ក្រុងបាងកក៖ ដើរត្រេតត្រតជុំវិញផ្ទះនៃសំណង់អនាធិបតេយ្យរបស់ខ្លួន ដែលតូចចង្អៀតស្ទើរតែរកកន្លែងឈរមិនបាន លោក ថាណាផាត ណូយឌី និងភរិយា ផាផាសន បានចែករំលែកមីសប្បុរសធម៌ជាមួយកូនប្រុស និងបារម្ភពីការចំណាយខ្ពស់ ខណៈកូរ៉ូណាបន្ដរុញច្រានកំណើននៃភាពក្រីក្រថៃកាន់តែជ្រៅ។
ក្រោមពិតានកម្ពស់ ១ ម៉ែត្រ ២ តឹក មនុស្សធំត្រូវលុតជង្គង់ដើរក្នុងបន្ទប់ផ្ទះ ដែលកន្លែងដេក កន្លែងទទួលភ្ញៀវ និងផ្ទះបាយរួមគ្នាតែ ១។
បរិវេណផ្នែកខាងក្រោម មានបំពង់ទុយោសម្រាប់ផ្កត់ផ្គង់ទឹក និងកម្រាលបេតុងរាបស្មើជាកន្លែងដាំបាយ ជាបរិវេណវាយលុកដោយកណ្ដុររកចំណី។
អ្នកស្រី ផាផាសន បានបាត់បង់អាជីពជាអ្នកម៉ាស្សា ខណៈថៃបិទដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឹឆ្លងកូវីដ ១៩ នៅចុងខែមីនា កន្លងទៅ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំត្រូវខ្ចីប្រាក់ឪពុក និងជីតារបស់ខ្ញុំ ដើម្បីបង់ថ្លៃអគ្គិសនី។ សាលារៀនបើកទ្វារឆាប់ៗអំឡុងថ្ងៃទី ១ ខែកក្កដា ហើយខ្ញុំត្រូវរកប្រាក់សម្រាប់ការចំណាយផ្សេងៗផងដែរ»។
ថៃបានកាត់បន្ថយអត្រាអ្នកគ្មានការងារធ្វើឲ្យទាបបំផុត ដែលជាសញ្ញាជោគជ័យផ្នែកសេដ្ឋកិច្ចជាតិ។ ប៉ុន្ដែមនុស្សរាប់លាននាក់ ដូចជាក្រុមគ្រួសារលោក ណូយឌី ពឹងអាស្រ័យលើការងារក្រៅផ្លូវការ ឬប្រាក់ឈ្នួលប្រចាំដើម្បីរស់។
រដ្ឋសភាថៃកាលពីថ្ងៃអាទិត្យបានអនុម័តកញ្ចប់ថវិការជិត ៦០ ពាន់លានដុល្លារ ដើម្បីស្រោចស្រង់សេដ្ឋកិច្ច និងប្រមាណ ១៧,៣ ពាន់លានដុល្លារ ជួយដល់ប្រជាកសិករ និងកម្មករក្រៅប្រព័ន្ធ។
២ ខែក្រោយការបិទប្រទេស និងជាមួយការគ្រប់គ្រងកម្រិតនៃការរីករាលដាលជំងឺ ក្រុងបាងកកកំពុងវិលទៅកាន់សភាពដើមវិញបន្ដិចម្ដងៗ។
ប៉ុន្ដែការងាររបស់អ្នកស្រី ផាផាសន នៅតែបាត់ឈឹង ខណៈស្វាមីអាចរកចំណូលបាន ១ ថ្ងៃ ១ ០០០ បាត (១២ ម៉ឺនរៀល) ជាអ្នករត់ម៉ូតូឌុប ដែលបានធ្លាក់ភ្ញៀវជាងពាក់កណ្ដាលទៅហើយ។
អ្នកស្រីក៏នៅមានមន្ទិលថា សំណងលើបញ្ហាអត់ការងារធ្វើពីកញ្ចប់សង្គ្រោះនឹងធ្លាក់ដល់ដៃគ្រួសារអ្នកស្រីពេលណា។
អ្នកស្រីបានអះអាងថា៖ «វាអាចត្រូវការពេលយូរបន្ដិចសម្រាប់ពួកគេ (រដ្ឋាភិបាល) ដើម្បីដោះស្រាយការបែងចែកប្រាក់នេះ»។
បច្ចុប្បន្ន ក្រុមគ្រួសារនេះពឹងអាស្រ័យលើព្រះវិហារ Holy Redeemer Church ជិតខាងសម្រាប់អាហារចម្អែតក្រពះប្រចាំថ្ងៃ ជាសេវាកម្មសប្បុរសធម៌ ដែលបិទដំណើរការនៅពេលទីក្រុងត្រូវបានបើកឡើងវិញ។
អំឡុងពេលដើរដោយជង្គង់ក្នុងផ្ទះ លោក ថាណាផាត និយាយថា៖ «បើគ្មានអាហារសប្បុរសទាំងនេះទេ ខ្ញុំត្រូវជួបការលំបាកខ្លាំងក្នុងការទ្រទ្រង់ក្រុមគ្រួសារមួយនេះ»៕ AFP/HR