ក្រុងរ៉ូម: ស្ថិត​នៅ​ក្បែរ​ឆ្នេរ​ប្រទេស​អ៊ីតាលី​នា​រាត្រី​ខែ​ភ្លឺ​ប្រជានេសាទ​កំពុង​នាំគ្នា​ធ្វើការ​ប្រមាញ់​ដ៏កម្រ​នូវ​ពពួក​មឹក ត្រូមូឡេត​ក្រហម និង​សំណល់​ប្លាស្ទិក​។ ប៉ុន្ដែ​ការនេសាទ​លើក​នេះ​ពួកគេ​មិន​បោះ​សំរាម​ចូល​ផ្ទៃ​សាគរ​វិញ​ឡើយ​។

អេឡេអូណូរ៉ា ដេ សាបាតា ជា​អ្នក​សម្របសម្រួល​របស់​អង្គការ Clean Sea Life ដែល​ដំណើរការ​គម្រោង​នេះ​បាន​និយាយ​ថា​៖ «​ប្រជានេសាទ​ជាច្រើន​ធ្លាប់​បោះ​សំរាម​ចូល​សមុទ្រ​វិញ ពីព្រោះ​ច្បាប់​បាន​ចែង​ថា​ពួកគេ​មិន​អាច​ដឹកជញ្ជូន​សំរាម​ទាំង​នៅ​កំពង់ផែ ហើយ​មិន​ច្បាស់​ថា តើ​នរណា​អាច​ទទួល​ខុស​ត្រូវ​រឿង​នេះ​បាន​»​។

វា​នឹង​លែង​ក្លាយ​ជា​ទង្វើ​ខុសច្បាប់​សម្រាប់​ក្រុម​នេសាទ ៤០ ទូក​នៅ​ក្បែរ​រីសត Adriatic នៃ​តំបន់ សាន់ បេណេដេតតូ ដេល ត្រូនតូ ដែល​បាន​ផ្ដួចផ្ដើម​គម្រោង​នេះ​។ តាំងពី​ចាប់ផ្ដើម​ប្រជានេសាទ​បាន​ប្រមែប្រមូល​សំរាម​បាន​ប្រមាណ ១ ​តោន​ក្នុង​ ១ ​សប្ដាហ៍​រយៈពេល​ ១ ​ខែ​ដែល​ ៦០ ភាគរយ​គឺជា​ប្លាស្ទិក​។

យុទ្ធនាការ​ប្រមូល​បាន​សំរាម​បាន​ប្រមាណ ១ ​តោន​ក្នុង ​១ ​សប្ដាហ៍​។ រូបថត AFP

ក្នុង​ ១ ​ថ្ងៃ​ក្រុម​ការងារ​ស្ម័គ្រចិត្ដ​បាន​បែងចែក​កាកសំណល់​សំរាម​ពី​ទិន្នផល​ត្រី​សមុទ្រ​ដាច់​ដោយ​ឡែក​។ សំណល់​ខ្លះ​អាច​ប្រើប្រាស់​ឡើងវិញ ហើយ​ខ្លះ​ទៀត​អាច​កែច្នៃ តែ​វា​មិន​ត្រូវ​បាន​បោះ​ចូល​សមុទ្រ​វិញ​ឡើយ​។

តាមពិត​គម្រោង​នេះ​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃទី​ ៧ ខែ​មិថុនា​នេះ​មុន​ថ្ងៃ​ទិវា​មហាសមុទ្រ​ពិភពលោក តែ​ពេល​នេះ​ត្រូវ​បាន​ពន្យារពេល​រហូត​ដល់​បញ្ចប់​រដូវក្ដៅ​នៅ​ខែ​កញ្ញា​តែ​ម្ដង​។

ជា​អ្នកនេសាទ​អាយុ ៦២ ឆ្នាំ​លោក ក្លូឌីអូ យូរៀនី ដែល​បាន​ចាប់​អាជីព​នេសាទ​តាំងពី​ឆ្នាំ​ ១៩៧២ បាន​ថ្លែង​ថា​៖ «​កន្លង​មក​យើង​មិន​ដែល​ប្រមូល​សំរាម​ទុក​ទេ​។ គ្មាន​នរណា​ធ្លាប់​កាន់​សំរាម​ប្លាស្ទិក​ពី​សមុទ្រ​មក​ដីគោក​ឡើយ​។ បើ​ត្រី​ស៊ីប្លាស្ទិក​ពួកវា​ប្រាកដ​ជា​ឈឺ ហើយ​យើង​ជា​អ្នក​ទទួលទាន​ក៏​អាច​ឆ្លង​ជំងឺ​ដែរ​»​។

ព្រឹត្ដិបត្រ​វិទ្យាសាស្ត្រ​បាន​ចុះផ្សាយ​ក្នុង​ឆ្នាំ​ ២០១៥ ដោយ​ប៉ាន់​ប្រមាណ​ថា មហាសមុទ្រ​មេឌីទែរ៉ាណេ ផ្ទុក​នូវ​ប្លាស្ទិក​អណ្ដែត​ទឹក​ពី​ចន្លោះ ១០០០ ទៅ ៣០០០ ​តោន​៕ HR