ភ្នំពេញ : ខុសប្លែក​ពី​អ្នក​លក់​បន្លែ​តាម​ផ្សារ​មាន​តូប កញ្ច្រែង កង់ ម៉ូតូ រ៉ឺម៉ក ខ្លះ​មាន​ទាំង​រថយន្ត​ដឹកជញ្ជូន​មើម​ស្លឹក​ជាច្រើន​មុខ​រូបភាព​បុរស​ម្នាក់​រែក​អំរែក​បន្លែ​មាន​តែ​ខាត់ណា និង​ខ្ញី ដើរ​លក់​នៅ​តាម​ដងផ្លូវ ថ្មីៗ​នេះ​បាន​ថ្ពក់​ចិត្ត​អាណិតអាសូរ​ពី​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​យ៉ាង​ក្រាស់ក្រែល​។

អ្វី​ដែល​រឹតតែ​ធ្វើឲ្យ​បុរស​រែក​អំ​រែក​ដើរ​លក់​បន្លែ​នោះ​ត្រូវ​បាន​ចែករំលែក​ពេញ​បណ្ដាញ​សង្គម​គឺ​នៅលើ​អាវ​ពណ៌​គគីរ​ស្ទើរ​ប្រផេះ ប្រឡាក់​ដី​ពពាល​នោះ​មាន​សំណេរ​ពាក្យពេចន៍​ដ៏ចាក់ដោត​ជាប់​នឹង​ខ្នង​អាវ​ថា «​មិន​តូច​ចិត្ត​ទេ ០១៥ ៩២០- ២៥៥ ជីវិត​ត្រូវ​តែ​តស៊ូ​»​។

បុរស​ចាស់​សម្បុរ​ស្រអែម សក់ខ្មៅ​រួញ​ទឹករលក​ដែល​រែក​បន្លែ​លក់​ក្បែរ​ផ្សារ​បឹងកេងកង​នោះ​មាន​ឈ្មោះ​ថា អៀម ថៃ អាយុ ៥៨ ឆ្នាំ​។ បុរស​ដែល​មិន​មាន​លទ្ធភាព​រៀនសូត្រ​បាន​ជ្រៅជ្រះ និង​អាស្រ័យ​របរ​តូចតាច​គ្រាន់​ចិញ្ចឹម​ជីវិត​រូប​នេះ​បាន​ឲ្យ​ដឹងថា លោក​ធ្លាប់​មាន​ប្រពន្ធ​ម្នាក់​មក​ហើយ ប៉ុន្តែ​នាង​ក៏​ស្លាប់​ទៅ​។ លោក​ទើប​តែ​មាន​ប្រពន្ធ​ម្នាក់​ទៀត​ឈ្មោះ កល្យាណ និង​មាន​កូន ១​។

គ្រួសារ​លោក​មាន​សមាជិក ៤ នាក់​រួមទាំង​ម្តាយក្មេក​ចាស់​ដែល​ទាំងអស់​គ្នា​រស់​អាស្រ័យ​នៅ​ក្រោម​ដំបូល​ផ្ទះ​ជួល​ក្នុង​ ១ ខែ ៤០ ​ដុល្លារ​ស្ថិត​នៅ​ម្តុំ​ចាក់អង្រែ​ក្រោម ។

លោក អៀម ថៃ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពី​មូលហេតុ​សុខចិត្ត​រែក​បន្លែ​លក់​ទាំង​ខ្លួន​មាន​វ័យ​ចំណាស់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​អត់​មាន​លុយ​ជួល​តូប​គេ​លក់​ទេ រក​ឲ្យ​តែ​បាន​ថ្លៃ​ជួល​ផ្ទះ​គេ និង​រស់​ពី​ ១ ​ថ្ងៃ​ទៅ​ ១ ​ថ្ងៃ​ទៅ​បាន​ហើយ​»​។

