ភ្នំពេញ៖ យុវជនខ្មែរ-អាមេរិក លោក ខេវិន (Kevin Ung) ដែលមានគ្រួសារភៀសខ្លួនពីរបបខ្មែរក្រហម ត្រូវបានជ្រើសរើសពីបេក្ខជនរាប់ពាន់នាក់ សម្រាប់កម្មវិធីបណ្ដុះបណ្ដាលផលិតកម្មវិធីទូរទស្សន៍ និងភាពយន្ត Star Trek Command Training Program នៃមូលនិធិ Television Academy ឆ្នាំ ២០២០ នៅសហរដ្ឋអាមេរិក។
ឱកាសទទួលការបណ្ដុះបណ្ដាលដោយជនល្បីៗក្នុងវិស័យផលិតកម្មវិធីទូរទស្សន៍ និងខ្សែភាពយន្តនេះ ជាការបោះជំហានកាន់តែកៀកឆ្ពោះទៅរកក្ដីស្រមៃជាផលិតករហូលីវូដល្បី ដែលអាចផ្សព្វផ្សាយពីកម្ពុជាកាន់តែច្រើនទៅកាន់ពិភពលោក។
បញ្ចប់់ការសិក្សាពីសាកលវិទ្យាល័យ Southern California (USC) លោក ខេវិន សព្វថ្ងៃជានិស្សិតថ្នាក់អនុបណ្ឌិតផ្នែកផលិតភាពយន្ត និងកម្មវិធីទូរទស្សន៍។
ខណៈពេលលោកកំពុងស្វះស្វែងរកឱកាសស្រូបយកបទពិសោធឲ្យបានជ្រាលជ្រៅពីវិស័យនេះ ខេវិន ក៏បានដឹងពីកម្មវិធីបណ្ដុះបណ្ដាល និងកម្មសិក្សា Star Trek Command Training Program នេះ។
និស្សិត និងផលិតករភាពយន្តវ័យក្មេងរូបនេះ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «ខ្ញុំពិតជារំភើបណាស់ ដែលដឹងថាបុគ្គលលំដាប់អ្នកបោះឆ្នោតឲ្យកម្មវិធីពានរង្វាន់ Emmy គឺជាអ្នកដែលជ្រើសរើសរូបខ្ញុំយកទៅបណ្ដុះបណ្ដាលអាជីពជាផលិតករ»។
កម្មវិធីដែលជាការសហការរវាងទូរទស្សន៍ CBS និងមូលនិធិ Television Academy ផ្ដល់ឱកាសឲ្យសិស្សនិស្សិតទទួលបានបទពិសោធផ្ទាល់ពីដំណើរការផលិតកម្មវិធី និងភាពយន្តតាំងពីដើមរហូតដល់ចប់។
ដោយប្រកាន់ខ្ជាប់នូវគុណតម្លៃ «ភាពរួមបញ្ចូល និងភាពចម្រុះ» ផលិតករជាន់ខ្ពស់នៃ Star Trek និងជាស្ថាបនិកកម្មវិធីភាពយន្ត Secret Hideout លោក អេឡិក ឃើរដ៍ស្សមេន (Alex Kurtzman) បានសង្កត់ធ្ងន់ពីការទទួលស្គាល់សហគមន៍គ្រប់ជាតិសាសន៍ពណ៌សម្បុរសម្រាប់ការចូលរួមក្នុងកម្មវិធីនេះ។
ផលិតករជាន់ខ្ពស់ដែលធ្លាប់បង្កើតវណ្ណកម្មភាពយន្តហូលីវូដល្បីៗរួមមាន មនុស្សពីងពាងវគ្គ ២ និង The Mummy សម្ដែងដោយកំពូលតារាហូលីវូដលោក ថម គ្រូស នោះបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ តាមអ៊ីមែលថា៖ «ភាពយន្តល្អៗ គឺជាស្នាដៃញើសឈាមរបស់ផលិតករដែលផ្សារភ្ជាប់ជីវិតឯកជនពួកគេ ទៅនឹងសាច់រឿង រំលេចក្នុងភាពយន្តនោះ»។
