ក្រុងគែរ: អ្នកស្រី អាឡា ហ៊ីឡាល់ កំពុង​ដើរ​ផ្សារ​ក្នុង​ទីក្រុង​គែរ​ពេល​អ្នកស្រី​រង​ការវាយប្រហារ​ពី​ឆ្កែ​អនាថា​មួយ​ក្បាល​ទាំង​កណ្ដាល​ថ្ងៃ​។ វា​ជា​ចំណោទបញ្ហា​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​នៅ​អេហ្ស៊ីប​ដែល​បង្ក​ឲ្យ​មាន​ការជជែក​ដេញដោល​ខ្លាំង​។

ស្ដ្រី​មេផ្ទះ​វ័យ ៣៨ ​ឆ្នាំ​បាន​ប្រាប់ AFP នៅ​ផ្ទះ​របស់​ខ្លួន​ថា​៖ «​ខ្ញុំ​ចេញ​ពី​រថយន្ដ ហើយ​ឆ្កែ​ធំ​ ១ ​ក្បាល​ស្រាប់តែ​ហក់​មក​ខាំ​ខ្ញាំ​ខ្ញុំ​។ ដោយសារ​តែ​មាន​ស្នាមដំបៅ​បង្ក​ឡើង​ដោយ​សត្វ​ឆ្កែ​នោះ ខ្ញុំ​មាន​ការបារម្ភ ហើយ​លែង​ចង់​ទៅ​កន្លែង​នោះ​ទៀត​»​។

ទីក្រុង​ដ៏ជោរជន់​ដោយ​មនុស្ស​ជាង ២០ ​លាន​នាក់ ក្រុង​គែរ ជួប​បញ្ហា​ចរាចរណ៍​កកស្ទះ​ខ្លាំង​រួមទាំង​កត្ដា​កាកសំណល់ និង​ការបំពុល​បរិស្ថាន​ថែម​ទៀត​។ ហ្វូង​ឆ្កែ​អនាថា​គ្រាន់​តែ​ជា​ដើម​ចម​ ១ ​ផ្នែក​តូច​ប៉ុណ្ណោះ​។

យោង​តាម​ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹង​ថា​មាន​ឧប្បត្ដិហេតុ​ឆ្កែ​អនាថា​ខាំ​ប្រមាណ ៤០ ម៉ឺន​ករណី​កើតឡើង​ក្នុង​ឆ្នាំ​ ២០១៧ បាន​កើនឡើង​រហូត​ដល់ ៣០ ​ម៉ឺន​ករណី​ពី​ឆ្នាំ​ ២០១៤​។ មនុស្ស ២៣១ នាក់​បាន​ស្លាប់​រយៈពេល​ ៤ ឆ្នាំ​ចុង​ក្រោយ​ពី​របួស​រ៉ាំរ៉ៃ​ដែល​ភាគច្រើន​កើត​ពី​បញ្ហា​ជំងឺ​តេតាណូស​។

គ្មាន​ទិន្នន័យ​ផ្លូវការ​ពី​ចំនួន​ឆ្កែ​អនាថា​នោះ​ទេ តែ​ការស្ទង់​មតិ​មួយ​ដែល​ធ្វើ​ឡើង​ដោយ SPCA បាន​បង្ហាញ​ថា ពួកវា​ទំនង​ជា​មាន​ចំនួន​ជាង ១៥ លាន​ក្បាល​។ អាជ្ញាធរ​អេហ្ស៊ីប​បាន​និយាយ​ថា​ពួកគ​មិន​អាច​អន្ដរាគមន៍​ទៅ​តាម​ករណី​នោះ​ទេ​។

តាម​ការប៉ាន់​ប្រមាណ​អេហ្ស៊ីប​មាន​ឆ្កែ​អនាថា​ប្រមាណ ១៥ លាន​ក្បាល​។ រូបថត AFP

អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម​លោក ហាមេដ អាប់ដេល ដាយេម បាន​និយាយ​ថា​៖ «​យើង​មិន​ដើរល្បាត​តាម​ដងផ្លូវ​ស្វែងរក​ឆ្កែ​ដើម្បី​សម្លាប់​ទេ​។ យើង​គ្រាន់តែ​ចាត់​វិធានការ​ទៅ​តាម​ពាក្យបណ្ដឹង​ពលរដ្ឋ​ប៉ុណ្ណោះ​»​។

ប្រធាន Red Sea ថែម​ទាំង​បាន​ផ្ដល់​ប្រាក់ ១០០ ផោនអេហ្ស៊ីប (៥,៥៨ ដុល្លារ​) ជា​ប្រាក់​រង្វាន់​ដល់​អ្នក​ដែល​ចាប់ និង​ប្រគល់​ឆ្កែ​យ៉ាង​តិច ៥ ក្បាល​។ ក្រុម​អង្គការ​សិទ្ធិ​សត្វ​បាន​ព្យាយាម​ស្វែងរក​ដំណោះស្រាយ​ដោយ​ការផ្លាស់​លំនៅ​ឆ្កែ​អនាថា​ពី​ចិញ្ចើម​ផ្លូវ​ទៅ​ផ្ទះ​ថ្មី​របស់​ពួកវា​។

ដើម្បី​រក្សា​ឆ្កែ ២៥០ ក្បាល​ឲ្យ​រស់​ប្រកប​ដោយ​សុវត្ថិភាព​រយៈពេល ៣ ឆ្នាំ​ចុងក្រោយ អាមេដ អាល់សរបាហ្គី អាយុ ៣៥ ឆ្នាំ​បាន​បើក​ជំរំ​សត្វ​ឆ្កែ​ ២ ​លើ​តំបន់​វាល​ខ្សាច់​ភាគ​ខាង​លិច​ក្រុង​គែរ​ក្បែរ​ប្រាសាទ​ពីរ៉ាមីត ហ្គីហ្សា​។

លោក​បាន​ឲ្យ​ដឹង​ថា​៖ «​ជំនួស​ឲ្យ​ការចំណាយ​រាប់លាន​ដុល្លារ​នាំចូល​ថ្នាំពុល រដ្ឋ​គួរ​តែ​ពិចារណា​លើ​ថ្នាំ​បង្ការ​កំណើត​សត្វ​វិញ​»៕ HR