ភ្នំពេញៈ តារាចម្រៀងស្រីជាចំណូលថ្មីនៃទ្រនំផលិតកម្មថោនដែលអភិវឌ្ឍខ្លួនចេញពីអាជីពជាពិធីការិនីទូរទស្សន៍ និងធ្លាប់ធ្វើជាតារាចម្រៀងអូរីជីណលមួយស្របក់ខ្លីកញ្ញា បេប៊ី ស្រាប់តែចេញចម្រៀងថ្មីដែលជាចង្វាក់ញាក់មានចំណងជើងថា «ប្រពន្ធកាច» ហើយក៏រំពឹងថានឹងផ្ទុះការគាំទ្រមិនចាញ់បទ «មាន់ស្រែ» របស់តារាស្រីរលកមុនកញ្ញា រាប៊ី។
តារាស្រីសាច់សខ្ចីកំពុងតែលេចធ្លោមាននិស្ស័យគ្រប់ទម្រង់សិល្បៈកញ្ញា បេប៊ី ក្រោយពីចាប់អាជីពជាតារាចម្រៀង Original ក៏ចាប់បាននូវឱកាសហក់ចូលទៅទ្រនំផលិតកម្មថោនបង្កើនភាពល្បីនៅលើវិថីសិល្បៈកាន់តែខ្លាំងឡើង និងកំពុងត្រៀមបទចម្រៀងថ្មីៗ បំពេអារម្មណ៍ប្រិយមិត្តអ្នកគាំទ្រមុនពេលបុណ្យចូលឆ្នាំថ្មីចូលឆ្នាំខ្មែរនេះ។
ក្រោយពីចុះកិច្ចសន្យាជាតារាចម្រៀងផលិតកម្មថោនប្រមាណជាង ១ ឆ្នាំមក ពិធីការិនី និងជាតារាសម្ដែងស្រីស្រស់សាច់សខ្ចីឈ្មោះ ពិត ជុំ រចនាពេជ្រ ហៅ បេប៊ី ដែលវិវត្តខ្លួនក្លាយជាតារាចម្រៀងចេញបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ ខណៈ ចម្រៀងនេះកំពុងអង្រួនដួងចិត្តមិត្តយុវវ័យខ្លាំង និងចង្វាក់ភ្លេងពីរោះស្តាប់ហើយគួរឲ្យចង់រាំតែម្ដង។
បទថ្មីដែលកញ្ញា បេប៊ី ទើបតែចេញក្ដៅៗនៅក្នុងផលិតកម្មថោនមានចំណងជើង ថា «ប្រពន្ធកាច» នេះគ្រាន់តែស្ដាប់សាច់ភ្លេង ក៏មានភាពគួរឲ្យចាប់អារម្មណ៍ចង់រាំផងដែរ ស្របពេលដែលស្រីស្អាតជាម្ចាស់បទនេះក៏បង្ហាញក្បាច់រាំរស់រវើកទាក់ភ្នែកឲ្យត្រូវនឹងសាច់ភ្លេងល្អ ហើយបទនេះដែរក៏វាជាស្នាដៃនិពន្ធទំនុកច្រៀង និង Melody ដោយអ្នកនិពន្ធដែលធ្លាប់និពន្ធបទភ្លេងឲ្យតារាស្រីរលកមុននៅទ្រនំថោនកញ្ញា រ៉ាប៊ី ដែរគឺ «មាន់ស្រែ» កាលដើមឆ្នាំ ២០១៩ នោះ។
ទោះជាយ៉ាងណាកញ្ញា បេប៊ី ហាក់មិនទាន់ហ៊ានរំពឹងខ្លាំងថាបទ «ប្រពន្ធកាច» របស់ខ្លួននឹងផ្ទុះភាពកក្រើកជំនួសបទ «មាន់ស្រែ» របស់កញ្ញា រាប៊ី ដែលធ្លាប់ល្បីកក្រើកកាលពីចូលឆ្នាំមុននៅឡើយដែរនោះទេ ដោយនាងត្រឹមតែអះអាងថា៖ «នាងខ្ញុំនឹងប្រឹងឲ្យអស់ពីលទ្ធភាព ដើម្បីធ្វើយ៉ាងណាឲ្យចម្រៀងរបស់ខ្លួន ផ្ទុះការគាំទ្រខ្លាំងផងដែរ»។
ដោយឡែកប្រព័ន្ធទូរស័ព្ទរបស់នាងក៏មិនអាចទាក់ទងបានទេទើបមិនអាចសុំការបញ្ជាក់បកស្រាយពីកញ្ញា បេប៊ី។ ខណៈពេលចេញបទនេះភ្លាម តារាចម្រៀងស្រី ស្រីស្រស់ សាច់សខ្ចីកញ្ញា បេប៊ី ក៏បានបង្ហោះសារចេញពីហ្វេសប៊ុកនាងផ្ទាល់ដើម្បីសុំការគាំទ្រពីប្រិយមិត្តថា៖ «ថាមើលបងប្អូនសុំ 1 M បានអត់បងប្អូនសម្រាប់បទ «ប្រពន្ធកាច» នេះ៕