លោក អៀម ថៃ អង្គុយ​ក្បែរ​អំរែក​ខ្ញី និង​ខាត់ណា​។ហេង ជីវ័ន

អ្នក​រែក​បន្លែ​លក់​យ៉ាង​កម្សត់​នេះ​បញ្ជាក់​ថា​លោក​ត្រូវ​ទៅ​យក​បន្លែ​ពី​ក្រុង​តាខ្មៅ​ដើម្បី​យក​មក​លក់​ដោយ​ពី​មុន​មាន​ម៉ូតូ​ចាស់​ ១ ​គ្រឿង​សម្រាប់​ជិះ​ទៅ​មក​។ តែ​ឥឡូវ​ម៉ូតូ​របស់​លោក​បាន​ខូច ហើយ​គ្មាន​លទ្ធភាព​ចំណាយ​ជួសជុល​ ២០ ​ម៉ឺន​រៀល​នោះ ទើប​លោក​ត្រូវ​ធាក់​កង់​ ៣ ទៅ​ក្រុង​តាខ្មៅ និង​ដឹក​បន្លែ​យក​ទៅ​ដល់​ផ្សារ​បឹងកេងកង​សម្រាប់​ដើរ​រែក​លក់​។

បុរស​រែក​បន្លែ​បាន​បរិយាយ​ពី​ការលក់ដូរ​ថា​៖ «​ខ្ញុំ​ត្រូវ​ចេញ​ពី​ផ្ទះ​តាំងពី​ព្រឹក ដើម្បី​រៀបចំ​បន្លែ​ឲ្យ​ល្អ​មុន​នឹង​យក​ទៅ​លក់​នៅ​បឹងកេងកង ផ្សារ​អូរឫស្សី និង​កន្លែង​ផ្សេងៗ​ទៀត​រហូត​ដល់​ម៉ោង ៨-៩ យប់​ជួនកាល​អាច​ដល់ ១០ យប់​ក៏​មាន​ទើប​បាន​ទៅ​ដល់​ផ្ទះ​វិញ​»​។

បុរស​ចំណាស់​រូប​នេះ​ក៏​បាន​បង្ហើប​ដែរ​ថា លោក​ត្រូវ​ចំណាយ​អស់ ១០ ​ម៉ឺន​សម្រាប់​បន្លែ​ដែល​ទៅ​ទិញ​យក​មក​លក់ ហើយ​ក្នុង​មួយ​ថ្ងៃ​លក់​បាន​ត្រឹម ៧ ទៅ ៨ ​ម៉ឺន​ទេ​នៅ​សល់​ទុក​ដើរ​លក់​ថ្ងៃ​បន្ទាប់​ទៀត​។ បើ​សំណាង​ល្អ​ប៉ះ​ចំ​ថ្ងៃ​ណា​លក់​ដាច់​ខ្លាំង លោក​អាច​លក់​អស់​បាន​ប្រាក់​ ១៥ ​ម៉ឺន​ដោយ​ចំណេញ​បាន ៥ ​ម៉ឺន​រៀល​។

ទោះ​ជា​រក​បាន​ចំណូល​ខ្សត់ខ្សោយ​បន្តិច​ក្ដី ក៏​អ្នក​រែក​បន្លែ​លក់​តាម​ផ្លូវ​លោក អៀម ថៃ បាន​អំពាវនាវ​ដល់​អតិថិជន​ទាំងអស់​ថា​៖ «​បើសិន​ជា​ឃើញ​ខ្ញុំ​ដើរ​រែក​បន្លែ​លក់ បើ​អាណិត​ខ្ញុំ សូម​ជួយ​ទិញ​ផង​ត្រឹម​កន្លះ​គីឡូ កន្លះ​ខែ​ជួយ​ទិញ​ម្តង​បាន​ហើយ មិន​បាច់​ឲ្យ​លុយ​ខ្ញុំ​ទេ សុំ​ត្រឹម​ជួយ​ទិញ​មិន​បាច់​រាល់ថ្ងៃ​ក៏​បាន​ខ្ញុំ​ចង់​បាន​តែ​លុយ​ចំណេញ​ទៅ​ផ្គត់ផ្គង់​គ្រួសារ​តែ​ប៉ុណ្ណឹង​ទេ​»៕