ភ្នំពេញៈ ខណៈ​អ្នកសិល្បៈ​ច្រើន​គូ​ដែល​រៀបការ​មិនទាន់​បាន​ ១ ​ឆ្នាំ​ផង ក៏​ស្រូត​មាន​បុត្រ​ដំបូង ដើម្បី​រឹតបន្តឹង​ចំណង​ស្នេហ៍​អាពាហ៍ពិពាហ៍ តែ​សម្រាប់​ប្តី​ប្រពន្ធ​អ្នកសិល្បៈ​ ១ គូ បាន​រៀបការ​ជាង ១ ​ឆ្នាំ​ហើយ​គឺ​តារា​សម្ដែង​សិចស៊ី អ្នកនាង កុល ដាវី និង​តារាចម្រៀង​លោក សុខ រក្សា ហាក់​ដូចជា​មិនទាន់​លេចឮ​ដំណឹង​ល្អ​នេះ​នៅ​ឡើយ​ដែរ​ទេ ក្រោម​ហេតុផល​រវល់​ការងារ​សិល្បៈ​រៀងៗ​ខ្លួន​ខ្លាំងពេក​។

មហាជន​មាន​ការកត់សម្គាល់​ចាប់​តាំងពី​ដើម​ឆ្នាំនេះ​មក​ថា អ្នកនាង កុល ដាវី អាច​នឹង​ពពោះ​កូន​ដំបូង ហើយ​ទំនង​ជា​សម្រាល​នៅ​ចុងឆ្នាំ​ ២០២០ ឬក៏​អាច​ថត​រឿង​ចប់​ឲ្យ​ប៉ុស្ដិ៍​ភីអិនអិន​ក្នុង​រយៈពេល​ដ៏ខ្លី​ខាងមុខ ក៏​អាច​ថា​បានដែរ​មើលទៅ​។ យ៉ាងណា​អ្នកនាង កុល ដាវី ពិតជា​មិនទាន់​មាន​បុត្រ​ជាមួយ​នឹង​ស្វាមី​ដែល​ជា​អតីត​តារាចម្រៀង​នៅ​ទ្រនំ​ផលិតកម្ម​ហង្សមាស ពិតមែន បើទោះបី​ជា​នាពេល​ខ្លះ គេ​សង្កេតឃើញ​ថា​នាង​មាន​អាការ​ដូចជា​កំពុងតែ​ចាញ់កូន​នោះ​ក្ដី​។

តារាស្រី​ល្បីឈ្មោះ​ដោយសារ​មាន​ភាព​សិចស៊ី​ជា​លម្អ​មួយផ្នែក អ្នកនាង កុល ដាវី បាន​បង្ហើប​ប្រាប់​ដោយ​មិនបាន​លាក់លៀម​ថា​៖ «​ខ្ញុំ​អត់​ទាន់​មានកូន​នៅឡើយ​នោះទេ​បង ហើយ​មិន​ទាន់​ពពោះ​ដែរ​។ ប៉ុន្តែ​ខ្ញុំ​អាច​យក​កូន​នាពេល​ឆាប់ៗ​នេះដែរ​ហើយអាច​នៅ​ចុង​ឆ្នាំ​ហ្នឹង (​ឆ្នាំ​ ២០២០) ឬ​ក្រោយ​ពេលដែល​ខ្ញុំ​ថត​រឿង​ ១ ​ចប់​នៅ​ប៉ុស្តិ៍ PNN ហ្នឹង ក៏​ថា​បានដែរ​។ ពួកយើង​ចង់បាន​កូន​ណាស់ តែ​ចង់​បាន​តាម​គម្រោង ព្រោះ​ថា​បើ​ដូច​ឥឡូវនេះ ខ្ញុំ​ជាប់​ថត​រឿង​អ៊ីចឹង ក៏​មិន​អាច​ពពោះ​បានដែរ ទាល់តែ​ធ្វើការ​ឲ្យ​គេ​ចប់​អស់​សិន​»​។ អ្នកនាង កុល ដាវី បាន​បន្តថា​៖ «​នាង​ខ្ញុំ​ទើប​បាន​ថត​ចប់​ភាពយន្ដ​មួយ​ឲ្យ​ហង្សមាស និង​កំពុង​តែ​ថត​រឿង «​សង្គ្រាម​មរតក​» ឲ្យ​ប៉ុស្តិ៍​ PNN ដែល​នឹង​ចប់​នៅ​ខែ​នេះហើយ​»​។

ចាប់តាំងពី​រៀបការ​មាន​ស្វាមី​ជា​តារាចម្រៀង​ប្រុស​លោក សុខ រក្សា ​មក​នោះ​អ្នកនាង​ កុល ដាវី ​ក៏​ទទួល​ថត​សម្ដែង​តែ​រឿង​ណា ដែល​នាង​អាច​ឆ្លៀត​បាន​តែប៉ុណ្ណោះ មិន​ថត​ជាទូទៅ​ដូច​កាល​នៅ​លីវ​នោះទេ ព្រោះ​នាង​ជាប់​រវល់​រកស៊ី​ក្រៅ​សិល្បៈ​ផងដែរ អ៊ីចឹង​ត្រូវ​តែ​បែងចែក​ពេលវេលា​ឲ្យ​បាន​ច្បាស់លាស់ ខណៈ​ស្វាមី​របស់​អ្នកនាង​គឺ​លោក​ សុខ រក្សា ក៏មាន​ភាព​រវល់​ដូច​នាង​ផងដែរ​។ គួរ​បញ្ជាក់ដែរ​ថា អ្នកនាង កុល ដាវី បាន​រៀបការ​ជាមួយ​លោក សុខ រក្សា កាលពី​ថ្ងៃទី​ ៨ ខែ​មីនា ឆ្នាំ​ ២០១៩ ក្រោយពី​បាន​ស្វែងយល់​ចិត្ត​ថ្លើម​គ្នា​ជាង​ ៥ ​ឆ្នាំ​ហើយ​បន្ទាប់ពី​រៀបការ​ជាង ១ ​ឆ្នាំ​នេះ​តារា​ស្រី​សាច់​សខ្ចី​រូបនេះ​ហាក់​ប្ដូរ​ស្ទីល​នៃ​ការស្លៀកពាក់​ខុសពី​មុន​គឺ​មិន​សូវ​បញ្ចេញ​ភាពសិចស៊ី​ខ្លាំង​ទៀត​ទេ​។ ម្យ៉ាងទៀត​គូស្នេហ៍​តារា​ដូចគ្នា ១ ​គូ​នេះ​ចាប់​តាំងពី​ចាប់ដៃ​គ្នា​ជា​ប្ដី-ប្រពន្ធ​មក ពួកគេ​រកស៊ី​ធូរធារ ដោយ​មាន​ផ្ទះ​ដល់​ទៅ ២ ​ល្វែង និង​ជិះ​រថយន្ដ​ទំនើបៗ ហើយ​ក៏​មាន​ដីធ្លី​មួយចំនួន​ទៀតផង​៕