ភ្នំពេញ៖ ការ​ប្រកួត​​ជ្រើសរើស​ស្នាដៃ​តែង​និពន្ធ​ប្រលោម​លោក​រឿង​ខ្លី និង​កំណាព្យ​សម្រាប់​ឆ្នាំ ​២០២០​ បាន​ចាប់​ផ្តើម​​​​​ទទួល​​​យក​នូវ​បេក្ខភាព​ប្រកួត​ប្រជែង​ហើយ ខណៈ​​ពាក្យ​​ទទួល​សា្នដៃ​ប្រកួត​​​ត្រូវ​ផុត​​កំណត់​រហូត​ដល់​ថ្ងៃទី​ ៣១ ខែ​​ ​ឧសភា​ ឆ្នាំ ​២០២០​ ​​នេះ​​​​ជាមួយ​​​​​​​ប្រធាន​បទ​​សរសេរ​​សេរី​។

លោក កុក រស់ ជា​ប្រធាន​នាយកដ្ឋាន​ការ​អាន និង​សៀវភៅ​​​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​​​​មាន​ប្រសាសន៍​ថា​៖ «​នេះ​​​ ​គឺ​ជា​ការ​ប្រកួតប្រជែង​ដើម្បី​ចម្រាញ់​ជ្រើសរើស​យក​ម្ចាស់​ជយលាភី​ផ្នែក​ប្រលោម​លោក​ និង​​កំណាព្យ​រឿង​ខ្លី​​នៅ​ក្នុង​ឆ្នាំ​ ២០២០​ ​នេះ​ ដែល​​បាន​រៀបចំ​ដោយ​​ក្រសួង​​វប្បធម៌ និង​​វិចិត្រ​​សិល្បៈ ដែល​សហការ​ជាមួយ​សមាគម​អ្នក​និពន្ធ​ខ្មែរ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​រាជ​បណ្ឌិត្យ​​សភា​កម្ពុជា​​»។

ការ​ប្រកួតប្រជែង​កាល​ពី​មុន​តែងតែ​​មាន​ការ​កំណត់​ប្រធាន​បទ​សម្រាប់​ការ​តែង​និពន្ធ​ទាំង​ប្រលោម​លោក​រឿង​ខ្លី និង​​កំណាព្យ​ តែ​​​ពេល ២-៣ ឆ្នាំ​​ចុង​ក្រោយ​​នេះ​ បាន​ប្តូរ​មក​ដាក់​​ប្រធាន​​បទ​​សេរី​វិញ​ ដោយសារ​ពេល​​ប្រឡង​បេក្ខជន​​ចូលរួម​ប្រកួត​ ​គឺ​តែង​និពន្ធ​មិន​​សូវ​​ត្រូវ ឬ​​ស្រប​​តាម​ប្រធានបទ ហើយ​ក៏​ជា​​ផល​លំបាក​មួយ​ចំពោះ​ក្រុម​​គណៈកម្មការ​វាយ​តម្លៃ​រក​ម្ចាស់​ជយលាភី​​ដែរ ខណៈ​ការ​ឈប់​​ទទួល​ស្នាដៃ​ប្រកួត​នៅ​ត្រឹម​​​​ថ្ងៃ​ទី ​៣១ ខែ ឧសភា ឆ្នាំ ​២០២០ ​នេះ​។

ប្រធាន​នាយកដ្ឋាន​ការ​អាន និង​សៀវភៅ​បាន​​បន្ត​ថា​៖ «​​​​​ការ​ប្រកួត​ឈរ​​លើ​​គោលការណ៍​​សំខាន់​ ​៣ មាន​​អត្ថន័យ​ (សច្ចធម៌ សីលធម៌ និង​​គុណធម៌​) អត្ថរូប (​​​វិធី​តែង រចនា​ប័ទ្ម និង​​​សិល្ប៍​សោភ័ណ​) និង​អត្ថរស​ (បង្ហាញ​ឲ្យ​ឃើញ​ពី​​ការ​អប់រំ ការ​អភិវឌ្ឍ និង​​រក្សា​តម្លៃ​​​អត្តសញ្ញាណ​ជាតិ​)​។ ឯ​លក្ខខណ្ឌ​វិញ​ក៏​មាន​ ៣ ​ចំណុច​ដែរ ​គឺ​អក្ខរាវិរុទ្ធ ​​តាម​វចនានុក្រម​ខ្មែរ​ ​(សម្តេច​ ជួន ណាត)​ អក្សរ​​វាយ​​កុំព្យូទ័រ (Font យូនីកូត Khmer OS Metal Chrieng​, ទំហំ ១២ ឬ​សរសេរ​ដោយ​ដៃ​ក៏​បាន​) និង​ខ្នាត​ក្រដាស A4 ចន្លោះ​ ១៥-៣០ ទំព័រ ទាំង​​និពន្ធ​ប្រលោម​លោក និង​កំណាព្យ​រឿង​ខ្លី​។ ​ឯ​​ការ​ចម្រាញ់​ជម្រុះ​យក​​បេក្ខភាព​​​នឹង​ធ្វើ​ ៣ ​ដំណាក់​កាល​​ ដើម្បី​​រើស​រក​​ជើង​ខ្លាំង​ចុង​ក្រោយ​​។ ហើយ​​អ្វី​ដែល​ពិសេស​នោះ ឆ្នាំ​នេះ​​​ បេក្ខជន​ម្នាក់​អាច​មាន​សិទ្ធិ​ដាក់​ស្នាដៃ ​២ ​បាន​គឺ​ស្នាដៃ​ប្រលោម​លោក​​​ ១ និង​ស្នាដៃ​ផ្នែក​កំណាព្យ​រឿង​ ​១ ​​ដែរ»។​

ចំណែក​ជយលាភី​នឹង​ត្រូវ​ជ្រើស​​ពី​លេខ ១ ដល់​លេខ ៣ មាន​ទាំង​ប្រលោម​លោក និង​កំណាព្យ គឺ​បាន​ពាន​រង្វាន់ ១ អម​​ដោយ​ទឹក​ប្រាក់​​រង្វាន់ និង​​​ការ​ផ្តល់​រង្វាន់​លើក​ទឹក​ចិត្ត​ក៏​ទទួល​​​បាន​​​បណ្ណ​សរសើរ ១ អម​​​ដោយ​​ទឹក​ប្រាក់​រង្វាន់​៕​