ផាត់តាយ៉ា: ទេសចរ​មួយ​ចំនួន​ចាប់​ផ្ដើម​វិល​ទៅកាន់​តំបន់ឆ្នេរ​ល្បី​ល្បាញ​បំផុត​មួយ​ថៃ​កាលពីថ្ងៃ​ចន្ទ ដោយ​ពួកគេ​ព្យាយាម​រក្សាគម្លាត​សុវត្ថិភាព។ អ្វី​ដែល​សំខាន់ គឺ​ពួកគេ​​​រីករាយ​នឹង​ឱកាស​​លម្ហែ​កាយ​ស្រូប​ខ្យល់​​ខាង​ក្រៅ​ផ្ទះ ខណៈ​អាជ្ញាធរ​បន្ធូរ​បន្ថយ​ការ​រឹត​បន្តឹង​ជាលើក​ដំបូង​ក្នុង​រយៈ​ពេល​ជាង ២ ខែ​មក​នេះ​។

នៅក្រុង​ផាត់តាយ៉ា ភ្ញៀវ​ទេសចរ​រីករាយ​នឹង​ឆ្នេរ​ខ្យាច់​ជាមួយ​ផ្ទៃ​ទឹក​សមុទ្រ​ថ្លា​ដូច​មរកត​នៃ​ឈូកសមុទ្រថៃ ហើយ​ជន​ចាស់​ជរា​អន្ទះសា​ចង់​ធ្វើ​លំហាត់​ប្រាណ​នៅ​តាម​តំបន់​ឆ្នេរ​។

គោល​ការណ៍​រក្សា​គម្លាត​សុវត្ថិភាព​សង្គម​នៅតែ​បន្ដ​មាន​សុពលភាព ដោយ​អាជ្ញាធរ​ក្នុង​តំបន់​បាន​ណែនាំ​ភ្ញៀវទេសចរ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្នា​យ៉ាង​តិច​ ១ ម៉ែត្រ​។

សេវា​កម្ម​កូនត្រី​ម៉ាស្សា​ជើង ចាប់​ផ្ដើម​បើកទ្វារ​ឡើង​វិញ​នៅថៃ ស្វាគមន៍​ភ្ញៀវទេសចរ។ រូបថត AFP

ពលរដ្ឋ​អាល្លឺម៉ង់ Heidi Glemeau គឺជា​ជន​បរទេស​ដំបូង​ម្នាក់​បាន​មក​ងូត​ទឹក​តាំងពី​ព្រលឹម​ និង​មិន​ជឿ​ខ្លួន​ឯង​ថា អត់​មាន​មនុស្ស​ទាល់តែ​សោះ​។

អ្នកស្រី បាន​ប្រាប់ AFP ថា​៖ «​ខ្ញុំ​មិន​អាច​ទប់​ចិត្ដ​មិន​ឲ្យ​មក​បាន​ឡើយ​។ វាជា​ឋាន​សួគ៌​ មិន​ខុ​ស​ពី​ទិដ្ឋភាព​កាល​ពី ៣០ ឆ្នាំ​មុន​ឡើយ»។

មិន​មែន​ឆ្នេរ​ទាំង​អស់​ត្រូវបាន​អនុញ្ញាត​ឲ្យ​បើក​នោះទេ​ ហើយ​ក៏​មិន​បើក​ស្រប​ពេល​នៅថ្ងៃ​ចន្ទ​ដែរ​។ ភូកេត ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ ត្រូវ​បាន​បើក​ដោយ​មាន​កំហិត ខណៈ ហ៊ួហ៊ីន នៅតែ​បើក​ដូច​ប្រក្រតី​។

ឆ្នេរ​សមុទ្រ​​​មាន​ភ្ញៀវទៅ​លេង ដោយអ្នក​ខ្លះ​នៅ​ប្រកាន់ខ្ជាប់​ការ​ពាក់ម៉ាស។ រូបថត AFP

