ភ្នំពេញៈ ទិវា​នៃ​ក្តី​ស្រឡាញ់​ឆ្នាំ ២០១៨ នេះ តារា​ចម្រៀង​ជន​ពិការ​លោក ប្រាក់ សុផាន់ណា វ័យ ២៧ ឆ្នាំ ជា​គ្រូប​ង្រៀន​ភាសា​អង់គ្លេស ឧបករណ៍​តន្ដ្រី​ហ្គីតា ព្រម​ទាំង​ជា​អ្នក​និពន្ធ បទ​ភ្លេង ទំនុក​ច្រៀង និង​ច្រៀង​ផ្ទាល់​ខ្លួន​ប្រមាណ​ពី ៣០ ទៅ ៤០ បទ និង​បង្កប់ន័យ​អប់រំ​ក្នុង​សង្គម​មក​ច្រៀង​បទ​ថ្មី បំពេ​អារម្មណ៍​បងប្អូន​គឺ​បទ «សាប៊ូ​សំណព្វ​ចិត្ត» នៅ​ឯ​ផ្សារ​ទំនើប​អ៊ីអន កាល​ពី​ថ្ងៃ​ទី ១៣ ខែ​កុម្ភៈ ឆ្នាំ ២០១៨ ម្សិលមិញ ដែល​ជា​ការ​រៀបចំ​ដោយ​អង្គការ EPIC Arts និង​សហការ​ជាមួយ​អង្គការ WaterAid Cambodia។

ដោយសារ​រង​ការវាយ​ប្រហារ​ប្លន់​យក​ទ្រព្យសម្បត្ដិ​អស់​រលីង​ពី​ផ្ទះ នៅ​ស្រុក​កំណើត​ខេត្ដ​ស្វាយរៀង តាំង​ពី​កុមារភាព យុវជន​ធ្វើ​ដំណើរ​អាស្រ័យ​លើ​រទេះ​សណ្តោង​កញ្ចាស់​លោក ប្រាក់ សុផាន់ណា ក៏បាន​ប្រាថ្នា​ចាប់​យក​នូវ​អាជីព​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង មក​ធ្វើជា​ឆ្នាំង​បាយ​ចិញ្ចឹម​ជីវិត និង​អាច​ជួយ​លើក​តម្កើង​ស្នាដៃ​សិល្បៈ​កូន​ខ្មែរ ដែល​បច្ចុប្បន្ន​នេះ រស់​នៅ​ក្នុង​ភូមិ​ជ្រាវ ឃុំ​សៀមរាប ស្រុក​សៀមរាប ខេត្ដ​សៀមរាប និង​ជា​ម្ចាស់​បទ​ចម្រៀង​ល្បី​កាល​ចេញ​នៅ​ឆ្នាំ ២០១៥ មាន​ចំណង​ជើង​ថា «បរាជ័យ​ជា​មេរៀន​ជីវិត» នោះ បាន​នាំយក​បទ​ថ្មី «សាប៊ូ​សំណព្វ​ចិត្ត» ដែល​បង្ហាញ​ពី​ក្តី​ស្រឡាញ់​យ៉ាង​ជ្រាល​ជ្រៅ​របស់​បុរស​ម្នាក់​ទៅ​កាន់​នារី​ម្នាក់ រហូត​បាក់​ចិត្ត​ស្រឡាញ់​បុរស​នោះ​វិញ ហើយ​សុខចិត្ត​ធ្វើ​អ្វីៗ​ដើម្បី​ការពារ​ក្តី​ស្រឡាញ់​ពួកគេ​ទាំង ២។

លោក James Wicken ជា​នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ Water Aid Cambodia មាន​ប្រសាសន៍​ស្តែង​ពី​សារៈ​សំខាន់​នៃ​ការ​ប្រកាន់​ជាប់​នូវ​ភាព​អនាម័យ​ដោយ​ការ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ដែល​ឆ្លុះ​បញ្ចាំង​អត្ថន័យ​នៃ​បទ​ចម្រៀង​ដែល​បកស្រាយ​ដោយ​ប្រាក់ សុផាន់ណា ផង​ដែរ។

លោក James Wicken បាន​លើក​ឡើង​ថា៖ «យើង​ទាំង​អស់​គ្នា​ជឿថា យើង​ត្រូវ​ការរក្សា និង​ការពារ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន​គ្រប់​ពេល​វេលា ហើយ​បទ​ចម្រៀង​នេះ អាច​រំឭក​យើង​ឲ្យ​ថែរក្សា​ខ្លួន និង​អ្នក​ជា​ទី​ស្រឡាញ់​របស់​យើង​ដោយ​ការ​លាង​សម្អាត​ដៃ​ជាមួយ​នឹង​សាប៊ូ​ជានិច្ច។ ហើយ​តាមរយៈ​បទ​ចម្រៀង​នេះដែរ ក៏​ជា​ការ​បង្ហាញ​ពី​គោល​បំណង​ក្នុងការ​ផ្លាស់ប្តូរ​នូវ​ទម្លាប់​អនាម័យ និង​ការ​លាង​ដៃ​របស់​ប្រជាជន​កម្ពុជា​យើង ដែល​អាច​នឹង​ក្លាយជា​ការ​ឈាន​ទៅ​រក​ការ​ផ្លាស់ប្តូរ​មួយ​នៃ​ផ្នែក​សុខភាព​ទូទាំង​ប្រទេស​ទៀត​ផង»៕

រូប​ស្តែង​ពី​​ន័យក្នុង​បទ​ថ្មី «សាប៊ូ​សំណព្វ​ចិត្ត» របស់​លោក ប្រាក់ សុផាន់ណា​ ចេញ​កាល​ពី​ម្សិលមិញ​នៅ​ផ្សារ​អ៊ីអន។ រូប សហការី