ក្រុងស៊ាងហៃ៖ បុរសចិនម្នាក់ឡើងបង្គោលភ្លើងហាត់កាច់ក្បាលពោះដ៏ខ្ពស់ ដែលធ្វើឱ្យអ្នកឈរមើលស្រៀវឆ្អឹងខ្នង និងបង្កឱ្យដាច់ចន្ដរអគ្គិសនីរាប់ពាន់ផ្ទះ។
People''s Daily បានរាយការណ៍ថា បុរសអត់ស្គាល់អត្ដសញ្ញាម្នាក់ ត្រូវបានប៉ូលិសនាំខ្លួនក្រោយពីធ្វើសកម្មភាពដ៏ឆ្កួតលីលាកាលពីល្ងាចថ្ងៃអាទិត្យនៅជាយក្រុងភាគនីរតីទីក្រុងឈិនឌូ។
ទីភ្នាក់ងារព័ត៌មានបានបង្ហោះវីដេអូឃ្លីបលើបណ្ដាញសង្គម Weibo ដោយបង្ហាញរូបភាពបុរសម្នាក់ឡើងបង្គោលភ្លើងកម្ពស់ ១០ ម៉ែត្រ ដើម្បីធ្វើការហាត់ប្រាណកាច់ក្បាលពោះ។
កាសែត People''s Daily បានឱ្យដឹងថា៖ «ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនីក្នុងស្រុកបានសម្រេចកាត់ផ្ដាច់ចន្ដរអគ្គិសនីបន្ទាន់ ដែលប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់ពាន់ផ្ទះសម្បែង»។
យោងតាម The Paper ក្នុងក្រុងស៊ាងហៃ បានផ្សាយថា សេវាកម្មសង្គ្រោះបន្ទាន់ រួមទាំងអង្គភាពសុខាភិបាល បាននាំគ្នាទៅដល់កន្លែងកើតហេតុ។
មិនច្បាស់មូលហេតុបានជាបុរសរូបនោះបាននឹកឃើញឡើងហាត់ប្រាណលើបង្គោល តែបណ្ដាញផ្សព្វផ្សាយរដ្ឋបានព្រមានប្រជាជនកុំប្រព្រឹត្ដិដូចបុរសរូបនេះ។
សារព័ត៌មានបានចុះផ្សាយថា៖ «ទង្វើរបស់បុរសរូបនេះពិតជាគ្រោះថ្នាក់»។
ឧប្បត្ដិហេតុនេះបានក្លាយជាប្រធានបទក្ដៅលើបណ្ដាញសង្គមចិន ដោយមានអ្នកចូលទស្សនាជាង ១,៧ លានដង។
អ្នកប្រើប្រាស់ Weibo បានឱ្យដឹងថា៖ «ពិតជារំខាន់មែន ដោយត្រូវកាត់ផ្ដាច់ភ្លើងទៀត ហើយពេលខ្ញុំឃើញព័ត៌មាននេះ និងបានដឹងការពិត ខ្ញុំមានអារម្មណ៍ជ្រេញ និងចង់តែសើច»។
អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ទៀតមិនយល់ថា វាជាទង្វើគួរឱ្យអស់សំណើចឡើយ។ រូបគេបានសរសេរថា៖ «ការកាត់ផ្ដាច់អគ្គិសនីធ្វើឱ្យខាតចំណូលយ៉ាងខ្លាំង និងអាចបង្កគ្រោះថ្នាក់ជាយថាហេតុថែមទៀត»។
ប៉ូលិសមូលដ្ឋានមិនបានផ្ដល់អត្ថាធិប្បាយជុំវិញរឿងនេះនៅឡើយទេ៕ AFP/HR