ក្រុង​ញូវដែលី៖ ម្ចាស់​ដី​នៅ​ឥណ្ឌា​ម្នាក់​ សុខ​ចិត្ដ​ចែក​រំលែក​ដី​ភាគ​ច្រើន​របស់ខ្លួន​ដល់​សត្វ​ដំរី ២ ក្បាល នូវ​អ្វី​ដែល​លោក​បាន​និយាយ​ថា ពួកវា​បាន​សង្គ្រោះ​ជីវិត​របស់​លោក​ពី​មច្ចុរាជ​​ ក្រោម​ស្នាដៃ​ឧក្រិដ្ឋជ​ន​ប្រដាប់​អាវុធ​​។ ​ការ​សម្រេចចិត្ត​​​​ធ្វើ​បែប​នេះ ធ្វើ​​ឲ្យ​​ប្រពន្ធ​និង​កូនៗ​​អាក់អន់​ស្រពន់ចិត្ត​។

លោក អេកថា​ អ៊ីម៉ាំមក​ពី​ភូមិ​មួយ​នៅ​ភាគ​ខាង​កើត​រដ្ឋ​ប៊ីហារ​ បាន​និយាយ​​ថា ​លោក​នឹងកែ​បណ្ដាំ​មរតក​នូវ​ផ្ទៃ​ដី​​ ២,៥ ​ហិកតា​ ទៅ​​ឲ្យ​សត្វ​ដំរី​ដ៏ស្លូតបូត​ ដែល​មាន​ឈ្មោះ​ថា​ ម៉ូទី (​គុជ)​ និង​ រ៉ានី (រាជនី)​។

​លោក អ៊ីម៉ាំ ​អាយុ ​៥០ ​ឆ្នាំ បាន​ប្រាប់​ ​AFP ខណៈកំពុង​ងូត​ទឹក​​ឲ្យ​ដំរី​​នេះ​ថា​៖ «​ខ្ញុំ​មិន​ចង់​​ឲ្យ​​ម៉ូទី​និង​រ៉ានី​ ​ជួប​ការ​លំបាក​ទេ ពីព្រោះ​ពួកវា​ក៏​សំខាន់​ដូច​ក្រុម​គ្រួសារ​ខ្ញុំ​ផង​ដែរ​។ ​ ខ្ញុំ​មិន​ចង់​ឲ្យ​ដំរី​របស់​ខ្ញុំ​​ធ្លាក់​ខ្លួន​ជា​សត្វ​កំព្រី​កំព្រា​ ឬជា​សត្វ​ចិញ្ចឹម​​ត្រូវ​បាន​​​បោះបង់​ចោល​​ដែល​​ស្លាប់​នៅ​តាម​ដង​ផ្លូវ​ ឬ​វាលខ្សាច់​ដោយសារ​តែ​ខ្វះ​ការ​ថែទាំ​ត្រឹមត្រូវ​ទេ»។ ​

​លោក អ៊ីម៉ាំ ​ដែល​បាន​បើក​អង្គការ​អភិរក្ស​សត្វ​ព្រៃ​មួយ បាន​ចិញ្ចឹម​ដំរី ម៉ូទី អាយុ ២០ ឆ្នាំ​​ និង​រ៉ានី​ អាយុ​ ១៥ ឆ្នាំ​​​ ចាប់​តាំងពី​ពេល​ ពួកគេ​ចាប់​កំណើត​ពី​ពោះ​មេ​ ដែល​ក្រោយមក​បាន​ស្លាប់​តែ​ម្ដង។ ​

ដំរី​នីមួយៗ​មាន​ហ្ម​ពីរនាក់ ចាំ​​ថែទាំ​​ទាំង​​យប់​និង​ថ្ងៃ​ ហើយ​​ពួកវា​អាច​ដើរ​ហើរ​នៅ​ក្នុង​បរិវេណ​ដី​របស់​លោក​​ដោយ​សេរី​។

បំណងចែកមរកត​ឲ្យដំរី​ធ្វើ​ឲ្យភរិយា និង​កូនៗរបស់​បុរស​ឥណ្ឌារូបនេះអាក់អន់ស្រពន់ចិត្ដ។

លោក​​​បាន​និយាយ​ថា សេចក្ដី​ស្រឡាញ់​របស់​លោក​សម្រាប់​ដំរី​មួយ​គូ​នេះ កាន់តែ​មាន​ស្អិត​រមួត​​ នៅពេល​ដែល​ពួកវា​បាន​ជួយ​ជីវិត​លោក​​ពី​ឧក្រិដជន​ខ្មាន់កាំ​ភ្លើង​ ដែល​ប៉ុនប៉ង​ចង់​សម្លាប់​គាត់​ កាល​ពី​ឆ្នាំ​មុន ​​អំឡុង​ពេល​​ទទួល​ទាន​ដំណេក​។

លោក​ អ៊ីម៉ាំ បាន​អះអាង​ថា​៖ «​​ខ្ញុំ​​មាន​ជីវិត​រស់​ ដោយសារ​តែ​ដំរីទាំងពីរ​​ដែលបាន​​ដើរ​តួ​ជា​អង្គរក្ស​ក្នុង​ការ​ការពារ​ខ្ញុំ​»។

​លោក​​បាន​បន្ត​ថា​ លោក​ក៏​បាន​ប្រគល់​ដី​មួយ​ចំណែក​តូច​និង​ផ្ទះ​ ដល់​ប្រពន្ធ​នឹង​កូន​ៗ​របស់​លោក​ ប៉ុន្ដែ​​ពួកគេ​នៅ​តែ​មិន​សប្បាយចិត្ត​។

គាត់​បា​នបន្ថែម​ទៀត​ថា៖​​ «​ចិត្ត​លោភ​របស់​មនុស្ស​គ្មាន​ទី​បញ្ចប់​ បើ​ទោះ​ជាអ្នក​ប្រគល់​ពិភពលោក​ទាំងមូល​អោយ​ក៏​គ្មាន​ពាក្យ​ថា​គ្រប់គ្រាន់ដែរ​»៕ AFP/RS