោះ។​​​

នេះ​គឺ​ជា​ការ​ត្រឡប់​មក​សា​ជា​ថ្មី​ម្ដង​ទៀត​សម្រាប់​ចុង​សប្ដាហ៍ ដោយ​មាន​នាំ​យក​​នូវ​ចំណី​​​ចក្ខុ​ថ្មី​ កម្រង​​ភាពយន្ត​ឯកសារ​ខ្លីៗ​ចំនួន ១០ ​ដែល​បាន​​រំលេច​ពី​បញ្ហា​ ដែល​យើង​កំពុង​ជួប​​ប្រទះ​មាន​ដូចជា​ ប្រវតិ្តសាស្ត្រ បេតិកភណ្ឌ​ សិល្បៈ និង​​​​បរិស្ថាន ផលិត​ដោយ​​ក្រុម​ផលិតករ​វ័យ​ក្មេង​នៃ​​គម្រោង​ ឈ្មោះ «មួយ​ដុល្លារ»​ របស់​មជ្ឈមណ្ឌល​​បុប្ផាណា។ ​

លោក ជា សុភាព ដែល​​ជា​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​បុប្ផាណា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​​ភាពយន្ត​​​​​​ឯកសារ​​​ចំនួន ១០ រឿង​ ដែល​​​បាន​​ចាក់​បញ្ចាំង​​​ជូន​​ទស្សនា​​នោះ យើង​ក៏​​សាកល្បង​​​ប្រើ​កម្មវិធី​ Zoom​ ​​ដើម្បី​ផ្តល់​​ការ​ជជែក​គ្នា​រវាង​ទស្សនិកជន និង​​ផលិតករ​​ ឲ្យ​ចូលរួម​ជាមួយ​​​ពួក​យើង​។

នេះ​ជា​លើក​​ដំបូង នៃ​​​កិច្ច​ពិភាក្សា​គ្នា​រវាង​ទស្ស​និកជន និង​ផលិតករ​​ អាច​ឃើញ​គ្នា​​​ពី​ចម្ងាយ​​​​តាម​បណ្តាញ​ទំនាក់ទំនង​​នេះ​។ ដោយ​យើង​មាន​ការ​​ចូល​រួម​ពី​ផលិតករ​ខ្លះ​ មិន​បាន​​​គ្រប់​ចំនួន​ ១០ រូប​​នោះ​ឡើយ​។ ​កម្មវិធី​នេះ​ គឺ​អាច​ភ្ជាប់​ទំនាក់​​ទំនង​នៃ​​ការ​​ចោទ​ជា​សំណួរ​​ទៅ​កាន់​ពួក​គាត់​​​បាន​​តាមរយៈ​ការ​​​ផ្សាយ​ផ្ទាល់​​នៃ​​កម្មវិធី​​​តែ​ម្តង ខណៈ​រយៈ​​​​​ពេល​ប្រើ​មាន​​ត្រឹម ៤៥ នាទី​​តែ​ប៉ុណ្ណោះ ដោយសារ​យើង​​​ស្ថិត​នៅ​ក្នុង​​កាលៈទេសៈ​​សាកល្បង​​ប្រើ​ឥត​គិត​ថ្លៃ»​​។

នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​​​បុប្ផាណា លោក​ ជា សុភាព ​ក៏​លើក​ឡើង​ពី​ផល​លំបាក​នៃ​ចង្វាក់​ផលិតកម្ម និង​គម្រោង​នានា​របស់​ខ្លួន​​ផង​ដែរ ​ក្នុង​គ្រា​មាន​វិបត្តិ​ដោយសារ​ការ​រីក​​រាល​ដាល​នៃ​ជំងឺ​កូវីដ ១៩​ នេះ​​​ថា៖ «ដោយសារ​យើង​មិន​​អាច​ជួប​ជុំ​គ្នា​ដូចជា កាល​ពី​​​មុន​បាន ហើយរឹង​​រឹត​តែ​មិន​អាច​​ចេញ​ក្រៅ​ដើម្បី​ទៅ​ថត​យក​​​​សកម្មភាព​នានា​​ តាម​សាច់​រឿង​ដែល​ផលិត​កុន​ឯកសារ​​របស់​ផលិតករ​យើង​នោះ​ ទើប​​សាក​ល្បង​ប្រើ​កម្មវិធី​ណា​ ​​អាច​​មាន​សកម្មភាព​ខ្លះ​ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​​​​​យើង​នេះ។ ​​​​ភាពយន្ត​​​ទាំង​ ១០ រឿង ​នេះ​ ​ជា​សមិទ្ធផល​នៃ​គម្រោង​ទី ​១​ ​​របស់​​​បុប្ផាណា មាន​ឈ្មោះ​ថា «មួយ​ដុល្លារ»​ ដែល​​​​បណ្តុះបណ្តាល​​យុវជន​នៅ​​តាម​​សហគមន៍​ឲ្យ​ចេះ​ថត​ភាពយន្ត​​ឯកសារ​​​​ផ្ទាល់​​ខ្លួន​បង្ហាញ​ឲ្យ​ទស្សនិកជន​ ​បាន​​ទស្សនា និង​យល់​ដឹង​ ហើយ​​​ក៏​ជា​ទុន​សម្រាប់​ការ​ប្រែ​ក្លាយ​​ខ្លួន​ជា​ផលិតករ​​នា​ពេល​​អនាគត​ដែរ​ ហើយ​គម្រោង «មួយ​​​ដុល្លារ»​ នេះ យើង​បាន​កំណត់​ឲ្យ​យុវជន​ថត​ពី​សកម្មភាព​​រស់នៅ​​របស់​ពល​រដ្ឋ​ខ្មែរ​ នៅ​ក្នុង​​​រយៈពេល​​ ១ ថ្ងៃ ថា​ តើ​ពួក​គាត់​មាន​ការ​​រស់​រាន​​​បែប​ណា ​ឬ​ប្រកប​របរ​​ចិញ្ចឹម​ជីវិត​ខ្លួន​បែប​​ណា ខណៈ​នេះ​​ គឺ​ជា​​ឱកាស​ឲ្យ​ផលិតករ​​ ចេះ​​​តាម​ដាន​​​មើល​អំពី​​បញ្ហា​សង្គម​ពី​ចំណុច​​តូចៗ​ទៅ​»៕​