ភ្នំពេញៈ ដោយ​ធ្លាប់​មាន​បទពិសោធ​នាំ​កូន​ទៅ​មន្ទីរពេទ្យ ហើយ​ត្រូវ​រង់ចាំ​គិលានុបដ្ឋាក​ស្វែងរក​ឯកសារ​យ៉ាង​អន្ទះសា​នោះ អ្នកស្រី ប៉ុង លីមសាន ដែល​ជា​ស្ថាបនិក និង​ជា​នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ហ្វឺស វីម៉ិនថេក អេស៊ា (First Womentech Asia Co., LTD) បាន​បង្កើត​ប្រព័ន្ធគ្រប់គ្រង​ពេទ្យ​ឌីជីថល ហៅថា «​ពេទ្យ​យើង​» ដែល​ផ្ដល់​ភាព​ងាយស្រួល​ពន្លឿន​ដំណើរការ និង​ផ្ដល់​ភាព​សុក្រឹត​ដល់​ប្រតិបត្តិការ​តាម​បណ្ដា​គ្លីនិក និង​មន្ទីរពេទ្យ​នានា​។

ទោះ​ជា​ស្ថិត​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ក៏ពិតមែន ប៉ុន្តែ​បណ្ដា​មន្ទីរពេទ្យ និង​គ្លីនិក​ឯកជន​នៅ​កម្ពុជា​មួយ​ចំនួន​នៅ​តែ​បន្ត​ប្រើ​ប៊ិក​ក្រដាស​កត់ត្រា​ប្រវត្តិ និង​របាយការណ៍​សុខភាព​។

ជាមួយ​ប្រព័ន្ធគ្រប់គ្រង​ឌីជីថល «​ពេទ្យ​យើង​» ដែល​ផ្ដួចផ្ដើម និង​បង្កើត​ដោយ​ក្រុម​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា ប្រតិបត្តិការ​នៅ​មន្ទីរពេទ្យ​នឹង​កាន់​តែ​មាន​ប្រសិទ្ធភាព និង​អាច​សន្សំ​ពេលវេលា​អ្នក​ជំងឺ​ទៀត​ផង​។

ប្រព័ន្ធ​គ្រប់គ្រង​ពេទ្យ​ឌីជីថល និង​ទំនើប​ជា​ប្រព័ន្ធ​ឌីជីថល​មួយ​ដែល​មាន​កម្មវិធី​គ្រប់គ្រង​មន្ទីរពេទ្យ​គ្រប់​កម្រិត​ទាំង​មន្ទីរពេទ្យ​ឯកជន និង​រដ្ឋ​គឺ​គ្រប់គ្រង​តាម Online និង Offline (All in one plate form) លើ​ប្រតិបត្តិការ​ទាំងមូល​របស់​មន្ទីរពេទ្យ​ដូចជា EMR (​កំណត់ត្រា​អ្នកជំងឺ​) Para Clinic គ្រប់គ្រង​ស្ដុក​ឱសថ​កាលបរិច្ឆេទ​ប្រើប្រាស់​ថ្នាំ ចរន្ត​ប្រើប្រាស់​ឱសថ កាលបរិច្ឆេទ​ជួប​ពេទ្យ កញ្ចប់​សេវា​ព្យាបាល ធានារ៉ាប់រង របាយការណ៍​ពិនិត្យ​សុខភាព គណនេយ្យ​លំហូរ​សាច់ប្រាក់ និង​ធនធាន​មនុស្ស​។

អ្នកស្រី ប៉ុង លីមសាន ស្ថាបនិក និង​នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន FWTA​។ ហុង មិនា

ជាមួយ​មុខងារ​សម្រួល​វិស័យ​សុខាភិបាល​ដែល​ជា​ស្នាដៃ​របស់​ស្ត្រី​ទៀត​នោះ​ទើប អ្នកស្រី ប៉ុង លីមសាន ជា​ស្ថាបនិក និង​ជា​នាយិកា​ប្រតិបត្តិ ក្រុមហ៊ុន FWTA ទើបតែ​ឈ្នះ​ជយលាភី​ជា​សហគ្រិន​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ក្នុង​ការដាក់​បង្ហាញ​កម្មវិធី​ប្រព័ន្ធគ្រប់គ្រង​ពេទ្យ​ឌីជីថល និង​ទំនើប «​ពេទ្យ​យើង​» កាលពី​ថ្ងៃទី ១៥ ខែ​មីនា​កន្លង​ទៅ​ថ្មីៗ​នេះ​។

