ក្រុងឡូសអេនជឺលេស៖ ប៉ូលិសនៅរដ្ឋ អូរីហ្គេន ភាគនិរតីសហរដ្ឋអាមេរិក បានទទូចសុំពលរដ្ឋ ដែលភ័យខ្លាចការឆ្លងវីរុសកូរ៉ូណា មេត្តាកុំទូរស័ព្ទមកកាន់លេខសង្គ្រោះបន្ទាន់ ៩១១ ក្នុងករណីពួកគេអស់ក្រដាសបង្គន់ប្រើ។
វីរុសកូរ៉ូណាបានបង្កឲ្យមានការចលាចលដោយប្រជាជនជ្រួលទិញទំនិញស្ដុកទុកនៅផ្ទះទូទាំងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសនានាជុំវិញពិភពលោក។
ផលិតផលដែលមនុស្សសម្រុកទិញជាងគេបំផុតរួមមាន ជែលលាងសម្អាតដៃ ទឹករ៉ែ និងក្រដាសបង្គន់ ដែលស្ទើរតែលែងមានលើធ្នើរទំនិញ ក្នុងបណ្ដាផ្សារទំនើប។
មន្ត្រីប៉ូលិសបានបង្ហោះសារក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដែលសំណេររបស់លោកត្រូវបានដកស្រង់ដោយ Newport ថា៖ «ពិតជាមិនគួរឲ្យជឿសោះថា ខ្ញុំត្រូវបង្ហោះរឿងអ៊ីចឹងៗ។ សូមមេត្តាកុំទូរស័ព្ទមកលេខ ៩១១ ដោយសារតែលោកអ្នកអស់ក្រដាសបង្គន់ឲ្យសោះ»។
សំណេរនោះបានបញ្ជាក់ប្រាប់សាធារណជនទៀតថា៖ «អ្នកច្បាស់នៅរស់ ហើយគ្មានបញ្ហាអីធំដុំដល់ថ្នាក់ត្រូវការជំនួយរបស់ពួកយើងទេ»។
ការបង្ហោះសារដោយប៉ូលិសនេះ ក៏មិនបានបញ្ជាក់ថា ក្រុមប៉ូលិសបានទទួលទូរស័ព្ទប៉ុន្មានលើកសម្រាប់ការសុំជំនួយដោះស្រាយបញ្ហាអត់ក្រដាសបង្គន់នោះទេ។
ប៉ុន្តែសារដដែលនេះក៏បានលើកឡើងនូវជម្រើសដោះទ័លក្នុងករណីអត់មានក្រដាសបង្គន់ប្រើ ដោយការយកសន្លឹកសៀវភៅ ខិត្តប័ណ្ណពាណិជ្ជកម្ម អេប៉ុង និងពោត ជាឧបករណ៍សម្អាតជំនួសវិញ។
សំណេររបស់មន្ត្រីប៉ូលិសនោះ បានក្រើនរំឭកទៀតថា៖ «សូមមេត្តាចេះច្នៃលៃលកខ្លួនឯង សូមមេត្តាចេះអត់ធ្មត់បន្តិច។ ក្រដាសបង្គន់ គឺខ្វះខាតហើយ ប៉ុន្តែវាមិនមែនជាបញ្ហាអ្វីធំដុំ ដល់ថ្នាក់ត្រូវទូរស័ព្ទហៅក្រុមសង្គ្រោះបន្ទាន់នោះទេ។ យើងមិនអាចយកក្រដាសបង្គន់ទៅឲ្យអ្នកប្រើដល់ផ្ទះនោះទេ»៕ AFP