ក្រុងញូវដែលី៖ មន្ដ្រី​ឥណ្ឌា​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា ប៉ូលិស​ឥណ្ឌា​បាន​សង្គ្រោះ​ទារិកា​ម្នាក់ ​ខណៈ​ក្រុម​គ្រួសារ​ហៀប​នឹង​កប់​ទាំង​រស់​។ ក្រុម​មន្ដ្រី​បាន​ឈ្លោះ​នឹង​ជីតា​របស់​ទារិកា​តូច​ ខណៈ​បុរស​ចំណាស់​រូប​នេះ​បាន​ខ្ចប់​​ក្មេង​ក្នុង​ភួយ ខណៈ​បុរស​ម្នាក់​ទៀត​ជីក​រណ្ដៅ​លើ​ដី​មួយ​កន្លែង​នៅ​ជាយ​ក្រុង​ភាគខាង​​ត្បូង​ទីក្រុង​ Hyderabad។

ករណី​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​រយៈពេល ២ សប្ដាហ៍ ​ក្រោយ​មាន​ករណី​មួយ​ផ្សេង​ទៀត​អំពី​ទារិកា​តូច​ត្រូវ​បាន​រក​ឃើញ​ក្នុង​ឆ្នាំង​ដី​មួយ​នៅ​ប៉ាឆា​ភាគ​ខាងជើង​​ប្រទេស​ ដែល​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​អំពី​ការ​រស់​រាន​មាន​ជីវិត​ដ៏​អច្ឆរិយ។

ក្នុង​ឧប្បត្ដិហេតុ​ចុង​ក្រោយ​ បុរស​ទាំង ២ បាន​និយាយ​ថា ទារិកា​បាន​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ​។ ប៉ុន្ដែ​ប៉ូលិស​ ដែល​ត្រូវ​បាន​អ្នក​បើកបរ​តាក់ស៊ី​ម្នាក់​ជូន​ដំណឹង​អំពី​ហេតុការណ៍​ដ៏​គួរ​ឲ្យ​សង្ស័យ​បាន​ឲ្យ​ដឹង​ថា ទារិកា​នៅ​រើ​បម្រះ​ពី​ក្នុង​ភួយ​នៅ​ឡើយ​។

បុរស​ទាំង ​២ ​ត្រូវ​បាន​ឃុំ​ខ្លួន​ ហើយ​ក្រោយ​មក​ត្រូវ​បាន​ដោះ​លែង​ ដែល​ទារិកា​ក៏​ត្រូវ​បាន​ទទួល​ការ​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​ ខណៈ​ការ​ស៊ើប​អង្កេត​ត្រូវ​បាន​ធ្វើ​ឡើង​។

មន្ដ្រី​ប៉ូលិស A. Srinivasulu បាន​ប្រាប់​ AFP ថា​៖ «​ពួក​គេ​គិត​ថា ទារិកា​ស្លាប់​ហើយ តែ​តាម​ពិត​នាង​នៅ​រស់​​។ យើង​មាន​សេចក្ដី​ត្រេកអរ​ ដែល​ទារិកា​តូច​នេះ​ត្រូវ​បាន​សង្គ្រោះ​ជីវិត​»។

ឥណ្ឌា​ជា​ប្រទេស​អសោច​ខាង​​ពិឃាត​​កូន​ស្រី​ ដោយ​ជា​យេនឌ័រ​ត្រូវ​បាន​ចាត់​ទុក​ជា​និមិត្ត​រូប​ទ្រព្យ​ចេញ​ ពី​ព្រោះ​ពេល​រៀប​ការ កូន​ក្រមុំ​ត្រូវ​ផ្ដល់​បណ្ណាការ​ជូន​ខាង​កូន​កំលោះ​។

ការ​រើសអើង​បែប​នេះ ត្រូវ​បាន​ស្ដីបន្ទោស​ចំពោះ​ទស្សនៈ​អតុល្យភាព​យេនឌ័រ​ ដែល​កូន​ស្រី​មាន​ចំនួន ៩៤០ នាក់ ​ក្នុង​ចំណោម​កូន​ប្រុស ១ ០០០ នាក់​។ នេះ​បើ​យោង​តាម​ជំរឿន​​ឆ្នាំ ​២០១១៕ AFP/HR