ភ្នំពេញៈ ក្រោយ​ពី​ប្រកាស​ផ្អាក​ឈប់​សិល្បៈ​ប្រមាណ​ជិត ២ ឆ្នាំ​មក​នោះ តារា​សម្តែង​ស្រី​ដែល​បាន​ផុស​ភាព​ល្បី​ដោយសារ​ភាព​សិច​ស៊ី និង​ធ្លាប់​បែក​ធ្លាយ​រូប​ថត​អាក្រាត​ល្វែង​លើ​កញ្ញា​បេននី យ៉ាំង ក៏​ទទួល​រង​ការ​រិះគន់​នឹង​ទង្វើ​ផ្ទាល់​ខ្លួន សា​ជា​ថ្មី​ម្តង​ទៀត​គឺ​សកម្មភាព​បង្ហោះ​រូប​សិច​ស៊ី ដ៏​ទាក់​ទាញ សម្រាប់​ការ​ផ្សព្វផ្សាយ​ក្នុង​មុខ​របរ​លក់​ផលិតផល​សម្អាង​កាយ​តាម​អនឡាញ។

ភាព​ផុសផុល​រក​វិធីសាស្ត្រ​ផ្សព្វផ្សាយ​លក់​ផលិតផល​តាម​ការ Live វីដេអូ​ក្នុង​បណ្តាញ​ហ្វេសប៊ុក​ដ៏​ទាក់​ទាញ​ដោយ​ហ៊ាន​ថត​សកម្មភាព​ទាំង​មាន​កាយ​សិច​ស៊ី​ខ្លាំង ដែល​សឹង​តែ​អាក្រាត​កាយ​អស់​នេះ ក៏​បង្ក​ឲ្យ​មាន​ការ​ទើស​ទាល់​ទៅ​ដល់​ក្រុម​អ្នក​ចូលចិត្ត​អភិរក្ស​វប្បធម៌​ខ្មែរ​ផង​ដែរ ដោយ​ក្នុង​នោះ​មាន​លោក​អាចារ្យ​ធំ​នគររាជ បាន​រិះគន់​យ៉ាង​ចាស់​ដៃ​ទៅ​លើ​កញ្ញា បេននី យ៉ាំង ក្រោយ​ពី​បាន​ឃើញ​រូបភាព និង​វីដេអូ​របស់​នាង។

ចេញពី​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់បុរ​សមាន​សក់​វែង​ឈ្មោះថា អាចារ្យ​ធំ​នគររាជ ដែល​មហាជន​តែង​កត់​សម្គាល់ និង​ឲ្យ​ងារ​ថា ជា​អ្នក​ចូលចិត្ត​ការ​អភិរក្ស​វប្បធម៌​ខ្មែរ បាន​សរសេរ​រិះគន់​ទៅ​លើ​រូប​របស់​តារា​ស្រី​មាន​សាច់​សខ្ចី​ល្វក់ និង​ចូលចិត្ត​បង្ហោះ​នូវ​រូប​ស្និទ្ធ​ស្នាល​ខ្លាំង​នឹង​គូស្នេហ៍​ក៏​ដូចជា​រូប​សិច​ស៊ី​ផ្ទាល់​កញ្ញា បេននី យ៉ាំង ថា៖ «អាសូរ​តម្លៃ​នៃ​ភាព​ថ្លៃថ្នូរ​ស្ត្រី​ដូច​នេះ!​ក្រៅ​ពី​ស្រាត តើ​មាន​វិធី​ណា​អាច​ល្បី​បាន​ទេ?»។

ក្រោយមក​កញ្ញា បេន​នី យ៉ាំង ដែល​មួយរយៈ​ចុងក្រោយនេះ សម្គាល់​ឃើញថា នាង​តែង​ពាក់​ម៉ាស់​មុខ​បាំង​ត្រង់​ច្រមុះ​ជាប់ ទំនង​ជា​មាន​បញ្ហា​ទៅ​លើ​ការ​វះ​កាត់​ច្រមុះ​នោះ ក៏​បាន​តប​សារ​ទៅ​អាចារ្យ​ធំ​នគររាជ​វិញ​ថា៖ «រូប​របស់​ប្អូន ខ្លួន​ប្អូន អ្វីៗ​ជា​របស់​ប្អូន។ ប្អូន​ពុំ​បាន​រុក​រាន ឬ​ថត​លើ​ក្បាល​បង​ឯណា បង​កុំ​បាច់​ចោទ ឬ​ឆ្ងល់​ជា​សំណួរ​អី​រឿង​ប្អូន ខ្វល់​រឿង​រក​លុយ​ចូល​ផ្ទះ ឬ​រក​អង្ករ​ដាក់​ឆ្នាំង​ផ្ទះ​បង​ទៅ​ណា!»។