ស្ថាបនិក​ក្រុមហ៊ុន​វ័យ ៣៩ ​ឆ្នាំ​រូបនេះ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ឲ្យ​ដឹង​ពី​មូលហេតុ​នៃ​ការបង្កើត​ប្រព័ន្ធ​ពេទ្យ​ឌីជីថល​នេះ​ថា​៖ «​ទី​ ១ ​គឺ ផ្តល់​ឱកាស​ឲ្យ​ស្រី​ចូលរួម​ចំណែក​លើក​កម្ពស់​សេវា​សុខភាព​នៅ​កម្ពុជា​តាមរយៈ​ការផលិត​កម្មវិធី​បែប​ព័ត៌មានវិទ្យា​។ ទី​ ២ ផ្តល់​ដំណោះស្រាយ​ដល់​សហគ្រិន​ស្រី​តាម​វិស័យ​ព័ត៌មាន និង​ចុងក្រោយ​គឺ​ចូលរួម​អភិវឌ្ឍ និង​ពង្រឹង​វិស័យ​សុខាភិបាល និង​សេវា​សុខភាព​សាធារណៈ​ព្រមទាំង​ឯកជន​តាមរយៈ​កម្មវិធី​ព័ត៌មានវិទ្យា​»​។

ក្នុង​ការប្រកួត​មាន​បេក្ខភាព​សរុប​ចំនួន ៣៦ ​នាក់ បន្ទាប់ពី​ដាក់ពាក្យ​រួច​មាន​ការជ្រើសរើស ២ ​ដំណាក់កាល​ក្រោម​ការវិនិច្ឆ័យ​ពី​គណៈកម្មការ​ចំនួន ៥ រូប​មកពី​ស្ថាប័ន​ចម្រុះ​មាន​ដូចជា តំណាង​ក្រសួង​កិច្ចការនារី អង្គការ​ក្រៅ​រដ្ឋាភិបាល តំណាង​សហគមន៍​បច្ចេកវិទ្យា សមាគម​សហគ្រិន​ស្ត្រី​​កម្ពុជា និង​តំណាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដែល​ធ្វើការ​ជ្រើសរើស​បេក្ខភាព​ចំនួន ៥ ​នាក់ ដើម្បី​ទទួល​ពានរង្វាន់​កិត្តិយស​។

អ្នកស្រី​អនុបណ្ឌិត​ផ្នែក​កុំព្យូទ័រ​មាន​កំណើត​មកពី​ខេត្តកណ្តាល​រូប​នេះ​បាន​បន្តទៀត​ថា​៖ «​ខ្ញុំ​បាន​យក​កម្មវិធី​ប្រព័ន្ធ «​ពេទ្យ​យើង​» ទៅ​ចូលរួម​ប្រកួត ព្រោះ​ខ្ញុំ​គិតថា​វា​សំខាន់​មាន​ប្រយោជន៍ ចំពោះ​កម្ពុជា​យើង និង​ចង់​បង្ហាញ​ស្ត្រី​ជាពិសេស​ថា វា​ជា​ប្រព័ន្ធ​មួយ​ផ្តួចផ្តើម និង​ផលិត​ដោយ​ស្ត្រី​ក្នុងការ​ចូលរួម​ចំណែក​ពង្រឹង​វិស័យ​សុខាភិបាល​កម្ពុជា​។ ចំណែក​ទិសដៅ​នៃ​កម្មវិធី​ស្របគ្នា​ជាមួយ​គំនិត​នាង​ខ្ញុំ​ដែរ គឺ​ដើម្បី​ផ្តល់​ឱកាស​ដល់​ស្ត្រី និង​ជំរុញ​ឲ្យ​យុវតី​ចូលរួម​ឲ្យ​កាន់តែ​ច្រើន​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​»​។

