ក្រុងម៉ូស្គូ៖ ក្រសួងមហាផ្ទៃរុស្ស៊ីបានប្រកាសថា រថយន្ដកែច្នៃ ១ គ្រឿង ដែលស្រដៀងនឹងយានជំនិះ «Batmobile» ក្នុងភាពយន្ដហូលីវូដល្បី មនុស្សប្រចៀវត្រូវបានរឹបអូសនៅភាគកណ្ដាលក្រុងម៉ូស្គូ។
ប៉ូលិសចរាចរណ៍បានអូសយករថយន្ដពណ៌ខ្មៅក្រឹប ដែលបំពាក់កង់ធំៗ ខណៈវាបានធ្វើដំណើរតាមដងវិថីសំខាន់មួយនៅកណ្ដាលក្រុងកាលពីល្ងាចថ្ងៃសៅរ៍។ ពួកគេបានរក្សារថយន្ដមនុស្សប្រចៀវនេះទុក ដែលត្រូវបានផលិតឡើងតាមលំនាំយានជំនិះរបស់កំពូលវរជនក្នុងភាពយន្ដ និងជាកម្មសិទ្ធិរបស់យុវជន មូស្កូវីត អាយុ ៣២ ឆ្នាំ។
ម្ចាស់រថយន្ដកែច្នៃ «Batmobile» ប្រឈមនឹងការផាកពិន័យពីបទបំពានជាច្រើនករណីមុនពេលត្រូវបានប្រគល់រថយន្ដឲ្យវិញ។
ប៉ូលិសបាននិយាយកាលពីថ្ងៃអង្គារថា យានជំនិះនេះផលិតនៅសហរដ្ឋអាមេរិក និងត្រូវបានកែច្នៃនៅរោងជាងឯកជនមួយនៅរុស្ស៊ីក្នុងរោងជាង ដែលមិនបានចុះបញ្ជីជាយានយន្ដពិតប្រាកដ និងមិនបានអនុវត្ដស្ដង់ដាសុវត្ថិភាពចរាចរណ៍ ព្រមទាំងមិនគោរពគោលការណ៍រថយន្ដស្ដង់ដាប្រវែង ៦ ម៉ែត្រ។
រោងជាងនោះបានកែច្នៃរថយន្ដទៅតាមសណ្ឋានយានជំនិះក្នុងភាពយន្ដហូលីវូដឆ្នាំ ២០១៦ នៃរឿង «Batman v Superman: Dawn of Justice»។ រថយន្ដចម្លងនេះត្រូវបានដាក់លក់នៅប្រទេស រុស្ស៊ី កាលពីខែតុលាឆ្នាំមុន ក្នុងតម្លៃ ៨៤២ ១០០ ដុល្លារ។
វាត្រូវបានបំពាក់កាវក្រោះ កាមេរ៉ាមើលពេលរាត្រី កាមេរ៉ាស្គេនកម្ដៅ ឧបករណ៍ឡាស៊ែរ កាំភ្លើងនិម្មិត និងសំឡេងស៊ីផ្លេដូចផ្ទុះគ្រាប់កាំភ្លើងបាញ់ប្រហារពិតៗ៕ AFP/HR