ភ្នំពេញ៖ ប្ដីប្រពន្ធមានស្រុកកំណើតនៅខេត្តព្រៃវែង ដែលធ្លាប់រស់នៅពីក្រោយហាងលក់ស៊ុប ហើយផ្ទះរបស់ពួកគាត់ត្រូវបានគេបោះចោលស្នែងគោក្របីគរស្អុយរលួយភាយក្លិនទាក់សត្វល្អិតរោមជុំជិតនោះ បានប្រើប្រាស់សំរាមទាំងនេះផ្លាស់ប្ដូរជីវិតពួកគាត់ទាំងស្រុង។
អ្នកស្រី កួន ចិន្តា និងលោក ទ្រី សុចាន់ ជាស្វាមីសព្វថ្ងៃជាស្ថាបនិកហាង សុមនា ដែលជាសិប្បកម្មកែច្នៃស្នែងត្រូវបានគេបោះចោលធ្វើជាវត្ថុប្រើប្រាស់ និងគ្រឿងអលង្ការយ៉ាងស្រស់ស្អាត។
ស្ថិតនៅរោងសិប្បកម្មពោរពេញដោយពំនូកស្នែងគោក្របី ក្នុងសង្កាត់ ជើងឯក អ្នកស្រី ចិន្តា បានរៀបរាប់ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ពីរឿងរ៉ាវកាលពីជាង ២ ទសវត្សរ៍មុនថា៖ «ដំបូងពួកយើងក៏មិនចង់អើពើចំពោះវាដែរ តែកាន់តែយូរ វារំខានដល់ការរស់នៅរបស់យើងកាន់តែខ្លាំង យើងក៏គិតគ្នាយកវាមកដុសរូសដាក់ហាលថ្ងៃ ធ្វើយ៉ាងណាឱ្យតែវាបាត់ស្អុយ។ ពេលនោះយើងគ្មានគំនិតស្អីក្រៅពីនេះទេ»។
មកដល់ឆ្នាំ ១៩៩៨ ពួកគាត់ក៏ទទួលបានការបង្រៀនពីអង្គការប្រាសាក់នៅឯខេត្តព្រៃវែង ពីការកែច្នៃស្នែងឱ្យទៅជារបស់មានប្រយោជន៍ដូចជាគ្រឿងសង្ហារិមជាដើម។
លោក ទ្រី សុចាន់ ជាស្វាមីចាប់ផ្ដើមស្រឡាញ់ជំនាញនេះយ៉ាងខ្លាំងរហូតដល់លោកក្លាយជាគ្រូបង្រៀនកែច្នៃស្នែងសត្វពាហនៈ នៅអង្គការប្រាសាក់ ដែលផ្ដើមចេញពីគម្រោងអភិវឌ្ឍន៍ក្រោមជំនួយសហភាពអឺរ៉ុប មុនវិវឌ្ឍខ្លួនជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
បន្ទាប់ពីគម្រោងអង្គការត្រូវបានបញ្ចប់មួយរយៈ អ្នកស្រី ចិន្តា បានរៀបរាប់ដំណើររឿងថា៖ «ពួកយើងសម្រេចចិត្តដើរធ្វើការងារជាច្រើន ទាំងជាកម្មករសំណង់ឆ្លងពីខេត្តដល់ថៃ ក្រោយមកយើងនឿយណាយនឹងការធ្វើការងារឱ្យគេពេក ស្វាមីរបស់ខ្ញុំក៏សម្រេចចិត្តសាកយកចំណេះនេះមកធ្វើ បើទោះដឹងថាអាចនឹងគ្មានអ្នកគាំទ្រក៏ដោយ»។
ដោយផ្ដើមអាជីវកម្មតូចក្នុងឆ្នាំ ២០០៣ រហូតមកដល់ឆ្នាំ ២០១៧ អ្នកស្រី និងស្វាមី មានតុដាក់លក់វត្ថុច្នៃពីស្នែង នៅម្ដុំវត្តភ្នំ រហូត ១ ឆ្នាំក្រោយទើបអ្នកស្រីមានហាងត្រឹមត្រូវនៅផ្សារទំនើបសូរិយាជាន់ទី៤ រហូតមកដល់បច្ចុប្បន្ន។
អ្នកស្រីវ័យ ៣៨ ឆ្នាំរូបនេះបានរៀបរាប់ថា៖ «១៧ ឆ្នាំ គឺជាការធ្វើដំណើររយៈពេលដ៏វែងសម្រាប់យើង។ មានជាច្រើនដងដែលខ្ញុំសួរទៅប្ដីខ្ញុំថា ហេតុអីគាត់មិនឈប់ទាំងដែលឃើញហើយថាវាមិនទៅមុខ។ គាត់ឆ្លើយប្រាប់ថាគាត់ស្រឡាញ់ ហើយគាត់ចង់ឱ្យក្មេងជំនាន់ក្រោយបានឃើញអ្វីដែលគាត់បន្សល់ទុក។ ខ្ញុំក៏គិតថាបើគាត់តស៊ូដើរយ៉ាងនេះ ខ្ញុំនឹងដើរជាមួយគាត់ឱ្យឆាប់ដល់»។
