ភ្នំពេញ៖ ក្នុងស្បៃរាត្រីនៃព្រៃដ៏ងងឹត ស្រមោលមនុស្សក្នុងឯកសណ្ឋានសិស្សដៃកាន់សៀវភៅ ហាក់កំពុងគេចដុំភ្លើងឆាបឆេះដែលឆ្លុះបញ្ចាំងពីការលំបាកផ្នែកសិក្សាអប់រំក្នុងតំបន់នោះនាសម័យសាធារណរដ្ឋខ្មែរ។
នេះជាស្នាដៃ ១ ចំណោមរូបថត ៦ សន្លឹក របស់លោក ប៉ៃ ប៊ុនណារ័ត្ន ក្នុងពិព័រណ៍ «រំឭក» ឯវិចិត្រសាលទទឹម។
រំឭកជាពិព័រណ៍ដែលចូលរួមដោយក្រុមសិល្បៈសុភីលីន និងលោក ប៉ៃ ប៊ុនណារ័ត្ន ដែលបង្ហាញពីស៊េរីរូបថតសិល្បៈសហសម័យក្នុងគោលបំណងរំឭកឡើងវិញនូវរឿងរ៉ាវប្រវត្តិសាស្រ្ត និងសោកនាដកម្ម មុន និងអំឡុងពេលរបបខ្មែរក្រហម។
អ្នកថតរូបឯករាជ្យ ប៊ុនណារ័ត្ន ដែលបញ្ចប់ថ្នាក់រូបថតសហសម័យ និងបែបឯកសារនៅគម្រោងសិល្បៈស-ស ឆ្នាំ ២០១៨ បាននាំនូវស្នាដៃទាក់ទងនឹងប្រវត្តិសាស្រ្តកម្ពុជា។
លោក ប៊ុនណារ័ត្ន បាននិយាយប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «អ្នកខ្លះធ្វើអំពីបម្រែបម្រួលអាកាសធាតុ ឬបម្រែបម្រួលការអភិវឌ្ឍ ខ្លះធ្វើអំពីរូបភាពឯកសារ ខ្លះទៀតធ្វើអំពីជីវិតប្រចាំថ្ងៃ និងមានប្រធានខុសៗគ្នាច្រើនទៀត។ សម្រាប់ខ្ញុំបានជ្រើសរើសយកអំពីឯកសារក្នុងតំបន់រំដោះ ដែលសិ្ថតនៅក្នុងសម័យសាធារណរដ្ឋខ្មែរ មកផលិតជារូបភាពឯកសារសម្រាប់គម្រោងមួយនេះ»។
លោកបានបន្តថា៖ «ដោយសារតែមិនសូវមានឯកសារគ្រប់គ្រាន់ទាក់ទងទៅនឹងតំបន់រំដោះ ទើបធ្វើឱ្យខ្ញុំសម្រេចចិត្តយកប្រធានបទនេះឡើង ដើម្បីឱ្យអ្នកទស្សនាបានយល់ដឹងពីតំបន់មួយនេះផងដែរ»។
សម្រាប់រូបលោក ការថតរូបមិនមែនឱ្យមានម៉ាស៊ីនថតអាចថតរូបឱ្យមានអត្ថន័យ និងស្អាតបាននោះទេ។ វាទាមទារឱ្យមានការសិក្សា ហ្វឹកហាត់ អនុវត្ត និងស្វែងយល់ឱ្យស៊ីជម្រៅ។
អ្នកថតរូបឯករាជ្យ ដែលប្រកាន់ខ្ជាប់នូវទម្រង់រូបថតសហសម័យរូបនេះ បានរៀបរាប់ពីការចាប់ផ្ដើមអាជីពថតនេះថា៖ «ដោយសារតែកាលនៅពីក្មេងនៅផ្ទះរបស់ខ្ញុំមានកាមេរ៉ា ១ គ្រឿង ហើយខ្ញុំតែងតែយកវាមកលេង និងមើលជាប្រចាំ។ ណាមួយពេលដែលខ្ញុំធំមកអត់មានរូបថតឯកសារដូចគេ ទើបធ្វើឱ្យខ្ញុំចង់ក្លាយជាអ្នកថតរូប»។
លោកបន្តទៀតថា៖ «ខ្ញុំបានចាប់ផ្ដើមប្រឡូកក្នុងវិស័យថតរូបតាំងពីឆ្នាំ ២០១៤ មក ហើយចាប់ផ្ដើមប្រឡូកខ្លាំងនៅប្រមាណឆ្នាំចុងក្រោយនេះ ហើយធ្លាប់គិតថា ចង់ឈប់ និងបោះបង់ចោល ដែលកាលពី ១ ឆ្នាំដំបូង ប៉ុន្តែពេលឃើញរូបភាពស្អាតៗចាប់ផ្ដើមមានកម្លាំងចិត្តដើរទៅមុខតទៀតរហូតមកដល់សព្វថ្ងៃនេះ»។
ជាកូនពៅក្នុងគ្រួសារ ដែលជីវភាពមានសភាពមិនធូរធារ និងរស់នៅបែកបាក់គ្នា លោក ប៊ុនណារ័ត្ន បានសម្រេចចិត្តចាប់អាជីពថតរូប ក្រោយពីលោកបានចាកចេញពីទីកំណើតឯខេត្តបាត់ដំបង មករស់នៅរាជធានីភ្នំពេញតែម្នាក់ឯង។