បច្ចុប្បន្ន​មាន​មន្ទីរពេទ្យ និង​គ្លីនិក​ចំនួន ៧០ ប្រើប្រាស់​ប្រព័ន្ធ «​ពេទ្យ​យើង​»​។ហុង មិនា

តាមរយៈ​ការរក្សា​ទុក​កំណត់ត្រា​​វេជ្ជសាស្ត្រ​ទាំងអស់ «​ពេទ្យ​យើង​» អាច​ផ្តល់​ភាពងាយស្រួល​សន្សំ​ពេលវេលា មាន​ភាពច្បាស់លាស់​ដោយ​ផ្អែកលើ​ឯកសារយោង វេជ្ជបញ្ជា​ច្បាស់លាស់ និង​ទំនុកចិត្ត​ដល់​អ្នកជំងឺ​មក​ព្យាបាល ព្រម​ទាំង​ថ្នាក់​គ្រប់គ្រង​ពេទ្យ​ក្នុង​ការពង្រឹង​គុណភាព​សេវាកម្ម​។ ប្រព័ន្ធ​ពេទ្យ​ឌីជីថល​នេះ​ក៏​ចូលរួម​កសាង​បរិស្ថាន​ល្អ​ដោយ​ពុំ​ចាំបាច់​ប្រើ​ក្រដាស​ចំពោះ​ឯកសារ​មិន​ចាំបាច់​មួយ​ចំនួន​ធំ​។

កម្មវិធី​ «​ពេទ្យ​យើង​» ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជាមួយ​មន្ទីរពេទ្យ​តូចធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចំនួន ៧០ ​កន្លែង​រួច​មក​ហើយ​ដោយ​តម្លៃ​ក្នុង​ការផ្គត់ផ្គង់​សេវាកម្ម​គឺ​អាស្រ័យ​លើ​ទំហំ​ប្រតិបត្តិការ​នៃ​មន្ទីរពេទ្យ​។ ចំពោះ​ស្ថាប័ន​ផ្ដល់​សេវា​មនុស្សធម៌ និង​អង្គការ​ជួយ​សង្គម​នានា ក្រុមហ៊ុន FWTA ក៏មាន​ការបញ្ចុះ​តម្លៃ​សម្រាប់​ប្រព័ន្ធ «​ពេទ្យ​យើង​» ផង​ដែរ​។

ជាមួយ​នឹង​ក្ដី​រំពឹង​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​សង្គម​វេជ្ជសាស្ត្រ​ឲ្យ​ងាក​មក​ទាញ​ប្រយោជន៍​ពី​បច្ចេកវិទ្យា​ទំនើប និង​កសាង​កេរ្តិ៍ឈ្មោះ​វិស័យ​សុខាភិបាល ឡើងវិញ​នោះ​ស្ថាបនិក​ក្រុមហ៊ុន FWTA និង​ប្រព័ន្ធ «​ពេទ្យ​យើង​» អ្នកស្រី ប៉ុង លីមសាន ​នឹង​មាន​ផែនការ​បន្តទៀត​ជាច្រើន​ដូចជា​៖ «​លើក​កម្ពស់​គុណភាព​សេវា និង​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកប្រើប្រាស់​ធ្វើ​បច្ចុប្បន្នភាព​បន្ថែម​មុខងារ​របស់​កម្មវិធី​ពេទ្យ​យើង​តាម​ការរីកចម្រើន​ផ្នែក​ព័ត៌មានវិទ្យា​ជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​​ជាច្រើន​ជាមួយ​ដៃគូ និង​ភាគី​ពាក់ព័ន្ធ​ទាំង​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​នានា ដើម្បី​ចូលរួម​លើកកម្ពស់​សេវា​សុខភាព និង​ចង់​ប្រែក្លាយ​ឲ្យ​ប្រព័ន្ធ​ព្យាបាល​អនឡាញ (Telemedicine) ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​ព្យាបាល​ស្វ័យប្រវត្តិ និង​ជា​ធនធាន​សិក្សា​ជំនាញ​អប់រំ​ផ្នែក​វេជ្ជសាស្ត្រ និង​ធនធាន​សុខភាព​បឋម​សម្រាប់​ពលរដ្ឋ​កម្ពុជា​»៕