លោក អេឡិច ឃើរដ៍ស្សមេន បាននិយាយថា៖ «ខ្ញុំពិតជារំភើបណាស់ដែលទទួលបានសិក្ខាកាមមានទេពកោសល្យត្រចះត្រចង់ដូច ខេវិន»។
កើតនៅរដ្ឋកាលីហ្វ័រនីញ៉ា ខេវិន មានម្ដាយជាអ្នកខេត្តបាត់ដំបង និងឪពុកមកពីខេត្តកំពង់ចាម។ ក្រុមគ្រួសាររបស់លោកបានរត់ពីរបបខ្មែរក្រហម និងភៀសខ្លួនទៅអាមេរិក។
បើកទំព័រថ្មីនៃជីវិតលើទឹកដីមហាអំណាច ឪពុកម្ដាយរបស់លោកត្រូវធ្វើការឥតស្រាកស្រាន្ត ហើយ ខេវិន ត្រូវបានមើលថែដោយជីដូនជីតាលោក។
លោក ខេវិន បានរំឭកពីជីវិតពីកុមារភាពប្រាប់ថា៖ «វាពិតជាមិនងាយស្រួលសម្រាប់ពួកគាត់ ដែលមករស់នៅទឹកដីមានភាសា និងវប្បធម៌ខុសស្រឡះពីទឹកដីកំណើត។ ប៉ុន្តែពួកគាត់តស៊ូរហូតដល់អាចចាក់ឫសរស់នៅលូតលាស់នៅទីនេះ»។
លោកបានលើកឡើងទៀតថា៖ «ជនជាតិអាមេរិកជាច្រើនដែលមិនស្គាល់ពីវប្បធម៌ខ្មែរ មិនដឹងពីភាពយង់ឃ្នងនៃរបបប្រល័យពូជសាសន៍នៅកម្ពុជា។ ពួកគេមិនដឹងពីការលំបាក និងការរើសអើងពូជសាសន៍ ដែលជនភៀសខ្លួន និងខ្មែរនៅសហរដ្ឋអាមេរិក ប្រឈមនោះទេ»។
បទពិសោធដែលក្រុមគ្រួសារ ខេវិន បានឆ្លងកាត់ត្រូវបានផលិតករជាន់ខ្ពស់នៅហូលីវូដ អេឡិក ឃើរដ៍ស្សមេន ចាត់ទុកថា ជាអ្វីដែលធ្វើឲ្យ ខេវិន មានភាពពិសេសខុសគេ។
លោកលើកឡើងថា៖ «ការឈឺចាប់ដែលក្រុមគ្រួសាររបស់ ខេវិន បានហែលឆ្លងនឹងជំរុញឲ្យ ខេវិន ក្លាយជាផលិតករភាពយន្តដ៏អស្ចារ្យ ឬជាអ្នកដឹកនាំដ៏ល្អមួយនាថ្ងៃអនាគត»។
ទោះបីជាកំពុងសិក្សាតែ ខេវិន បានចូលរួមផលិតភាពយន្តខ្លីដូចជារឿង Refrigerate After Opening រឿង An Eye និងរឿង Hometown។
ខណៈពេលក្រេបជញ្ជក់ចំណេះដឹងពីកម្មវិធីបណ្ដុះបណ្ដាលរយៈពេល ២ ខែ តាមរយៈជំនួបអនឡាញជំនួសឲ្យការចុះស្ទូឌីយោផ្ទាល់ ជាមួយអ្នកជំនាញល្បីៗគ្រប់ផ្នែកក្នុងវិស័យទូរទស្សន៍ និងភាពយន្ត ខេវិន គ្រោងនឹងសរសេរកម្មវិធី និងដឹកនាំថតបន្ថែមទៀត។ ជាពិសេសលោកក៏ទន្ទឹងរង់ចាំឱកាសផលិតកុននៅកម្ពុជាផងដែរ។
ផលិតករដែលដិតដាមនូវវប្បធម៌ខ្មែរជាប់ជានិច្ចរូបនេះ លើកឡើងថា៖ «ខ្ញុំដឹងថា ខ្ញុំបានទទួលឱកាស និងអភ័យឯកសិទ្ធិក្នុងការរំលេចពីកម្ពុជាកាន់តែជ្រាលជ្រៅនៅហូលីវូដ»។
លោកបន្តទៀតថា៖ «ក្ដីសុបិនខ្ញុំ គឺការបើកសាលាកុននៅកម្ពុជា ដើម្បីបណ្ដុះបណ្ដាលពន្លកជំនាន់ក្រោយ។ ក្ដីសង្ឃឹមខ្ញុំគឺអនាគតនៃវិស័យទូរស្សន៍ និងភាពយន្តពិតជាមានការបញ្ចូលគ្រប់ជាតិសាសន៍ពណ៌សម្បុរ ទាំងក្នុង និងក្រៅអេក្រង់នោះទេ ហើយនឹងមានវត្តមានខ្មែរកាន់តែច្រើនលើឆាកពិភពលោក»៕