តារា​ស្រី​ដែលមាន​រាសី​ឡើង​ហក់​ស្ទុយ​លើ​វិថី​សិល្បៈ​តែមួយ​ប៉ប្រិចភ្នែក ហើយ​នាង​មាន​ឈ្មោះ​ពីកំណើត​ថា កញ្ញា លី សុគន្ធារី ហៅ​កញ្ញា បេននី យ៉ាំង បាន​បន្ត​សារ​វែង​អន្លាយ ១ ទៀត​តប​នឹង​ការ​រិះគន់​លើ​ភាព​សិច​ស៊ី​ផ្ទាល់​ខ្លួន​របស់​នាង​ថា៖ «អ្នក​គ្រប់​គ្នា​ដឹង​ទេ​ថា​ប៉ុន្មាន​រូប​ដែល​ផូស្ត​នេះ តើ​ខ្ញុំ​ចង់​បាន​ន័យ​ថា​ម៉េច?​ខ្ញុំ​ប្រាប់ ខ្ញុំ​មិន​ខ្វល់​នរណា​មិន​ចូលចិត្ត​ខ្ញុំ​នៅ​ពេល​ខ្ញុំ​សិច​ស៊ី ទោះ​ជ្រុល​សិច​ស៊ី​ពេក ក៏​ខ្ញុំ​នៅ​តែ​ចង់​ផូស្ត​ព្រោះ​ជា​រូបខ្ញុំ ខ្ញុំ​មាន​អ្វី​ជា​របស់​ខ្លួន​ខ្ញុំ។ ប្រាកដ ខ្ញុំ​សិច​ស៊ី តែ​ខ្ញុំ​មាន​របរ​រកស៊ី​ថ្លៃថ្នូរ​ត្រឹម​ត្រូវ ខ្ញុំ​ពិត​ជា​មិន​បាន​លក់​ខ្លួន​យក​ប្តី​អ្នក​ណា។

ជេរ​ថា ម្តាយ​ឪពុក​អ្នកណា ឬ​ការ​រុករាន​នរណា ដែល​ពុំ​នាំ​ភាព​ក្តៅក្រហាយ​មក​ឲ្យ​ខ្ញុំ ហើយ​ខ្ញុំ​មាន​ពេល​ទំនេរ​ខ្ញុំ​តែង​តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​សប្បាយ​ចិត្ត ខ្ញុំ​ចង់​ជួយ​អ្នក​ណា ខ្ញុំ​ទៅ​ជួយ​អ្នក​នោះ។ ខ្ញុំ​ចង់​ចេញ​ទៅ​ឯ​ក្រៅ​ប្រទេស ខ្ញុំ​ក៏​ហោះ​ទៅ​ភ្លាម ខ្ញុំ​ចង់​កែ​សម្ផស្ស ខ្ញុំ​អាច​ហោះ​ទៅ​គ្រប់​ពេល​ដែល​ខ្ញុំ​ចង់ ដោយ​ពុំ​ចាំបាច់​សុំ​អ្នក​ណា​ទេ​ព្រោះ​ខ្ញុំ​រស់​នៅ​ឯករាជ្យ​លើ​ជីវិត​របស់​ខ្ញុំ ផ្ទះ​ក៏​របស់​ខ្ញុំ ឡាន​ក៏​របស់​ខ្ញុំ ហាង​នោះ​ក៏​របស់​ខ្ញុំ មិន​មែន​លុយ​ស្មោក​គ្រោក​អ្នក​ណា​ឬ​បោក​ប្រាស់​គេ​ទេ»។

តារា​ស្រី​បាត់​មុខ​ពី​សិល្បៈ​មួយរយៈ​កញ្ញា បេន​នី យ៉ាំង ក៏បាន​បន្ថែមទៀត​ដែរ​ថា៖ «អ៊ីចឹង​ហើយ​ខ្លួន​ខ្ញុំ មាន​សិទ្ធិ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​បាន និង​ចង់​ធ្វើ​វា។ អ្នក​ណា​ក៏ដោយ​ដែល​មិន​ចូលចិត្ត​ខ្ញុំ​សុំ​កុំមក​ប៉ះពាល់​លើ​ជីវិត និង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ។ សូម​ប្រាប់​ឲ្យ​ច្បាស់​ថា ខ្ញុំ​នៅ​តែ​ជា​ខ្ញុំ ខ្ញុំ​ពុំ​បាន​ប្រែ​ទៅ​ជា​អ្នក​ណា​សម្រាប់​អ្នក​ណា​ទេ យល់?»៕