ក្រុងសៅប៉ូឡូ: ឆ្កែ​ប្រេស៊ីល​មួយ​ក្បាល​មាន​សិទ្ធិ​ទទួល​បាន​ការ​មើល​ថែ និង​កាតព្វកិច្ច​សួរ​សុខទុក្ខ​ពី​អាណាព្យាបាល​ ក្រោយ​ពី​តុលាការ​បាន​បង្គាប់​ថា ប្ដី​ប្រពន្ធ​លែង​លះ​គ្នា​មួយ​គូ​ត្រូវ​ចែក​រំលែក​ភាព​កក់ក្ដៅ​ដល់​សត្វ​​ចិញ្ចឹម​របស់​ខ្លួន​។

ប្ដី​ប្រពន្ធ​នៅ​ក្រុង​​ សៅប៉ូឡូ​ បាន​ចិញ្ចឹម​ឆ្កែ​ពូជ Yorkshire រួម​គ្នា​ក្នុង​ឆ្នាំ​ ២០០៨ ប៉ុន្ដែ​ឆ្កែ​នេះ​បាន​ក្លាយ​ជា​ជម្លោះ​ដណ្ដើម​គ្នា​ពេល​ពួកគេ​លែង​លះ​ក្នុង​ឆ្នាំ​ ២០១១​។

យោង​តាម​អតីត​ស្វាមី​ ស្ដ្រី​រូប​នេះ​មិន​ត្រឹម​តែ​ខែង​រ៉ែង ​ចំពោះ​សត្វ​ចិញ្ចឹម​នេះ​ទេ ប៉ុន្ដែ​ថែម​ទាំង​រាងកាយ​លោក​មិន​ឲ្យ​ចូល​ជួប​ឆ្កែ​សំណព្វ​ទៀត​។ នេះ​បើ​យោង​តាម​តុលាការ Superior Justice Tribunal បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ពី​ទីក្រុង​ ប្រេស៊ីលីយ៉ា​។

ដោយ​នាំ​យក​រឿង​ក្ដីក្ដាំង​ដណ្ដើម​ឆ្កែ​នេះ​ឡើង​ដល់​តុលាការ ​ចាប់​ពី​តុលាការ​ក្រុង​សៅប៉ូឡូ រហូត​ដល់​សាលា​ឧទ្ធរណ៍ Superior Justice Tribunal បុរស​រូប​នេះ​បាន​អះអាង​ថា វា​ជា​ការ​បំបែក​បំបាក់​ដោយ​ឥត​ក្ដី​មេត្ដា​ណាស់​។

តុលាការ​បាន​បង្គាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ឲ្យ​រក្សា​សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ សៅប៉ូឡូ​ ដែល​អនុគ្រោះ​ដល់​បុរស​ស្រឡាញ់​ឆ្កែ​នេះ​ផង​។ ពេល​នេះ​លោក​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​ឆ្កែ​សំណាង​នៅ​ពេល​ចុង​សប្ដាហ៍ ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ទាន និង​ការ​ប្រារឰ​អប់អរ​បំណាច់​ឆ្នាំ​។

តុលាការ​បាន​បន្ដ​ថា​៖ «​លោក​ក៏​អាច​ចូលរួម​ក្នុង​សកម្មភាព​ផ្សេងៗ​ទៀត​ដូចជា ការ​នាំ​សត្វ​ចិញ្ចឹម​ទៅ​ពិនិត្យ​សុខភាព​ជាដើម​»៕ HR