ក្រុងរ៉ូម៖ ប្ដី​ប្រពន្ធ​អ៊ីតាលី ​១ ​គូ ​បាន​រួច​ផុត​គ្រោះ​រអិល​បាក់​ដី​ដល់​ជីវិត ​ដែល​​ធ្វើ​ឲ្យ​ពួក​គេ​បាក់​រលំ​ក្រោយ​ពី​ត្រូវ​បាន​​ដាស់​ឲ្យ​ភ្ញាក់​ពី​ដំណេក​ដោយ​ឆ្មា​របស់​ពួក​គេ​ ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​មាន​ឱកាស​រត់​គេច​ខ្លួន​។ នេះ​បើ​យោង​តាម​របាយការណ៍​ព័ត៌មាន​ចុះ​ផ្សាយ​​កាល​ពី​ថ្ងៃ​ពុធ​។

លោក ក្លូឌីអូ ព្យាណា បាន​ប្រាប់​កាសែត Secolo XIX ក្រោយ​ពី​ព្យុះ​បោក​បក់​ភាគ​ខាង​ជើង​ប្រទេស ​អ៊ីតាលី ដែល​សម្លាប់​អ្នក​បើកបរ​តាក់​ស៊ី​ម្នាក់ និង​បង្ខំ​ឲ្យ​មនុស្ស​ជា​ច្រើន​រត់​គេច​ពី​ផ្ទះ​សំបែង​ថា​៖ «​ប្រពន្ធ​ខ្ញុំ​ក្រោក​ពី​ដំណេក​ដោយសារ​ឆ្មា ស៊ីមបា និង​មូស បង្ក​សំឡេង​រំខាន​ និង​ធ្វើ​ឲ្យ​ពួក​យើង​ភ្ញាក់​»។

លោក​បន្ដ​ថា​៖ «​យើង​បាន​ដឹង​ថា ពួក​វា​កំពុង​លេង​កំបោរ​ដែល​ធ្លាក់​ពី​ពិតាន​។ ក្រោយ​មក យើង​បាន​ឃើញ​ស្នាម​ប្រេះ​តាម​ជញ្ជាំង​»។

លោក ព្យាណា និង​ភរិយា សាប្រ៊ីណា ភេលឡូ​ហ្គ្រីនី បាន​ចូល​គេង​ក្នុង​បន្ទប់​ស្ថិត​នៅ​ឃុំ Campo Ligure កាល​ពី​រាត្រី​ថ្ងៃ​ចន្ទ ខណៈ​ពេល​ខ្យល់​ព្យុះ​ទូទាំង​តំបន់​ Liguria ដែល​ធ្វើ​ឲ្យ​ទន្លេ​នានា​ហូរ​ទឹក​បាក់​ច្រាំង​ បាក់​ស្ពាន បំផ្លាញ​ផ្ទះ​សំបែង ​និង​រអិល​បាក់​ដី​​។

កាសែត​បាន​ឲ្យ​ដឹង​ថា ដោយ​អត់​ដឹង​ខ្យល់​អី គ្រោះ​រអិល​បាក់​​ដី​នេះ​មួយ​បាន​បំផ្លាញ​ផ្ទះ​សំបែង​ជា​ច្រើន​ខ្នង​។

ប្ដី​ប្រពន្ធ​ទាំង ​២ ​នាំ​គ្នា​រត់​ចេញ​ក្រៅ​ផ្ទះ​សំដៅ​ទៅ​រថយន្ត​របស់​ពួក​គេ ប៉ុន្តែ​វា​ត្រូវ​បាន​​ហ៊ុមព័ទ្ធ​ដោយ​ដី​ភក់។

ប្ដី​ប្រពន្ធ​ទាំង ២ ប្រញាប់​រត់​ឡើង​ឡាន​ តែ​វា​បាន​ជាប់​ផុង​នឹង​ភក់​ទៅ​ហើយ​។ ក្រោយ​មក ពួក​គេ​ត្រូវ​បាន​ក្រុម​ពន្លត់​អគ្គិភ័យ​សង្គ្រោះ​។

អ្នកស្រី សាប្រ៊ីណា បាន​រៀប​រាប់​ថា៖ «​​​បង​ប្អូន​​ខ្ញុំ​បាន​ទូរស័ព្ទ​មក​​​ភ្លាមៗ​​នោះ ​ហើយ​គាត់​ស្រែក​ឡើង​ថា ផ្ទះ​ឯង​រលំ​ហើយ មើល​ចុះ»។

វីដេអូ​​ពី​គ្រោះ​មហន្តរាយ​ត្រូវ​បាន​បង្ហោះ​ក្នុង​វេបសាយ ដែល​បង្ហាញ​ផ្ទះ​កម្ពស់ ​២ ជាន់ ​របស់​ពួក​គេ​ដួល​រលំ។

លោក ព្យាណា បាន​បន្ថែម​ថា​៖ «​ពេល​នេះ​យើង​គ្មាន​បញ្ហា​អ្វី​ទេ​។ ក្រុម​សង្គ្រោះ​បាន​និយាយ​ថា យើង​​​អស់​ឱកាស​វិល​ទៅ​នៅ​ក្នុង​ផ្ទះ​វិញ​ហើយ ដោយ​សារ​តែ​វា​គ្រោះ​ថ្នាក់​ណាស់។ យ៉ាង​ហោច​ណាស់ ស៊ីមបា និង​ មូស នៅ​តែ​មាន​ជីវិត​»៕ AFP/HR