ភ្នំពេញៈ តារាចម្រៀងស្រីកំពូលនៅទ្រនំហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា កាលពីរាត្រីដ៏រីករាយពេលប្រគំតន្ត្រីឆ្លងឆ្នាំចាស់ ២០១៧ ចូលឆ្នាំថ្មី ២០១៨ កន្លងផុតទៅថ្មីៗនេះ ត្រូវបានមហាជនស្ងើចសរសើរផង និងភ្ញាក់ផ្អើលយ៉ាងខ្លាំងផងទៅនឹងគ្រឿងអលង្ការរបស់តារាស្រីរូបនេះហ៊ានពាក់ឡើងឆាក ដែលមានតម្លៃជាង ២ ម៉ឺន ដុល្លារ ឯណោះ។
ជាមួយនឹងឈុត មានអាវរោមសត្វពណ៌ស បួងសក់ឡើងលើផុត ហើយមានពាក់ខ្សែក ក្រវិលមួយគូ និងចិញ្ចៀន ដែលតារាចម្រៀងស្រីល្បីឈ្មោះយូរនៅលើទ្រនំហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានពាក់នោះ ត្រូវផុសចេញនៅតាមបណ្តាញសង្គមអ៊ីនស្តាក្រាម ខណៈថៅកែស្រីហាងលក់គ្រឿងអលង្ការដ៏ល្បីមួយបានបង្ហោះរូបតារាស្រី អមដោយរូបគ្រឿងអលង្ការមួយឈុត ដែលនាងបានពាក់នោះមានតម្លៃកប់តែម្តងគឺចំនួនសរុប ២១ ៧០០ ដុល្លារឯណោះ។
លើសពីនោះម្ចាស់ហាងលក់គ្រឿងអលង្ការខាងលើក៏បានសរសេរសារថ្លៃងអំណរគុណផងដែរថា៖ «ជូនចំពោះអតិថិជនរបស់ ហាងលក់គ្រឿងអលង្ការ សេង ចិន្តា ទាំងអស់ជាទីគោរព រៀងរាល់ថ្ងៃអាទិត្យហាងយើងខ្ញុំ មិនបើកដំណើរការទេ (ឈប់សម្រាកមួយថ្ងៃ) អាស្រ័យដូចបានជម្រាបខាងលើនេះ សូមអតិថិជនទាំងអស់មេត្តាអធ្យាស្រ័យដោយអនុគ្រោះផង»។
កុំថាឡើយ មានការភ្ញាក់ពីសំណាក់មហាជនចំពោះតម្លៃនៃគ្រឿងអលង្ការរបស់តារាចម្រៀងស្រីដ៏ល្បីនៅហង្សមាស ដែលទើបតែទទួលបានងារថ្មីក្នុងសង្គមក្លាយជា Super Women ពីកម្មវិធី Yes I can រូបនេះ សូម្បីតែពិភពនៃអ្នកសិល្បៈរួមទ្រនំជាមួយគ្នាក៏មានការស្ងើចសរសើរដែរគឺតារាចម្រៀងប្រុសសម្បូរទេពកោសល្យរ៉េបលោក ងួន ចាន់ដេវីត ក៏លាន់មាត់ទាំងសំឡេង និងសារយ៉ាងខ្លីតែមានន័យជ្រៅបង្ហាញពីការកោតសរសើរការចំណាយប្រាក់ដ៏ច្រើនលើគ្រឿងអលង្ការរបស់ កញ្ញា ឱក សុគន្ធកញ្ញា ថា៖ «នោះ!កប់ហ្មង»។
យ៉ាងណាមិនមានការបកស្រាយពីសំណាក់តារាចម្រៀងស្រីល្បីបានយូរ ដែលរក្សានូវកិត្តិស័ព្ទលើវិថីសិល្បៈចម្រៀង និងទទួលបានឱកាសល្អៗជាច្រើនបន្ថែមរកប្រាក់ចំណូល និងបានក្លាយជាគ្រូបង្វឹកនៃកម្មវិធី The Voice Cambodia ៣ រដូវកាល កម្មវិធី The Voice Kids Cambodia រដូវកាលទី ១ និងកម្មវិធី The Cambodian Idol បីរដូវកាល កញ្ញា ឱក សុគន្ធ កញ្ញា នោះឡើយ ដោយសារលេខទូរស័ព្ទរបស់នាងដែលធ្លាប់ប្រើត្រូវនាងឲ្យទៅប្អូនស្រីប្រើវិញ។
នាពេលថ្មីៗកន្លងមកនេះក៏មានការល្បីដែរថា គេបានប្រទះឃើញតារាចម្រៀងប្រុសស្រីលំដាប់កំពូល ២ ដួងនៅផលិតកម្មហង្សមាសគឺលោក ឆន សុវណ្ណរាជ និងកញ្ញា ឱក សុគន្ធកញ្ញា ដឹកដៃគ្នាទៅទិញផ្ទះវីឡាទោលយ៉ាងល្អប្រណីតម្នាក់មួយ នៅក្នុងបុរីចតុមុខស៊ីធី ដែលមានតម្លៃជិតកន្លះលានដុល្លារ ឯណោះ ដោយមានទីតាំងស្ថិតនៅភូមិឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានចម្ងាយ ១ គីឡូម៉ែត្រ ពីគម្រោងស្ពានថ្មី ជ្រោយចង្វារស្វាយជ្រំ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលសាជាថ្មីម្តងទៀត ក្រោយពីពួកគេបានស្ងប់នូវរឿងបង្ហោះរូបថតបែបស្និទ្ធជាមួយគ្នាមកនោះទាំងនៅក្នុងវិស័យសិល្បៈ និងក្រៅសិល្បៈ៕