ថៃ​ស្ថិត​ក្រោម​ការ​រឹង​បន្តឹង​ជា​ច្រើន​ប្រភេទ តាំងពី​ពាក់​កណ្ដាល​ខែ​មីនា នោពេល​អាជ្ញាធរ​បាន​ប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រា​អាសន្ន​ ដើម្បី​ប្រឆាំង​នឹង​កូរ៉ូណា ដោយ​ការ​បិទ​ផ្សារ​ទំនើប មជ្ឈមណ្ឌល​កម្សាន្ដ និង​បរិវេណ​សាធារណៈ រួមទាំង​ឆ្នេរ​សមុទ្រ​ផង​ដែរ​។

ប៉ុន្ដែ​ចំពោះ​អ្នក​ឆ្លង​ជំងឺ​ថ្មី​ៗ​បាន​ធ្លាក់​ចុះ​ក្នុង​ខែ​ឧសភា ហើយ​កាលពីថ្ងៃចន្ទ រោង​ភាពយន្ដ​ ព្រមទាំង ហាង​សាក់ និង​ម៉ាស្សា​ទូទៅ​ប្រទេស ត្រូវបាន​ផ្ដល់​ភ្លើង​បៃតង​ក្នុង​ការ​បើក​ទ្វារ​ជំនួញ​ឡើងវិញ​។

នុតថាវុត កាណាស៊ុប អាយុ ២៩ ឆ្នាំ ដែល​រង់​ចាំ​ម៉ាស្សា​ជើង​នៅ​ហាង​ស្ប៉ា​ក្រុង​បាងកក​មួយ បាន​និយាយថា​៖ «​ខ្ញុំ​គិត​ថា វា​យូរ​ក្រែល​ដែរហើយ​»។

បុគ្គលិក​រោងភាពយន្ត​ធ្វើការ​សម្អាត​អនាម័យ​កៅអី ដើម្បីស្វាគមន៍​ភ្ញៀវ។ រូបថត AFP

កំណត់​ត្រា​ផ្លូវការ​បាន​បង្ហាញ​ថា ប្រទេស​ថៃ​បាន​ងើប​ផុត​ពី​ហានិភ័យ​ជាមួយ​កំណត់ត្រា​អ្នក​ឆ្លង​ជាង ៣០០០ នាក់​ និង​ស្លាប់ ៥៧ នាក់​។

យ៉ាងណាមិញ អ្នក​ជំនាញ​មួយ​ចំនួន​បាន​និយាយ​ថា កង្វះ​ការ​ធ្វើ​តេស្ដ​អាច​បិត​បាំង​អំពី​តួលេខ​ពិត​ប្រាកដ​។ គោល​ដៅ​ទេស​ចរណ៍​សំខាន់​ជាមួយ​ក្លិប​រាត្រី​ដ៏​អាសោច​ និង​តំបន់​ផ្ទះ​បន​ ក្រុង​ផាត់តាយ៉ា បាន​ប្រែក្លាយ​ជា​ទីក្រុង​ខ្មោច​មួយ​រយៈ​។

បារ៍ និង​ក្លិប​កម្សាន្ដ​នៅបន្ដ​បិទ​ទ្វារ ហើយ​មិន​ច្បាស់​ថា តើ​ពេលណា​សកម្មភាព​ប្រក្រតី​នឹង​វិល​មក​វិញ​ឡើយ​៕ AFP/HR

កន្លែង​ម៉ាស្សា ជាផ្នែកមួយ​នៃ​ភាពទាក់ទាញ​​ភ្ញៀវ​ទេសចរ​នៅប្រទេស​ថៃ។ រូបថត AFP

ក្រោយ​ពីរងប​ម្រាម​តឹងរឹង​ជាង ២ ខែ ភ្ញៀវទេសចរ​បរទេស​រីករាយ​នឹង​ការ​ដើរ​ហើរ​តាមឆ្នេរ​សមុទ្រ​ថៃ​ជាថ្មី។ រូបថត AFP

ហាង​ចាក់សាក់​នៅប្រទេស​ថៃ ក៏​បាន​បើកដំណើរការ​ធម្មតា​ដែរ។ រូបថត AFP