អ្នកថតរូបវ័យ ៣១ ឆ្នាំ ធ្លាប់បោះបង់ចោលនូវក្ដីស្រមៃលើវិថីរូបថត ដោយសារតែកង្វះខាតសម្ភារ និងកាមេរ៉ា។ ប៉ុន្តែទម្ងន់ទឹកចិត្តស្រឡាញ់វិស័យថតរូបបានរុញច្រានឱ្យលោក តស៊ូជម្នះរហូតសព្វថ្ងៃនេះ។
លោក ប៊ុនណារត្ន័ បានប្រាប់ឱ្យដឹងថា៖ «ចាប់ពីឆ្នាំ ២០១៤ មកខ្ញុំបានសិក្សាស្រាវជ្រាវរៀនដោយខ្លួនឯង ក៏ដូចជាសួរសិស្សច្បងខ្លះពីមួយផ្នែកទៅមួយផ្នែក។ រហូតដល់មានគំនិតចង់បងើ្កតស្នាដៃមួយឱ្យមានគេទទួលស្គាល់ ហើយក៏ចាប់ផ្ដើមស្វែងយល់ថា គួររៀនអ្វីបន្តទៀតអ៊ីចឹង»។
លោកបានចំណាយពេល ៥ ទៅ ៦ ខែសម្រាប់ការរៀនថ្នាក់មូលដ្ឋានគ្រឹះនៃការថតរូប ដោយសារតែលោកមិនសូវចេះភាសាអង់គ្លេស។ រហូតដល់ចុងឆ្នាំ ២០១៦ លោកក៏បានចូលរៀនថ្នាក់មូលដ្ឋានគ្រឹះថតរូបនៅក្រុមហ៊ុន NIKON និងនៅឆ្នាំ ២០១៨ លោកបានទទួលអាហារូបករណ៍សិក្សានៅគម្រោងសិល្បៈ ស-ស ដោយសារតែពេលនោះមានសិស្សម្នាក់បានបោះបង់ចោលការសិក្សា។
លោកតែងចាត់ទុកអ្នកថតរូបល្បីល្បាញ Thomas Tham ជានិមិត្តរូបនោះ ហើយលោកផ្ដើមមានអារម្មណ៍ពុះកញ្ជ្រោលខ្លាំង ចង់បង្កើតរូបភាពដូចគម្រោងមួយនេះ ក្រោយពីលោកបានជួបគ្រូដ៏ល្អម្នាក់។
ការផលិតរូបឯកសារត្រូវបានចែកចេញជា ៤ ដំណាក់កាលគឺ៖ ការរៀបចំគម្រោងការចុះស្វែងរកឯកសារ (ឯកសាររស់ និងពីបណ្ណាល័យ) ពាក់ព័ន្ធនឹងប្រធានបទ ការផលិតរូបភាព និងការរៀបចំរូបភាពឱ្យមានភាពច្នៃប្រឌិតគួរជាទីទាក់ទាញ។
បុរសមានក្ដីស្រមៃខ្ពស់ក្នុងវិស័យថតរូបនេះលើកឡើងថា៖ «បើនិយាយទៅការផលិតរូបភាពហ្នឹងអាចប្រើ ពេលប្រហែលជា ១ ឆ្នាំ ប៉ុន្តែខ្ញុំព្យាយាមបន្ថយវាឱ្យសល់ត្រឹមតែ ៦ ខែវិញ»។
អ្នកទស្សនារូបភាពរបស់លោកជាច្រើននាក់ គិតថារូបភាពទាំងនោះដូចជាខ្មោច។ អ្នកខ្លះក៏យល់នូវអត្ថន័យ បង្កប់ក្នុងរូបថត និងមានមនុស្សមួយចំនួនទៀតបានឱ្យលោកជួយបកស្រាយនូវរូបភាពនីមួយៗ។
ដើម្បីបង្កើតស្នាដៃរូបថតសហសម័យបែបនេះ លោកបានលើកឡើងពីផលលំបាកថា៖ «ដោយសារតែធ្វើការផង និងធ្វើគម្រោងផង ហើយណាមួយរូបភាពទាំងអស់ត្រូវថតក្នុងព្រៃ មិនសូវមានពន្លឺគ្រប់គ្រាន់។ ខ្ញុំឆ្លៀតខ្លាំងណាស់ ដើម្បីធ្វើគម្រោងមួយនេះ ឱ្យបានចប់ទាន់ពេលវេលា»។
ពិព័រណ៍ រំឭក ដែលមានស្នាដៃរូបថតលោក ប៊ុនណារ័ត្ន នឹងបន្តរហូតដល់ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២១ នៅវិចិត្រសាល និងហាងកាហ្វេ ទទឹម ស្ថិតនៅផ្ទះលេខ ១៨១ ផ្លូវលេខ ៤២៦ សង្កាត់ទួលទំពូង ២៕
ហ៊ុន សុភារ៉ា