ឧទ្យានជាតិ Dzanga Sangha​៖ រូបរាង​ជា​សត្វ​បុរេប្រវត្តិ​មាន​ដំណើរ​យឺតៗ ហើយ​ពូកែ​លាក់​មុខ ពង្រូល​ជា​សត្វ​ពោរពេញ​ដោយ​អាថ៌កំបាំង ដែល​​​ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​បាន​ដឹង​តិចតួច​ណាស់​អំពី​ពួក​វា។

អ្នក​តាម​ដាន​សត្វ​ពង្រូល ខំ​ប្រឹង​ផ្ទៀង​ត្រចៀក​ស្ដាប់​​សំឡេង​​​ស្រកា​​វា​ប៉ះ​នឹង​ស្លឹក​ឈើ ដើម្បី​​ចាប់​កន្ទុយ​វា​ឲ្យ​ជាប់។

ក្រុម​អ្នក​តាមដាន​សត្វ​ព្យាយាម​សិក្សា​​​ពី​​ពង្រូល​កន្ទុយ​វែង ដោយ​​ខ្លះ​ហៅ​ថា​ «សត្វ​ស្រកា​ស៊ី​ស្រមោច» ដែល​ទំនង​ជា​អាច​​​បន្ត​ពូជ​ពង្ស​​រស់រាន​ដល់​ចុង​​សតវត្សរ៍​នេះ។

សត្វ​ស្លូត ដែល​ធម្មជាតិ​​មិន​បាន​ផ្ដល់​គ្រឿង​ការពារ​ខ្លួន​អ្វី​ក្រៅ​​តែ​ពី​ស្រកា​ពណ៌​ត្នោត​នោះ ត្រូវ​​បាន​ចាត់​ចូល​ក្នុង​បញ្ជី​សត្វ​ទន់​ខ្សោយ និង​ងាយ​ផុត​ពូជ​។

ពង្រូល​ក៏​ត្រូវ​បាន​ចាត់​ទុក​ជា​សត្វ​ងាយ​រង​គ្រោះ​បំផុត​​ពី​អំពើ​ជួញ​ដូរ​ខុស​ច្បាប់​ ទាំង​សាច់ និង​​ស្រកា​​​ មាន​ការ​ពេញ​និយម​ខ្លាំង​ជាពិសេស​នៅ​ចិន ក្នុង​តម្លៃ ​១ គីឡូក្រាម​​ ៥០ ដុល្លារ។

យោង​តាម​ការ​សិក្សា​ចុះ​ផ្សាយ​​នៅ​ឆ្នាំ ២០១៧ ដោយ​ព្រឹត្តិបត្រ Conservation Letters សត្វ​ពង្រូល​ពី ៤០ម៉ឺន ទៅ ២,៧ លាន​ក្បាល ​ត្រូវ​បាន​ប្រមាញ់​​​រាល់​ឆ្នាំ​នៅ​ព្រៃ​អា្រហ្វិក។

ការ​វិនាស​ហិនហោច​របស់​សត្វ​ពង្រូល ទើប​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​​ពេល​​​មាន​​ការ​​រីករាលដាល​ជា​សកល​នៃ​វីរុស​កូរ៉ូណា ដោយ​អ្នក​វិទ្យាសាស្ត្រ​​ខ្លះ​អះអាង​ថា មេរោគ​មាន​​ភាព​ដូច​គ្នា ៩៩ ភាគរយ ​ទៅ​នឹង​មេរោគ​ឆ្លង​លើ​​ពង្រូល។

ស្ថិត​នៅ​ឧទ្យានជាតិ Dzanga-Sangha អ្នក​ស្រាវជ្រាវ​ជនជាតិ​ស្វ៊ីស Maja Gudehus ​​ចំណាយ​ពេល​យ៉ាងយូរ ស្វែង​យល់​ពី​ជីវិត​សត្វ​ពង្រូល​កន្ទុយ​វែង​​ស្ទើរ​តែ​ផុត​ពូជ។

អ្នក​​ស្រី​ព្យាយាម​​សិក្សា​ពី​ពង្រូល​នៅ​​​ជម្រក​ធម្មជាតិ ដើម្បី​​ដឹង​ពី​អាយុកាល ភូមិសាស្ត្រ​ របប​​អាហារ ការ​រស់នៅ ការ​បន្ត​​ពូជ និង​វិធីសាស្ត្រ​ការពារ​​ខ្លួន​។

អ្នក​ស្រាវជ្រាវ Gudehus ​និយាយ​ថា៖ «វា​ស្រួល​ចាប់​មែន តែ​វា​ក៏​ងាយ​ងាប់​ដែរ។ ត្រឹម​​តែ ​២-៣ ​ថ្ងៃ​ក្នុង​ទ្រុង វា​នឹង​មិន​ព្រម​ស៊ីអី ហើយ​ងាប់​ដោយសារ​​ស្ត្រេស ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ និង​បញ្ហា​សុខភាព​ជាច្រើន​ទៀត»។

សូម្បី​តែ​ការ​ចាប់​សត្វ​ពង្រូល​យក​មក​សិក្សា​ ក៏​មិន​អាច​ទៅ​រួច​ អ្នក​វិទ្យាសាស្ត្រ​មាន​តែ​អត់ធ្មត់​​តាមដាន​វា​ទៅ​​ព្រៃ​ធម្មជាតិ ដើម្បី​ប្រមូល​ព័ត៌មាន។

Gudehus បន្ត​ថា៖ «តាម​ធម្មតា សត្វ​ផ្សេង​បើ​វា​មិន​ស្រួល​​ខ្លួន​ យើង​អាច​សម្គាល់​ដឹង​បាន​តែ​​​ពង្រូល​វិញ កន្លះ​ម៉ោង​មុន​វា​ស្លាប់​ វា​អត់​មាន​បង្ហាញ​អាការៈ​អ្វី​ទេ»៕ AFP