ភ្នំពេញៈ នាពេលថ្មីៗនេះ បង្កនូវការភ្ញាក់ផ្អើលសាជាថ្មីទៅនឹងការបែកធ្លាយវីដេអូនារីក្មេងម្នាក់បានយកនំខួបកំណើតឲ្យតារាសម្តែងប្រុស និងជាពិធីករទូរទស្សន៍លោក ប៉ែន ចំរ៉ុង បង្ហើរសូរស័ព្ទដ៏ផ្អែមល្ហែមនឹងគ្នាដោយអ្នកទាំង ២ បានប្រើពាក្យហៅគ្នាថាប្តីប្រពន្ធពេញៗមាត់តែម្តង។
ផ្តើមចេញពីវីដេអូឃ្លីបមួយមានរយៈពេល ២ នាទី ដែលនារីក្មេងម្នាក់កាន់នំខួបកំណើត បញ្ចេញនូវភាសាផ្អែមល្ហែម មានថើបបឺតមាត់គ្នាបីដូចជាប្តីប្រពន្ធដែលបានរៀបការហើយ អ៊ីចឹង និងមានសំណូមពរយ៉ាងទទូចផងដែរថា៖ «សុំឲ្យប្តីឈប់ខូចទៀត» ក្រោយពីឲ្យលោក ប៉ែន ចំរ៉ុង ធ្វើការបួងសួងរួចមកនោះ។
ប្រាកដណាស់ទាំងមហាជនទូទៅ និងអ្នកគាំទ្ររបស់តារាសម្តែងប្រុស និងពិធីករទូរទស្សន៍ SEATV និងប៉ុស្តិ៍ PNN ប៉ែន ចំរ៉ុង ក៏នាំគ្នាជជីកសួរដេញដោលចង់ដឹងអំពីអត្តសញ្ញាណនារីក្មេងនោះភ្លាមតែម្តងថា «តើស្រីស្នេហ៍ថ្មីលោក ប៉ែន ចំរ៉ុង ជាអ្នកណា? តើនាងជាអ្នកសិល្បៈដែរ ឬយ៉ាងណា?» ក្រោយពីឃើញវីដេអូបែកធ្លាយនោះមក។
ហាក់ដូចជាមានចេតនាមិនចង់ប្រាប់ ឬជាជម្រើសប្រាប់ថា សុំមិនបរិយាយងាយជាងការបកស្រាយព្រោះអាចមានខុស និងត្រូវនោះ តារាសម្តែង និងពិធីករសម្បូរពាក្យលេងសើចលោក ប៉ែន ចំរ៉ុង ដែលមុននេះតែងតែដើរពកូនគេដើម្បីបន្លប់ចិត្តនឹកកូនស្រីខ្លួនជាមួយនឹងអតីតកូនស្រីចាងហ្វាងផលិតកម្មមហាហង្សគឺអ្នកនាង ភិន សុដាលីស នោះមិនបានបំភ្លឺអ្វីច្រើនដែរនឹងរឿងលេចវត្តមាននារីស្រីស្នេហ៍ថ្មី។
លោក ប៉ែន ចំរ៉ុង គ្រាន់តែបានបង្ហើបប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ចំពោះរឿងនេះ [នារីក្មេងដែលរៀបចំនំខួបកំណើតជូនលោក ហៅប្តីពេញមាត់ក្នុងវីដេអូឃ្លីប] ខ្ញុំសុំមិនធ្វើការបកស្រាយអ្វីទាំងអស់បង! ដោយសារនេះគឺជារឿងជីវិតឯកជននៃបុគ្គលម្នាក់ៗ ដូច្នេះ ខ្ញុំនឹងមិនបរិយាយប្រាប់អ្វីទេ ហើយក៏ទុកសិទ្ធិឲ្យមហាជនបញ្ចេញជាមតិយោបល់តាមការគួរទៅចុះ!»។
មុននេះបន្តិចចំហាយព័ត៌មានក្នុងមួយរយៈពេលចុងក្រោយ ដោយគេឧស្សាហ៍ឃើញតារាសម្តែងប្រុស និងពិធីករទូរទស្សន៍លោក ប៉ែន ចំរ៉ុង តែងតែដើរពកូនគេ ដើម្បីបន្លប់ចិត្តនឹកកូនស្រីខ្លួន លេចឮទៅដល់អ្នកនាង ភិន សុដាលីស តាមរយៈសង្គមអ្នកសិល្បៈនោះហើយ បានជាក្រោយមកក៏ល្បីនាងព្រលយចេញជាពាក្យតបថា អតីតជាស្វាមីមិនបានរៀបការនោះ គឺគ្រាន់តែសម្តែងឫកពាប្រាប់គេតែប៉ុណ្ណោះ។
ខណៈដំណឹងនេះបានលេចឮ កាលពីថ្ងៃបើកសម្ពោធខ្សែភាពយន្តភាគថ្មីគឺរឿង «ម្ចាស់បំណុល» ដែលជាកុនភាគទី ៤ របស់តារាស្រីជាកូនស្រីច្បងបង្កើតថៅកែផលិតកម្មមហាហង្ស ក្រោយពីសម្រាលកូនស្រីមក និងនាពេលបច្ចុប្បន្នកូនស្រីនាងមានវ័យជិត ២ ខួបទៅហើយដែរ។ កាលពីពេលបើកសម្ពោធដាក់បញ្ចាំងកុនភាគរបស់ផលិតកម្មមហាហង្សជាផ្លូវការ ដែលបានចាក់ផ្សាយនៅប៉ុស្តិ៍ទូរទស្សន៍ PNN កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៨ នាពេលកន្លងមកនោះ៕