ក្រុងវែលីងតោន៖ ការឆ្លងជាសកលនៃវីរុសកូរ៉ូណាថ្មី ឬជំងឺកូវីដ-១៩ បានធ្វើឲ្យមនុស្សរាប់លាននាក់ត្រូវសំងំនៅតែក្នុងផ្ទះ។ ប៉ុន្តែអ្វីដែលធ្វើឲ្យពលរដ្ឋនូវែលសេឡង់ក្ដៅចិត្តជាងគេនោះ គឺអំឡុងពេលមានបម្រាមដើរហើរ តម្លៃផ្កាខាត់ណាហក់ឡើងខ្ពស់ ដល់ថ្នាក់ពួកគេស្នើសុំរដ្ឋាភិបាលចូលធ្វើអន្តរាគមន៍។
អំឡុងពេលមានវិបត្តិជំងឺឆ្លងទូទាំងពិភពលោក អាជ្ញាធរនូវែលសេឡង់ បានធ្វើការតាមដានតម្លៃទំនិញ និងទទួលបានការត្អូញត្អែរឥតឈប់ឈរពីតម្លៃបន្លែបង្ការ។
ជាជាងរងការរិះគន់ពីតម្លៃទំនិញចាំបាច់មួយចំនួន ដូចជាម៉ាស់ គ្រឿងលាងសម្អាតអនាម័យ គ្រឿងស្រវឹង និងបារី ហាងលក់ដូរនៅនូវែលសេឡង់ បែរជាត្រូវចោទប្រកាន់ពីល្បិចដំឡើងថ្លៃបន្លែទៅវិញ។
នាយករដ្ឋមន្ត្រី ចាស៊ីដា អារដេន បានប្រកាសពីសេវាកម្មហៅថា «ការឃ្លាំមើលតម្លៃទំនិញ» តាំងពីថ្ងៃចន្ទ ដោយនៅថ្ងៃដំបូង លោកស្រីទទួលបានជិត ១ ០០០ អ៊ីមែល។
លោកស្រីបានលើកឡើងថា៖ «ការត្អូញត្អែរទាំងនោះមាន តម្លៃខ្ពស់នៃផ្កាខាត់ណា ដោយមានអ៊ីមែលខ្លះបានបញ្ជាក់ថា ១ ដុំតម្លៃដល់ទៅ ៧,៧ ដុល្លារអាមេរិកឯណោះ»។
នាយករដ្ឋមន្ត្រីរូបនេះបានបន្តទៀតថា៖ «តម្លៃជែលលាងដៃ នំប៉័ង សាច់ ខ្ទឹមស និងម៉ាស់ ក៏ស្ថិតក្នុងសារមតិរិះគន់ទាំងនោះផងដែរ»។
លោកស្រីបានបន្ដថា៖ «ខ្ញុំចង់ប្រាប់ទៅកាន់ប្រជាពលរដ្ឋថា យើងកំពុងតែធ្វើកិច្ចការ និងចាត់វិធានការលើបញ្ហាទាំងនេះហើយ»។
ស្ថិតិមុខទំនិញនៅលើវេបសាយរបស់នូវែលសេឡង់ បានបង្ហាញថា តម្លៃផ្កាខាត់ណាត្រឹមតែប្រមាណ ២,៣៤ ដុល្លារ កាលពីចុងឆ្នាំមុន។
ម្ចាស់ផ្សារទំនើប North Island លោក Sagar Patel កាលពីសប្ដាហ៍មុនត្រូវបានអាជ្ញាធរសួរនាំអំពីតម្លៃផ្កាខាត់ណា ដែលលោកអះអាងថា ជាបន្លែតាមរដូវកាល។
លោកបានបដិសេធថា មិនបានធ្វើអ្វីខុសឡើយ ហើយពលរដ្ឋគួរតែខឹងសម្បានឹងតម្លៃនំប៉័ង ជាជាងបន្លែតាមរដូវកាលនេះឡើងថ្លៃ៕ AFP