កំពត៖ មើល​ឃើញ​ពី​លទ្ធភាព​​ខ្សត់ខ្សោយ​នៃ​ឱកាស​ការ​សិក្សា​​ និង​គោរព​ដល់​ទឹក​ចិត្ដ​ពលរដ្ឋ​កម្ពុជា​ ដែល​តែងតែ​ចេះ​ចែក​រំលែក​ និង​ជួយ​យក​អាសា​គ្នា​ទោះ​ក្នុង​គ្រា​ក្រ​លំបាក ប្ដី​ប្រពន្ធ​ចំណាស់​អូស្ដ្រាលី ​១ ​គូ ​បាន​សម្រេច​ចិត្ដ​លក់​អស់​ទ្រព្យ​សម្បត្ដិ​មក​បង្កើត​សាលា​សហគមន៍​មួយ​ក្នុង​ខេត្ដ​កែប ​ដោយ​ផ្ដល់​ការ​អប់រំ​ដល់​កុមារ​ឥត​គិត​ថ្លៃ​។

អ្នកស្រី Janine Judd ស្ថាបនិក​អង្គការ Kep Gardens Association បាន​និយាយ​ថា​៖ «​មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​មាន​ឱកាស​។ ដឹង​ទេ​ថា ពួក​គេ​អាច​ក្លាយ​ជា​នាយក​រដ្ឋមន្ដ្រី​ដែល​ចេញ​​ពី​សហគមន៍​នេះ​។ យើង​គួរ​តែ​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​លទ្ធភាព​បង្ហាញ​សក្ដានុពល​របស់​ខ្លួន​»។

Kep Gardens Association ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​២០០៨ ចម្ងាយ​ប្រមាណ ១០ គីឡូម៉ែត្រ ​ពី​ក្រុង​កែប​ គឺ​ជា​គម្រោង​អភិវឌ្ឍ​សហគមន៍​មួយ​ដោយ​មិន​ផ្ដោត​លើ​បញ្ហា​នយោបាយ និង​សាសនា​។ វា​ជា​អង្គការ​បណ្ដុះបណ្ដាល​ និង​ផ្ដល់​ការ​អប់រំ​ដល់​កុមារ​ជនបទ​។

អ្នកស្រី Janine បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ខុស​គ្នា​ឆ្ងាយ​ពី​មាតុភូមិ​កំណើត​របស់​ខ្ញុំ​ ដែល​​ជា​សង្គម​ស៊ីវិល័យ​ ហើយ​ពេល​យើង​បាន​ឃើញ​បែប​នេះ យើង​ស្រាប់​តែ​មាន​បំណង​ចង់​ជួយ​ គឺ​លើ​បញ្ហា​អប់រំ​នៅ​ជនបទ​ ទោះ​យើង​មាន​លទ្ធភាព​ស្ដួច​ស្ដើង​ក្រោយ​ពេល​ចូល​​និវត្ដន៍​»។

អ្នកស្រី Janine Judd ស្ថាបនិក​អង្គការ Kep Gardens Association។ហុង មិនា

អ្នកស្រី​ធ្លាប់​តែ​សិស្ស​ក្រៅ​ម៉ោង​ថ្នាក់​ភាសា​អង់គ្លេស​ម្នាក់​ ថ្ងៃ​នេះ​អស់​រយៈពេល ១០ ឆ្នាំ​ បាន​នាំ​កូន​​ស្រី ​២ ​នាក់ ​របស់​ខ្លួន​មក​បន្ដ​ទទួល​យក​នូវ​ចំណេះដឹង​ដូច​ខ្លួន​​ទៀត​។

អ្នកស្រី​និយាយ​ទទួល​ស្គាល់​ថា​៖ «​នៅ​ទី​នេះ​ពិត​ជា​ងាយ​ស្រួល ដោយសារ​ការ​បង្រៀន​យក​ចិត្ដ​ទុក​ដាក់​ ឆាប់​ចេះ​ និង​ជួយ​សម្រាល​បន្ទុក​ខ្ញុំ​ផង​ដែរ។ ពេល​ស៊ាំ​រៀង​រាល់​ថ្ងៃ ពេល​ដល់​ម៉ោង គាត់​ទារ​មក​រៀន​ហើយ​។ ខ្ញុំ​ទុក​ចិត្ដ ដោយសារ​មាន​អ្នក​ជួយ​មើល​ថែ​ក្មេង​នៅ​ទីនេះ​»។

រយៈពេល​ជាង ១ ​ទសវត្សរ៍​ អង្គការ​ Kep Gardens ផ្ដោត​លើ​ការ​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស​បំណង​ជា​គ្រឹះ​អាជីព​ការងារ​នៅ​ក្នុង​ខេត្ដ​ទេសចរណ៍​កែប​មួយ​នេះ​។

