ក្រុងម៉ៃអាមី៖ គ្មាននរណាដឹងថា ខ្លួននឹងអាចស្ទូចបានអ្វីនោះទេ នៅពេលចេញនេសាទនៅរដ្ឋ Florida សហរដ្ឋអាមេរិក។
ស្ថិតនៅទឹកដីដែលសម្បូរជីវចម្រុះនេះ អ្នកអាចចាប់បានក្រពើ ពស់ ឬសត្វផ្សេងខុសពីការរំពឹងទុក។
ដោយឡែក បុរសម្នាក់នេះ បែរជាប្រមាញ់បានត្រីក្រូព័រ (grouper) ចំណាស់បំផុត ១ ក្បាល។
គណៈកម្មការអភិរក្សសត្វព្រៃ និងត្រីរដ្ឋ Florida (FWC) មកពីវិទ្យាស្ថានជ្រាវជ្រាវបានឲ្យដឹងកាលពីថ្ងៃសុក្រក្នុងទំព័រហ្វេសប៊ុកថា ក្រុមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា ត្រីក្រូព័រ វ៉ាសរ (Warsaw grouper) ដែលចាប់កាលពីចុងខែធ្នូ កន្លងមកនេះមានអាយុ ៥០ ឆ្នាំ។
ត្រីខ្នាតធំរស់នៅទឹកជ្រៅ ១ ក្បាល នេះគឺជាចាស់បំផុតដែលត្រូវបានវិភាគដោយការប្រមែប្រមូលទិន្នន័យតាមអាយុកាលរបស់វា។
ក្រុមជីវវិទូមន្ទីរពិសោធន៍អាយុ និងការលូតលាស់របស់ (FWC) ប៉ាន់ប្រមាណអាយុត្រីក្រូព័រដោយការត្រួតពិនិត្យលើ អូតូលីត ឬហៅថា «earstones» ដែលជាសំណង់កាល់ស្យូមរឹងស្ថិតនៅខាងក្រោយខួរក្បាលត្រីមានឆ្អឹង។
អូតូលីត អនុញ្ញាតឲ្យក្រុមអ្នកវិទ្យាសាស្ដ្រវាយតម្លៃពីអាយុរបស់ត្រី។ FWC បានតាមដឹងការបង្ហោះរូបថតរបស់លោក ចាសុន ប៊យល៍ ជាអ្នកនេសាទថ្មីថ្មោងមកពីភាគនិរតីតំបន់ Siesta Key ដែលបានចាប់ត្រីក្រូព័រទម្ងន់ ១៦០ គីឡូក្រាម។
នៅក្នុងរូបនោះ លោក ប៊យល៍ ឈរជាប់នឹងត្រី ដែលមានកម្ពស់ជាងរូបលោកទៅទៀត។ លោក ប៊យល៍ បានប្រមាញ់ត្រីក្រូព័រមួយក្បាលនេះនៅក្បែរឆ្នេររដ្ឋ Florida កាលពីថ្ងៃទី ២៩ ខែធ្នូ នៅជម្រៅទឹក ១៨២ ម៉ែត្រ។ នេះបើយោងតាម FWC។
ត្រីក្រូព័រ វ៉ាសរ អាចមានទម្ងន់ដល់ ២៥៨ គីឡូក្រាម៕ AFP/HR