ក្រុង​តូរ៉ុនតូ: ដោយ​ចាត់​ទុក​ខ្លួន​ឯង​ជា​អ្នក​វិទ្យា​សាស្ដ្រ​ខុស​ប្រក្រតី​ បុរស​កាណាដាម្នាក់សម្រេច​រស់​នៅ​​ក្នុង​តង់​ប្លាស្ទីក​ហប់​ខ្យល់​ដ៏តូច​មួយ​ជាមួយ​រុក្ខជាតិ​ ២០០ ដើម​ដើម្បី​អង្កេត​មើល​ថា តើ​ដើម​ឈើ​ទាំង​នោះ​អាច​បំលែង​កាបោនអុកស៊ីដ​ទៅ​ជា​អុកស៊ីសែន​គ្រប់​គ្រាន់​ឲ្យ​លោក​រស់​បាន ​ឬ​អត់​។

លោក ឃឺទីស បោត បាន​ឃុំ​ខ្លួន​ឯង​ក្នុង​តង់​រុក្ខសាស្ដ្រ​រុំ​ប្លាស្ទីក​ ៣ x ៣ ម៉ែត្រ​នៅ​ទីធ្លារ​ផ្ទះ​បង​ប្អូន​ក្នុង​ខេត្ដ​ប្រ៊ីធីស កូឡុំប៊ី ប្រទេស​កាណាដា កាល​ពី​សប្ដាហ៍​មុន តែ​លោក​បាន​ប្រកាស​គម្រោង​ដ៏​ក្លៀវ​ក្លា​របស់​ខ្លួន​ដល់​ក្រុម​អ្នក​គាំទ្រ​លើ​បណ្ដាញ​សង្គម​យូរធូប កាល​ពី​ខែ​សីហា​។

លោក​រំពឹង​ថា​នឹង​ស្វែង​យល់​ថា​ តើ​ការ​រស់​នៅ​ហ៊ុំ​ព័ទ្ធ​ដោយ​រុក្ខជាតិ ​សម្បូរ​សមាស​ធាតុ​កាបោន​អុកស៊ីដ​ដែល​លោក​ដក​ដង្ហើម​ចេញ​ចូល អាច​ត្រូវ​បាន​បំលែង​ជា​អុក​ស៊ីសែន​សម្រាប់​ស្រូប​ខ្យល់​រស់​យ៉ាង​តិច ៣ ថ្ងៃ​បាន​ ឬ​យ៉ាង​ណា​។

អកុសល លោក​ត្រូវ​បោះ​បង់​ការ​ពិសោធ​របស់​ខ្លួន​ចោល​ក្រោយ​តែ ១៥ ម៉ោង​ ខណៈ​កម្រិត​កាបោន​អុកស៊ីដ កើន​ដល់​ចំណុច​គ្រោះ​ថ្នាក់​ ដែល​លោក​អាច​ប្រឈម​ការ​ប៉ះពាល់​ដល់​ខួរ​ក្បាល​ ឬ​អាច​ធ្លាក់​ខ្លួន​ពិការ​ជា​មនុស្ស​រុក្ខជាតិ​។

លោក បោត បាន​សរសេរ​លើ​វេបសាយ​របស់​ខ្លួន​ថា​៖ «​ខ្ញុំ​អាច​រស់​ក្នុង​តង់​អត់​ខ្យល់​​រយៈ​ពេល ៣ ថ្ងៃ​។ ប៉ុន្ដែ​គោល​ដៅ​របស់​ខ្ញុំ​មិន​ត្រឹម​តែ​ដឹង​ថា «​មិន​ស្លាប់​» នោះ​ទេ​ តែ​ជា​ការ​បញ្ចប់​គម្រោង​ដោយ​មិន​ប្រែ​ក្លាយ​ជា​ពណ៌​ខៀវ​ ខូច​ខួរ​ក្បាល ហប់​ខ្យល់​ ឬ​ប៉ះពារ​ដល់​រាងកាយ​ជាដើម​»។

ប៉ុន្ដែ​លទ្ធផល​បង្ហាញ​ថា រុក្ខជាតិ​​ ២០០ ដើម​ក្នុង​តង់​ប្លាស្ទីក​ មិន​អាច​បំពេញ​នូវ​តម្រូវ​ការ​របស់​លោក​ឡើយ​។ ច្បាស់​ណាស់ មេឃា​ស្រឡះ​ល្អ​រារាំង​ដើម​ឈើ​ទាំង​នោះ​ទទួល​ពន្លឺ​ព្រះ​អាទិត្យ​ ពេល​វា​ត្រូវ​ការ​សំយោគ​ពន្លឺ​។ ដូច្នេះ វា​មិន​អាច​បំលែង​កាបោន​អុកស៊ីដ​ទៅ​ជា​អុកស៊ីសែន​គ្រប់​គ្រាន់​ឡើយ​។

លោក បាន​សរសេរ​ទៀត​ថា​៖ «​បញ្ហា​ចំពោះ​ការ​ពិសោធ​របស់​ខ្ញុំ​គឺ​ថា ការ​បរាជ័យ​របស់​ខ្ញុំ​ក្នុង​ថ្ងៃ​នេះ គ្រាន់តែ​ជា​បទពិសោធ​ដែល​មនុស្ស​ជា​ច្រើន​ជួប​ប្រទះរៀង​រាល់​ថ្ងៃ​ប៉ុណ្ណោះ​។ មនុស្ស​គ្រប់​រូប​សម​នឹង​ទទួល​ខ្យល់​អាកាស​បរិសុទ្ធ តែ​មិន​ទាំង​អស់​នោះ​ទេ​»៕ HR

ប្រភព Odditycentral.com