អ្នកស្រី Janine Judd បាន​ប្រាប់​ថា​​៖ «​សិស្ស​រៀន​ក្នុង​ថ្នាក់​ទី ៤, ៥ និង ៦ យើង​ផ្ដោត​សំខាន់​​លើ​ជំនាញ​នៃ​ការ​ស្ដាប់​ និង​​សន្ទនា​ ពី​ព្រោះ​ជា​មូលដ្ឋាន​ អ្វី​ដែល​យើង​ត្រូវ​ការ​ធ្វើ​ចម្បង​ក្នុង​​បណ្ដា​តំបន់​ទេសចរណ៍​។ ពួក​គេ​នឹង​ទទួល​បាន​នូវ​ការងារ​ដែល​តម្រូវ​ឲ្យ​ចេះ​​ភាសា​អង់គ្លេស​ដូចជា នៅ​កែប និង​កំពត​នេះ​ជា​ដើម​»។

អង្គការ​​​ជួយ​មើល​ក្មេង​ ដែល​ឪពុកម្ដាយ​​យក​​មក​ផ្ញើ​​​។ហុង មិនា

កាល​ពី ៤ ឆ្នាំ​មុន Kep Gardens ចាប់​ផ្ដើម​បើក​ថ្នាក់​មត្តេយ្យ​ និង​បរិវេណ​លេង​កុមារ​តូចៗ​ បន្ទាប់​ពី​ថ្នាក់​ក្រៅ​ម៉ោង​ភាសា​អង់គ្លេស​។ យ៉ាង​ណា​មិញ អ្នកស្រី​និយាយ​ថា សាលា​រៀន​សហគមន៍​មួយ​នេះ​ផ្ដោត​សំខាន់​​លើ​វិន័យ​ជា​ចម្បង​។

អ្នកស្រី​បន្ដ​ថា​៖ «​ពួក​គេ​ត្រូវ​មក​រៀន​ទាន់​ពេល និង​ជា​ប្រចាំ​ ដោយសារ​មួយ​​ថ្ងៃ គាត់​រៀន​តិច​ម៉ោង​ណាស់​ និង​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​ឡើយ​។ យើង​មាន​សិស្ស​អង់គ្លេស​ប្រមាណ ២៥ នាក់ ក្នុង ​១ ​ថ្នាក់​ និង​ថ្នាក់​មត្តេយ្យ​ ១៥ នាក់​ក្នុង ​១ ថ្នាក់​»។

កម្មវិធី​សិក្សា​សម្រាប់​សិស្ស​ជំទង់​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​សិស្ស​ថ្នាក់​ទី ១០ ទី ១១ ដើម្បី​សិក្សា​ជំនាញ​ដឹកនាំ​ទំនាក់ទំនង ដោះ​ស្រាយ​វិវាទ​ការ​សម្រេច​ចិត្ដ និង​ការ​​ទទួល​ខុស​ត្រូវ​។ សម្រាប់​សិស្ស​ថ្នាក់​ទី ១២ ពួក​គេ​បង្កើត​កិច្ច​ប្រជុំ និង​ទទួល​ខុស​ត្រូវ​ចំពោះ​កិច្ចការ​ផ្សេងៗ ដូចជា កីឡា រៀបចំ​របៀបវារៈ និង​របៀប​សរសេរ​ខ្លឹមសារ​ក្នុង​កិច្ច​ប្រជុំ​ជា​ដើម​។

ស្ថាបនិក​ Kep Gardens បាន​និយាយ​ថា ថ្ងៃ​នេះ​ អង្គការ​មាន​បុគ្គលិក ​២៦ នាក់ ​ដែល​សុទ្ធ​តែ​ជា​អ្នក​ភូមិ​ក្បែរ​ខាង​។ ក្មេង ៣ នាក់​មក​ទី​នេះ​តាំង​ពី​តូចៗ​ ដែល​អ្នកស្រី​មើល​ឃើញ​ពី​ការ​រីក​ធំធាត់​របស់​ពួក​គេ​ ហើយ​បច្ចុប្បន្ន​ពួក​គេ​បាន​បញ្ចប់​ថ្នាក់​ទី ១២ ហើយ​ខ្លះ​ក៏​បាន​មក​បង្រៀន​ទី​នេះ​បន្ដ​។

ទីតាំង Kep Gardens Association ស្ថិត​នៅ​ជើង​ភ្នំ​​។ហុង មិនា

ថ្វី​ដ្បិត​តែ Kep Gardens បាន​ពង្រីក​វិសាលភាព​របស់​ខ្លួន​ពី ​១ ​ឆ្នាំ​ទៅ ​១ ឆ្នាំ​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នកស្រី Janine មើល​ឃើញ​ពី​ការ​លំបាក ​២ យ៉ាង ​ដែល​អង្គការ​នៅ​តែ​ប្រឈម​។

