ក្រុង​ញូវដែលី: ប៉ូលិស​ឥណ្ឌា​បាន​ចាប់​ខ្លួន​មនុស្ស ៣ ​នាក់​ នៅ​ភាគ​ខាង​ជើង​រដ្ឋ​អ៊ុតតា​ ប្រាដេស កាលពីថ្ងៃ​សុក្រ ពី​បទ​សំពង​ដូលហ្វីន​កម្រ​នឹង​ពូថៅ​រហូត​ដល់​ងាប់​។

ក្នុង​វីដេអូ​ ដែល​ត្រូវ​បាន​ចែក​រំលែក​តាម​បណ្ដាញ​ផ្សព្វផ្សាយ​ និង​បណ្ដាញ​សង្គម​ឥណ្ឌា បុរស​មួយ​ក្រុម​កំពុង​សំពង​ដូលហ្វីន ហ្គាងជេទីក ដោយ​ប្រើ​ឈើ​ និង​រំពាត់​មុន​ពេល​បុរស​ម្នាក់​យក​ពូថៅ​វាត់​លើ​រាង​កាយ​សត្វ​។

ប៉ូលិស​មូលដ្ឋាន ឌីណេស ប្រាសាដ បាន​ប្រាប់ AFP តាម​ទូរស័ព្ទ​ថា​៖ «​ឧប្បត្ដិ​ហេតុ​នេះ បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី ៣១ ខែ​ធ្នូ ហើយ​យើង​បាន​ចាប់​ខ្លួន​មនុស្ស ៣​ នាក់​ ដែល​ពាក់​ព័ន្ធ​ការ​សម្លាប់​សត្វ​នេះ​»។

យោងតាម​អង្គការ​មូលនិធិសត្វព្រៃ​ពិភពលោក (WWF) មាន​សត្វ​ដូលហ្វីន​ជិត​ផុត​ពូជ​ចន្លោះ ១ ២០០ ទៅ ១ ៨០០​ ក្បាល​ នៅ​ជុំវិញ​ពិភព​លោក​។ លោក ប្រាសាដ បាន​និយាយ​ថា បំណង​ចង់​សម្លាប់​សត្វ​​​ចិញ្ចឹម​កូន​ដោយ​ទឹក​ដោះ​នេះ ដែល​ស្គាល់​ជា​ដូលហ្វីនទន្លេ​ហ្គាង នៅ​មិន​ដឹង​ច្បាស់​។

យោងតាម​របាយការណ៍​ព័ត៌មាន​ បាន​ឱ្យ​ដឹងថា​ ខ្មោច​ដូលហ្វីន​ត្រូវបាន​ក្រុម​មន្ដ្រី​​មក​ពី​នាយកដ្ឋាន​ព្រៃ​ឈើ​មូលដ្ឋាន ប្រទះ​ឃើញ​នៅ​ក្បែរ​ប្រឡាយ​។ ក្នុង​វីដេអូ បុរស​ម្នាក់​ក្នុង​ក្រុម​បាន​ប្រាប់​វាយ​សំពង​សត្វ​ថា «​ពួកគេ​សម្លាប់​ដូលហ្វីន​លេង​ដោយ​គ្មាន​មូលហេតុ​»។

ដូលហ្វីន ដែល​អាច​មាន​ទម្ងន់​រហូត​ដល់ ១៧០​ គីឡូក្រាម និង​អាច​រស់​នៅ​តែ​ក្នុង​ទឹក​សាប រស់នៅតែ​ក្នុង​ប្រទេស​នេប៉ាល់ បង់ក្លាដែស និង​ឥណ្ឌា​៕ AFP/HR