ក្រុង​ញូវយ៉ក៖ តើ​ពេល​ណា​មាន​វ៉ាក់សាំង? តើ​គួរ​រត់​ទៅ​ណា​​ដើម្បី​គេច​ផុត​រលក​ទី ២? តើ​គួរ​ស្វែង​រក​ការងារ​ថ្មី​ធ្វើ​ឬទេ? ជនជាតិ​អាមេរិក​ដែល​មាន​ចិត្ដ​អន្ទះអន្ទែង​ចំពោះ​វិបត្ដិ​កូវីដ​ នាំ​គ្នា​​ទៅ​រក​គ្រូហោរ​ទស្សន៍​ទាយ​ពី​​អនាគត​ដ៏​ស្រពេច​ស្រពិល​​​។

ហោរ ឬ​ក៏​គ្រូ​ទាយ​បៀរ​ នៅ​សហរដ្ឋ​អាមេរិក​កំពុង​តែ​កាក់កប​ចំពោះ​មុខ​របរ​ខ្លួន​អំឡុង​ពេល​វិបត្ដិ​កូវីដ ​១៩ ខណៈ​មនុស្ស​ម្នាក់​ព្យាយាម​ស្វែង​រក​ដំបូន្មាន​ និង​ធ្វើ​ឲ្យ​​ស្ងប់​ចិត្ដ​ ដែល​ជួន​កាល​ត្រូវ​រង​សម្ពាធ​សារ​​បង្ក​ចលនាចល​ពី​ថ្នាក់​ដឹកនាំ​​ផង​ដែរ។

អ្នកស្រី​ មីឆែល ប៊េល អាយុ ៥៤ ឆ្នាំ បាន​ជួល​គ្រូ​ទាយ​មក​ពី​ក្រុង​ញូវយ៉ក​ឈ្មោះ ជេននី លីន ក្រោយ​ពី​វីរុស​បាន​សម្លាប់​អ្នក​ម្ដាយ​របស់​អ្នកស្រី​កាល​ពី​ខែ​មេសា។

អ្នកស្រី ប៊េល បាន​ប្រាប់ AFP ថា​៖ «​អារម្មណ៍​វិល​វល់​នៅ​មិន​សុខ​ទេ​»។

ក្រោយ​ពី​ទស្សន៍ទាយ​តាម​ថ្ងៃ​កំណើត និង​ទី​កន្លែង​កំណើត គ្រូ លីន បាន​ប្រាប់​អ្នកស្រី​ថា ឆ្នាំ ​២០២១ ​​ក្លាយ​ជា​វេលា​ដ៏​ល្អ​​បំពេញ​ក្ដី​ស្រមៃ​របស់​អ្នក​ស្រី​។

ពលរដ្ឋ​អាមេរិក​ខ្លះស្វែង​រក​ដំបូន្មាន និងព្យាយាម​ធ្វើ​ឲ្យ​ចិត្ដស្ងប់​ពីគ្រូទាយវិបត្ដិ​កូវីដ​ ១៩។ រូបថត AFP

អ្នកស្រី ប៊េល បាន​និយាយ​ថា​៖ «​គាត់​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ទឹក​ចិត្ដ និង​ជំនឿ​ចិត្ដ​ដើរ​ទៅ​មុខ​បន្ដ​ទៀត​»។

មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew Research Center ឆ្នាំ ​២០១៧ បាន​បង្ហាញ​ថា ជនជាតិ​អាមេរិក​ជិត ៣០ ភាគរយ​ជឿ​ថា ចលនា​របស់​តារា និង​ផែនដី​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​មនុស្ស។

ពលរដ្ឋ​អាមេរិក​​​ចំណាយ​​ប្រាក់ ២,២ ពាន់​លាន​ដុល្លារ ​លើ​សេវាកម្ម​ផ្នែក​ចិត្ដសាស្ដ្រ ក្នុង​ឆ្នាំ ​២០១៨។ នេះ​បើ​យោង​តាម​​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ IBISWorld។

Comscore បាន​ឲ្យ​ដឹង​ថា ការ​ចូល​ឆែក​វេបសាយ Astro.com វេបសាយ Cafe Astrology និង Astrology Zone មាន​ការ​កើន​ឡើង​ក្នុង​ខែ​មីនា នៅ​ពេល​រោគ​រាត​ត្បាត​បាន​ផ្ទុះ​ឡើង​ខ្លាំង​។

អ្នកស្រី លីន អាយុ ៧០ ឆ្នាំ បាន​ទទួល​អតិថិជន​ថ្មី​ ១០ នាក់​ ក្រោយ​ពី​ទីក្រុង​ញូវយ៉ក​ត្រូវ​បាន​រឹត​បន្ដឹង​ កាល​ពី​ថ្ងៃទី ២២ ខែ​មីនា​។

អ្នកស្រី​បាន​និយាយ​ថា​៖ «អ្នក​ខ្លះ​អស់​ការងារ​ធ្វើ និង​ចង់​ដឹង​ថា ​នឹង​មាន​រឿង​កើត​ឡើង​ទៀត​។ អ្នក​ខ្លះ​ចង់​ចាប់​ផ្ដើម​មុខ​ជំនួញ​ផ្ទាល់​ខ្លួន​ ខណៈ​មនុស្ស​​ជា​ច្រើន​ចង់​ចាក​ចេញ​ពី​ទីក្រុង​ភ្លាមៗ​នេះ​»។

អ្នកស្រី​បាន​គិត​ថ្លៃ​សេវាកម្ម​មួយ​ម៉ោង ១៥០ ដុល្លារ សម្រាប់​​ការ​ទស្សន៍ទាយ​តាម​ Zoom, Skype ឬ WhatsApp តែ​ចង់​មាន​ទម្លាប់​ដូច​កាល​ពីមុន​ពេល​អ្នកស្រី​អាច​អង្គុយ​ទល់​មុខ​​ជាមួយ​អតិថិជន​ផ្ទាល់​។

គ្រូ​ទាយ​ លីន បាន​បញ្ជាក់​ថា៖ «​ជួប​មុខ​ផ្ទាល់​ពិត​ជា​ល្អ ពី​ព្រោះ​ខ្ញុំ​មិន​បង្ហាញ​ឲ្យ​ឃើញ​ពី​ចលនា​ផែនដី​នៅ​លើ​អេក្រង់​ទូរស័ព្ទ​។ ពួក​គេ​​ឃើញ​ពី​ការ​គណនា​ ហើយ​ខ្ញុំ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​»៕ AFP/HR