ក្រុងដាម៉ាស: គ្រងឈុតពណ៌លឿងតាំងពីក្បាលដល់ចុងជើងលោក អាប៊ូ ហ្សាកកួរ ត្រូវបានចាត់ទុកជាផ្នែកមួយនៃ «កេរដំណែល» ប្រចាំក្រុងអាឡិបប៉ូ ភាគខាងជើងស៊ីរីរួមទាំងបន្ទាយយុគសម័យ និងទីផ្សារបុរាណរបស់ក្រុងផងដែរ។
អស់រយៈពេលជិត ៣៦ ឆ្នាំបុរសចំណាស់វ័យ ៧០ ឆ្នាំនៅតែអនុវត្ដរបៀបរបបរស់នៅដោយគ្រងឈុតពណ៌តែមួយដែលរំលេចនូវឈុតសម្លៀកបំពាក់ពណ៌លឿងស្រស់រួមទាំងគ្រឿងតុបតែងខ្លួនថែមទៀត។
បុរសរហស្សនាម «មនុស្សលឿង» ប្រចាំក្រុងអាឡិបប៉ូបាននិយាយថាលោកមានបំណងចង់គ្រងកំណត់ត្រាហ្គីនណេសពិភពលោក។
លោក អាប៊ូ ហ្សាកកួរ បានឲ្យដឹងថា៖ «ខ្ញុំបានស្លៀកពាក់ខោអាវពណ៌លឿងសុទ្ធតាំងពីឆ្នាំ ១៩៨៣។ សម្ភារប្រើប្រាស់ទាំងអស់សុទ្ធតែលឿងរួមទាំង ខោអាវ ទូរស័ព្ទ ខ្នើយ និងនាឡិកា»។
លោកបានបន្ថែមថា៖ «ខ្ញុំត្រូវចំណាយពេលជាង ៤ ម៉ោងឆ្លងកាត់ផ្លូវជិត ១ គីឡូម៉ែត្រពីព្រោះមនុស្សម្នាជាច្រើនសុំខ្ញុំថតរូប»។
បុរសពោះម៉ាយដែលមានកូន ៣ នាក់រស់នៅឯកាតែឯងក្នុងអាផាមិនតូចមួយនៅទីក្រុងរូបភាពពណ៌លឿងច្រាលមានគ្រប់ទីកន្លែង។ ខោអាវទ្រនាប់ពណ៌លឿងព្យូរតាមរានហាល។ ក្នុងផ្ទះស្បែកជើង កៅអី និងតុបង្កើតបានជាបរិយាកាសភ្លឺស្រឡះភ្នែក។ សូម្បីតែទូខោអាវរបស់លោកក៏រំលេចនូវពណ៌លឿនផងដែរ។
លោកនិយាយពេលបើកទ្វារទូថា៖ «ខ្ញុំមានសម្លៀកបំពាក់រាប់រយឈុតសុទ្ធតែពណ៌លឿង រួមទាំង ខោ មួក អាវ វ៉ែនតា និងក្រវាត់ក»។ យ៉ាងណាមិញប្រជាប្រិយភាពរបស់លោកមិនសុទ្ធតែស័ក្ដិសមនោះទេ។
លោកបន្ដថាពេលភាគខាងកើតក្រុងអាឡិបប៉ូស្ថិតក្រោមការគ្រប់គ្រងរបស់ឧទ្ទាមចន្លោះឆ្នាំ ២០១២ និងឆ្នាំ ២០១៦ លោក អាប៊ូ ហ្សាកកួរ ត្រូវបានក្រុមសកម្មប្រយុទ្ធឃុំខ្លួនពីបទមានផែនការសម្ងាត់ជាមួយកងកម្លាំងរដ្ឋាភិបាល។
ទោះជួបបទពិសោធលំបាកយ៉ាងណាក៏បុរសរូបនេះមិនដោះសម្លៀកបំពាក់ពណ៌លឿងចោលឡើយ។
លោកបាននិយាយថា៖ «ខ្ញុំនឹងបន្ដស្លៀកពាក់ខោអាវទាំងនេះរហូតដល់ថ្ងៃស្លាប់»៕ HR