ក្រុងហ្សាការតា៖ បុរស​កាណាដា​ម្នាក់​ត្រូវបាន​បណ្ដេញ​ចេញ​ពី​ដែន​កោះ​បាលី​ ចំពោះ​ការបើក​បង្ហាត់​យោ​គៈ «កាម​តម្រេក» ក្រោយពី​អាជ្ញាធរ​ឥណ្ឌូនេស៊ី បានឱ្យ​ដឹងថា​បុរស​រូបនេះ​មិន​គោរព​ប្រពៃណី និង​តម្លៃ​អ្នកស្រុក។

លោក​ គ្រី ស្ដូហ្វើរគីន ម៉ារទីន ត្រូវបាន​បណ្ដេញ​ចេញពី​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃអាទិត្យ​ក្រោយពី​លោក​បាន​ផ្សព្វផ្សាយ​តាម​អនឡាញ​នូវ​ថ្នាក់រៀន «ការសម្រេច​កាម​ពេញ​រាងកាយ​តាម​ប្រពៃណី​តាន់ទ្រីក» ក្នុង​តម្លៃ ២៤ ដុល្លារ។ ការផ្សព្វផ្សាយ​សេវាកម្ម​នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​ឥណ្ឌូនេស៊ី ដែល​រំខាន​ដល់​ក្រុម​អ្នក​អភិរក្សនិយម។

អភិបាលក្រុង​បាលី​អាយវ៉ាយ៉ាន់កូស្ទ័រ​បានឱ្យដឹង​កាលពី​ថ្ងៃអាទិត្យ​ក្នុង​សន្និសីទ​ខ្លី​មួយ ដោយ​លោក​ ម៉ារទីន ​អង្គុយ​ក្បែរ​មន្ដ្រី​អន្ដោប្រវេសន៍​ថា៖ «សកម្មភាព​នេះ​បង្ក​ការប៉ះពាល់​ដល់​កេរ្ដិ៍ឈ្មោះ​ប្រទេស​ឥណ្ឌូនេស៊ី​ និង​កោះ​បាលី​ជា​គោលដៅ​ទេសចរណ៍​ល្បីល្បាញ និង​មិនបាន​គោរព​ដល់​ប្រពៃណី​កោះ​បាលី​ផងដែរ»។

លោក​អភិបាល​បាន​បន្ដថា៖ «បើ​លោក​ឯង​ចង់​មក​ទីនេះ​ម្ដងទៀត​ លោក​ត្រូវគោរព​ដល់​ប្រពៃណី​ទំនៀមទម្លាប់​កោះ​បាលី​នេះ​ផង»។

យោងតាម​មន្ដ្រី​អន្ដោប្រវេសន៍​បានឱ្យ​ដឹងថា​លោក​ ម៉ារទីន ​បាន​ប្រកែក​ថា​ថ្នាក់រៀន​យោគៈ​នេះ​មិន​ទាក់ទង​នឹង​សកម្មភាព​សិច និង​ផ្ដោត​ចម្បង​លើ​តិចនិក​ដង្ហើម​ប៉ុណ្ណោះ។

ថ្នាក់រៀន​យោគៈ​ដ៏ចម្រូងចម្រាស​នេះ​ត្រូវ​បាន​លុបចោល​ក្រោយ​មាន​ការរិះគន់​ច្រើន។

កោះ​បាលី​ជា​ដែនដី​ប្រកាន់​លទ្ធិ​ព្រហ្មញ្ញសាសនា​ភាគច្រើន​បាន​បណ្ដេញ​ជនបរទេស​ជាច្រើន​នាក់​ពី​បទ​មិន​គោរព​ទីឋាន​ពិសិដ្ឋ ឬ​មិន​គោរព​តាម​វិធានការ​រឹតបន្តឹង​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវីដ។

កាលពី​ឆ្នាំមុន​អ្នកលេង​យោគៈ​ស៊ីរី​ម្នាក់​ត្រូវបាន​បណ្ដេញ​ពី​កោះ​បាលី​ចំពោះ​ការប្រមូលផ្ដុំ​គ្នាច្រើន ដែល​បំពាន​នឹង​ការទប់ស្កាត់​ការរីករាលដាល​វីរុស​កូរ៉ូណា​៕ HR

ក្នុង​សន្និសីទ​ខ្លី​មួយ ដោយ​លោក ​ម៉ារទីន ​អង្គុយ​ក្បែរ​មន្ដ្រី​អន្ដោប្រវេសន៍​មុននឹង​ត្រូវ​បណ្ដេញចេញ។ AFP

ក្នុង​សន្និសីទ​ខ្លី​មួយ​ដោយ​លោក​ ម៉ារទីន ​អង្គុយ​ក្បែរ​មន្ដ្រី​អន្ដោប្រវេសន៍​មុននឹង​ត្រូវ​បណ្ដេញចេញ។ AFP