ក្រុងប៉ារីស: ផ្សារ Rungis របស់បារាំងក្បែរក្រុងប៉ារីសបានប្រារឰខួប ៥០ ឆ្នាំដោយការរៀបចំពិធីជប់លៀងខ្នាតយក្សបំបែកឯតទគ្គកម្មពិភពលោក។ ក្រុមអ្នករៀបចំបានឲ្យដឹងថាអាហារថ្ងៃត្រង់ត្រូវបានរៀបចំឡើងសម្រាប់មនុស្សជិត ២ ពាន់នាក់លើតុប្រវែង ៤០១ ម៉ែត្រចន្លោះស្ដង់បន្លែ និងផ្លែឈើក្នុងផ្សារ។
ក្រុមមន្ដ្រីមកពីសៀវភៅឯតទគ្គកម្មហ្គីនណេសពិភពលោកបានផ្ដល់កំណត់ត្រាថ្មីដែលបានផ្ដួលឯតទគ្គកម្មចាស់រៀបអាហារលើតុប្រវែង ៣២២ ម៉ែត្រក្នុងឆ្នាំ ២០១៧ នៅលើដែនកោះ Reunion នៃមហាសមុទ្រឥណ្ឌាលើទឹកដីបារាំង។
ផ្សារ Rungis ចម្ងាយប្រមាណ ៧ គីឡូម៉ែត្រភាគខាងត្បូងក្រុងប៉ារីសបានជំនួសផ្សារចាស់នៅកណ្ដាលក្រុងប៉ារីស Les Halles ពេលវាត្រូវបានបិទទ្វារក្នុងឆ្នាំ ១៩៦៩។
វាជាផ្សារលក់ផលិតផលស្រស់ៗធំបំផុតក្នុងលោកដោយមានទំហំ ២៣៤ ហិកតា និងមានអាជីវករលក់ដុំ អ្នកផលិត កម្មករ ម្ចាស់ភោជនីយដ្ឋាន និងបុគ្គលផ្សេងៗ ១២ ០០០ នាក់ក្នុងមុខជំនួញចំនួន ១ ២០០ ប្រភេទ៕ HR