អ្នកស្រី​បាន​ឲ្យ​ដឹង​ថា​៖ «​បញ្ហា​ចម្បង​មួយ ​គឺ​ធនធាន​សម្ភារ​ ពី​ព្រោះ​ទោះ​ដល់​​បច្ចុប្បន្ន យើង​ពិបាក​រក​សម្ភារ​សិក្សា​នៅ​កំពត​ ហើយ​បើ​នៅ​កែប​អត់​តែ​ម្ដង​។ យើង​ពិបាក​រក​ទិញ​បដា​អក្សរ​អង់គ្លេស​ ដោយ​ភាគ​ច្រើន​យើង​ច្នៃ​បង្កើត​ខ្លួន​ឯង​។ អ៊ីនធឺណិត​ក៏​អត់​ ហើយ​ឥឡូវ​រាង​គ្រាន់​បើ​បន្ដិច​។ មួយ​ទៀត មូលនិធិ​ទ្រទ្រង់ ​គឺ​ជា​ផល​វិបាក​ឥត​ស្រាកស្រាន្ដ​របស់​យើង​។ លុយ​គឺ​ជា​សុបិន​អាក្រក់​បំផុត​សម្រាប់​យើង​។ ​បច្ចុប្បន្ន វា​ក្លាយ​ជា​ឧបសគ្គ​សំខាន់​មួយ ពី​ព្រោះ​យើង​អស់​លុយ​ហើយ។​

កញ្ញា ញឹម សុយីន អាយុ ១៧ ឆ្នាំ បាន​បន្ដ​សិក្សា​ភាសា​អង់គ្លេស​នៅ Kep Gardens រយៈពេល ៧ ឆ្នាំ ហើយ​យុវតី​រូប​នេះ បាន​បង្រៀន​ថ្នាក់​មត្តេយ្យ​នៅ​អង្គការ​នេះ​ផង​ដែរ​។

និស្សិត​ច្បាប់​រូប​នេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «ខ្ញុំ​ចង់​ជួយ​បង្រៀន​ក្មេងៗ​ដោយ​ចែក​រំលែក​ចំណេះដឹង​ដែល​ខ្ញុំ​បាន​រៀន​បាន​ដឹង​ និង​ជួយ​កាត់​បន្ថយ​ការងារ​របស់​គាត់​ពីព្រោះ​ខ្ញុំ​រៀន​នៅ​ទីនេះ​ គាត់​អត់​យក​លុយ​ទេ​។ និយាយ​ទៅ សិស្ស​ទាំង​អស់​គ្នា គឺ​អត់​យក​ទាំង​អស់​។ ខ្ញុំ​គ្មាន​អ្វី​តប​ស្នង​ទៅ​គាត់ ក្រៅ​ពី​​ជួយ​សម្រាល​ការងារ​ខ្លះ​ពី​គាត់​ប៉ុណ្ណោះ​​។

កុមារ​ត្រឡប់ទៅ​ផ្ទះជាមួយ​ម្ដាយ​ទាំង​ស្នាម​ញញឹម​​​។ហុង មិនា

កញ្ញា ញឹម សុយីន បាន​និយាយ​ក្នុង​ទឹក​មុខ​ដែល​ពិបាក​នឹង​សម្រេច​ចិត្ដ​​ថា​៖ «​បើ​សាលា​នេះ​ពិត​ជា​ត្រូវ​បិទ​ទ្វារ​រហូត​មែន ខ្ញុំ​ពិត​ជា​អន់​ចិត្ដ​ខ្លាំង​ណាស់ ពី​ព្រោះ​ខ្ញុំ​ចង់​ឲ្យ​គាត់​បន្ដ​ជួយ​ក្មេង​នៅ​ទី​នេះ​។ ក្មេងៗ​បុក​មក​រៀន​កាន់​តែ​ច្រើន​ពី ​១ ​ឆ្នាំ ​ទៅ ​១ ​ឆ្នាំ​។ កាល​ពី​ឆ្នាំ​មុន មាន​​ជាង ២០០ នាក់ តែ​ឆ្នាំ​នេះ​ជិត ៤០០ នាក់។ អ៊ីចឹង គាត់​ត្រូវ​បន្ថែម​ថ្នាក់ ការ​ចំណាយ​កាន់​តែ​ច្រើន ហើយ​គាត់​មាន​ថ្នាក់​បំប៉ន​សម្រាប់​សិស្ស​រៀន​ថ្នាក់​ទី ១២ ឆ្នាំ​នេះ​ផង​ដែរ»។

កញ្ញា​បញ្ជាក់​ថា​៖ «​យ៉ាង​ណា​ក៏​ដោយ គាត់​មិន​អាច​បិទ​នោះ​ទេ ហើយ​បើ​ទាល់​​មែនទែន ខ្ញុំ​គិត​ថា គាត់​ត្រឹម​បិទ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ ខ្ញុំ​គិត​ថា គាត់​នឹង​មាន​ដំណោះ​ស្រាយ​ ហើយ​ខ្ញុំ​មិន​អាច​ទទួល​បាន​នោះ​ទេ បើ​សិន​ជា​មាន​ថ្ងៃ​នោះ​មែន​»។

សម្រាប់​ព័ត៌មាន​លម្អិត​ អាច​ចូល​ទៅ​កាន់​ វេបសាយ​ http://kepgardens.com/ ឬ​អ៊ីមែល kepgardens513@gmail.com៕