ក្រុងតូក្យូ៖ សំឡេងស៊ីផ្លេឡានបន្លឺឡើង រឿងភ័យរន្ធត់ក៏ផ្តើមកើតឡើង ជាមួយទិដ្ឋភាពឃាតកម្មឈាមដាប និងខ្មោចហ៊្សូមប៊ី ប្រដេញយ៉ាងសាហាវ។ តែផ្ទះខ្មោចបើករថយន្ដចូលនៅជប៉ុននេះគ្រាន់តែជាវិធានការទប់ទល់សត្រូវដ៏គួរឲ្យភ័យខ្លាចបំផុត គឺវីរុសកូរ៉ូណា។
នៅខាងក្នុងឡាន ភ្ញៀវអាចស្រែកចំទាលខ្លាំងៗតាមចិត្ដចង់ ដោយមិនបាច់ពាក់ម៉ាស់ ខណៈបិសាចសាហាវឈាមស្រោចខ្លួនហក់មកបន្លាច។ អ្នកបង្កើតកម្មវិធី ឃេនតា អ៊ីវ៉ាណា អាយុ ២៥ ឆ្នាំ បានប្រាប់ AFP ថា តាមពិត ខ្មោចទម្រង់ថ្មីនេះអាចនឹងគួរឲ្យខ្លាចជាងផ្ទះខ្មោចពីដើម។
លោកថា៖ «ពួកគេមិនអាចគេចផុតពីហេតុការណ៍រន្ធត់ដល់ចប់ចុងចប់ដើម ហើយវាកាន់តែគួរឲ្យខ្លាចថែមទៀត»។
លោក អ៊ីវ៉ាណា នឹកឃើញបង្កើតផ្ទះខ្មោចដែលអាចឲ្យរថយន្ដបើកចូលនេះ ក្រោយពីជួបបញ្ហាត្រូវភ្ញៀវលុបចោលការកម្សាន្ដជាហូរហែ ដោយមានការផ្ទុះឡើងវិបត្ដិកូវីដ។
លោកនិយាយសំដៅលើការព្រមានពីហានិភ័យជំងឺឆ្លងនៅជប៉ុនថា៖ «ដោយសារតែផ្ទះខ្មោចបង្កើតឲ្យមានបរិយាកាសអំណោយផល ៣ យ៉ាង ដូចជាកន្លែងតូចចង្អៀត មនុស្សច្រើនកុះករ និងស្និទ្ធស្នាល។
ក្រុមការងាររមែងត្រូវបានជួលឲ្យធ្វើជាខ្មោចនៅផ្ទះខ្មោចលងឯឧទ្យានកម្សាន្ដនានា។ ជាធម្មតា ពួកគេតែងខ្លួនជាខ្មោចលបលួចបន្លាចភ្ញៀវ និងលបមកខ្សឹបដាក់ត្រចៀកពួកគេឲ្យមានការភ័យខ្លាច ដែលសកម្ម-ភាពទាំងនេះមិនអាចទៅរួចក្នុងសម័យកូវីដនេះ។
លោក អ៊ីវ៉ាណា និងក្រុមការងារ កូវ៉ាហ្គារ៉ាសេតៃ មានន័យថា «ក្រុមលងបន្លាច» ដែលព្យាយាមបង្កើតការសម្តែងមិនប៉ះពាល់ពីកូរ៉ូណាដោយការពាក់ម៉ាស់ រួចលាបឈាមក្លែងក្លាយ និងចាក់សំឡេងស្រែកជាជាងប្រើសំឡេងពិត។
យ៉ាងណា កម្មវិធីជាច្រើនត្រូវបានលុបចោលអស់ហើយ។ អ្នកស្រី អាយ៉ាកា អ៊ីម៉ៃដេ អាយុ ៣៤ ឆ្នាំ ជាប្រធានក្រុមបាននិយាយថា៖ «យើងបានរៀបចំកម្មវិធីហាឡូវីន ដែលគ្រោងនឹងធ្វើក្នុងខែតុលា និងខែវិច្ឆិកា ក៏ត្រូវបានរំសាយចោល»។
លោក អ៊ីវ៉ាណា ដែលបានឈប់រៀននៅសាកលវិទ្យាល័យ ដើម្បីក្លាយជាអ្នករៀបចំផ្ទះខ្មោច ក៏មិនច្បាស់ថា តើផ្ទះខ្មោចទម្រង់ថ្មីនេះអាចដំណើរការជំនួសទម្រង់ចាស់ឬទេ។
លោក កូតា ហាណេហ្គាវ៉ា អាយុ ២៨ ឆ្នាំ សម្ដែងជាឃាតករប្រឡាក់ប្រឡូសទៅដោយឈាម ទោះលោកសារភាពថា ខ្លួនមិនមែនជាអ្នកគាំទ្ររឿងភ័យរន្ធត់ក៏ដោយ។
លោក ហាណេហ្គាវ៉ា និយាយថា «ខ្ញុំអាចចូលកៀកភ្ញៀវ បើទោះជាពួកគេនៅក្នុងឡាន។ ពិតជាគួរឲ្យចាប់អារម្មណ៍ដែលឃើញប្រតិកម្មរបស់ពួកគេពេលចូលកៀកគ្នាបែបនេះ ខណៈយើងនៅតែអាចរក្សាគម្លាតសុវត្ថិភាព»។
អ្នកស្រី អ៊ីម៉ៃដេ ថា៖ «បញ្ចេញអារម្មណ៍ភ័យខ្លាចឲ្យអស់ ទើបរីករាយ»៕ AFP/RS