អ្នកស្រីបានលើកទឹកចិត្តខ្លួនឯងថា៖ «យ៉ាងណាយើងមិនបានចំណាយថវិកាអ្វីច្រើនទេ យើងចាប់ផ្ដើមដោយការរើសស្នែង ឈើ និងឫសឈើដែលគេបោះចោល បើទោះក្រោយ មកយើងទិញ ក៏វាមិនថ្លៃ បើគិតទៅវាគ្រាន់តែជាសំរាមដែលគេមិនត្រូវការ។ បើយើងខាត គឺខាតតែកម្លាំង និងពេលវេលា»។
ដោយស្វាមីទទួលបន្ទុកការងារច្នៃស្នែងទាំងស្រុង ហើយភរិយាជាអ្នកស្វែងរកទីផ្សារនារយៈពេលច្រើនឆ្នាំមកនេះ អ្នកស្រី ចិន្តា និងស្វាមីបានអភិវឌ្ឍការកែច្នៃឱ្យក្លាយជាសម្ភារផ្សេងៗ ទាំងរបស់ប្រើប្រាស់ គ្រឿងសង្ហារិម និងគ្រឿងអលង្ការ។
អ្នកស្រីបន្តថា៖ «ពេលមុនយើងធ្វើពីស្នែងសុទ្ធ តែវាមិនសូវកែច្នៃបានច្រើនទើបយើងលាយវាជាមួយឈើ ស្ពាន់ និងប្រាក់ផ្សេងៗ ធ្វើចេញជារូបក្ដាម សេះ ក្រាស បាតស្បែកជើង សេនម៉ាស្សា គោម ដង្កៀប ឧបករណ៍ភ្លេងខ្មែរ ក្រវិល ចិញ្ចៀន ខ្សែក និងរបស់ជាច្រើនទៀត»។
ក្នុងដំណាក់កាលនៃការកែច្នៃស្នែង រាប់តាំងពីការដុសសម្អាត ដុសខាត់ ច្នៃ និងប៉ូលា ការលាងចំណាយពេលយូរ និងជាដំណាក់កាលពិបាកបំផុត។
យ៉ាងណាមិញ ភាពពិសេសនៃផលិតផលស្នែងដែលអ្នកស្រីស្រឡាញ់បំផុតគឺ «ពណ៌ដែលគ្មាន ២»។
អ្នកស្រី ចិន្តា បានពន្យល់ថា៖ «ពេលវានៅរស់ វាតែងយកស្នែងវាទៅជល់រាល់ឧបសគ្គដែលវាជួបប្រទះ ដែលបង្កើតឱ្យមានពណ៌ផ្សេងៗមិនដូចគ្នា។ ពេលខ្លះអ្នកទិញគាត់មិនយល់ ដល់ពេលយើងអត់មានពណ៌ដែលគាត់ត្រូវការ គាត់ក៏មិនយក។ យើងក៏មិនដឹងធ្វើយ៉ាងម៉េច»។
តម្លៃផលិតផលច្នៃពីស្នែងជាគ្រឿងអលង្ការថ្លៃបំផុតគឺ ៣៥ ដុល្លារ តែបើគ្រឿងសង្ហារិមអាចមានតម្លៃពី ២០០ ទៅ ៣០០ ដុល្លារ។
ផ្ដើមពីការគាំទ្រជាវដោយភ្ញៀវបរទេសរហូតដល់អតិថិជនរួមជាតិ អ្នកស្រីបានអះអាងថា សិប្បកម្មច្នៃស្នែងសត្វពាហនៈមិនមែនជាការលើកទឹកចិត្តឱ្យសម្លាប់សត្វនោះទេ។ អ្នកស្រីគ្រាន់តែកែច្នៃអ្វីដែលគេបោះចោលឱ្យទៅជារបស់មានតម្លៃ ហើយវាក៏រួមចំណែកកាត់បន្ថយសំរាម និងការពារបរិស្ថានផងដែរ។
ស្ត្រីដែលទទូចឱ្យមហាជនចូលរួមកាត់បន្ថយ និងបន្ថែមការកែច្នៃសំរាមរូបនេះ បានលើកឡើងថា៖ «វាអាចគ្រាន់តែជាស្នែង តែក្នុងនេះបើយើងកាន់តែធ្វើ យើងកាន់តែមានគំនិតច្នៃប្រឌិតហើយអាចយកវាជារបរចិញ្ចឹមជីវិត។ ខ្ញុំជឿថា ក្មេងជំនាន់ក្រោយអាចធ្វើលើសប្ដីខ្ញុំធ្វើផង»។
ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រ ហ្វេសប៊ុក សុមនា (so monea) ឬទំនាក់ទំនងទូរស័ព្ទលេខ ០១១ ៨០៥ ៨៦៦ និង ០៨៧ ៤៤៧ ៣៨៦៕
វីដេអូ៖