ភ្នំពេញៈ សូម្បីតែសាមីខ្លួនពិធីការិនីទូរទស្សន៍ដ៏ល្បីប្រចាំប៉ុស្តិ៍ហង្សមាស និងរស្មីហង្សមាសដែលជាដៃគូសឹងគ្រប់កម្មវិធីជាមួយលោក ជា វិបុល គឺអ្នកនាង ចាន់ កែវនិមល ក៏ភ្ញាក់ផ្អើលដែរ ខណៈសុខៗស្រាប់តែលេចឮដំណឹងថា រូបនាងបានវិវត្តមួយជំហានទៀតក្នុងអាជីពសិល្បៈ ដោយសារថ្មីៗនេះល្បីថាចាប់បានតំណែងជាតួឯកស្រីនៅក្នុងការថតកុនដំបូង តែការពិតមិនមែននោះឡើយ។
ពិធីការិនីរូបស្រស់សំឡេងពីរោះមុតដែលចេះប្រើពាក្យពេចន៍បត់បែនតាមសភាពជាក់ស្តែងនៃកម្មវិធី និងមិនសូវខ្វះលំហូរនៃវោហារស័ព្ទអ្នកនាង ចាន់ កែវនិមល ឆ្លើយបកស្រាយប្រាប់ភ្នំពេញ ប៉ុស្តិ៍ទាំងមានសម្តីលាយឡំសំណើចខ្លាំងបដិសេធភ្លាមៗថា៖ «អត់ទេបង! មិនពិតនោះឡើយ នាងខ្ញុំអត់មានបានតំណែងជាតួឯកស្រីថតកុនអីណានោះទេបង!ហើយដំណឹងនេះគឺជារឿងមិនពិតឡើយ។
ម្យ៉ាងទៀតដូចជាទាំងខាងបងក្តី និងទាំងខាងបងប្អូនមហាជនក្តី ជឿថាបានជ្រាបស្រាប់ហើយថា នាពេលបំពេញការងារជាពិធីការិនីម្តងៗនោះជាមួយលោក វិបុល ឬលោក វិសាល នោះគឺពួកគេតែងតែព្រួតគ្នាធ្វើបាបខ្ញុំជារឿយៗតាមរយៈឲ្យនាងខ្ញុំសម្តែងត្រាប់តាម ឬរាំរែកជាដើមនោះគឺនាងខ្ញុំពិបាកនឹងធ្វើរួចបាត់ទៅហើយ ដោយសារតែមិនមានដុងហ្នឹងទេ ចុះទម្រាំតែត្រូវប្រែក្លាយខ្លួនជាតួសម្តែងកុនទៀតនោះ វារឹតតែមិនអាចទៅរួចឡើយគឺនាងខ្ញុំសម្តែងទៅគឺរាងរឹងៗខ្លួនខ្លាំងណាស់សម្រាប់ជំនាញមួយនេះ»។
អ្នកនាង ចាន់ កែវនិមល ក៏បានបន្តទៀតដែរថា៖ «និយាយសរុបទៅរឿងគេល្បីថា នាងខ្ញុំបានប្រែក្លាយខ្លួនទៅតារាសម្តែងកុននោះគឺនាងខ្ញុំក៏សុំឆ្លើយបញ្ជាក់អត់អាចទៅរួចទេ ខណៈខ្ញុំគ្មានទេពកោសល្យខាងសម្តែងកុនទេបង។
និយាយតាមត្រង់ទៅចុះ ប្រសិនបើការលេចឮថានាងខ្ញុំមានគេចង់ហៅឲ្យទៅថតកុននោះគឺមានមែនកាលពីពេលកន្លងមក តែនាងខ្ញុំមិនបានទទួលទេ ដោយសារតែនាងខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ថា ជំនាញមួយនេះខ្លួនឯងគឺទៅមិនរួចទេ»។
ទោះបីជាដំណឹងល្បីថាបានតំណែងតួឯកស្រីថតកុននោះមិនពិតមែន តែបើតាមស្តាប់មើលទៅ ឬក៏ថ្ងៃតទៅមុខទៀតយ៉ាងណា ក៏ពិធីការិនីរូបនេះមិនមានចេតនាចង់សាកល្បងប្រែខ្លួនឯងឲ្យក្លាយទៅជាតារាសម្តែងកុនឡើយ។
ពិធីការិនី សម្បូរសំនួនវោហារស័ព្ទ ច្រើនប្រើពាក្យចៀសការជាន់សម្តីគ្នាអ្នកនាង ចាន់ កែវនិមល ក៏បានបង្ហើបថា៖ «អត់ហ៊ានថាម៉េចនោះទេចំពោះរឿងហ្នឹង! តែនាងខ្ញុំនៅនិយាយដដែលថា ខ្លួនឯងគ្មានដុងខាងជំនាញសម្តែងទេ ហើយក៏អត់ហ៊ានប្រាថ្នាដែរនាពេលក្រោយ»។
គួរកត់សម្គាល់ដែរថាអ្នកនាង ចាន់ កែវនិមល គឺជាពិធីការិនីមួយរូបដែលមានភាពលេចធ្លោជាងគេនៅក្នុងប៉ុស្តិ៍ទូរទស្សន៍ និងសម្បូរវត្តមានស្ទើរតែគ្រប់កម្មវិធីកម្សាន្តនានានៃប៉ុស្តិ៍ទូរទស្សន៍ហង្សមាសផងដែរ រួមមានដូចជាកម្មវិធី Cambodian Idol គ្រប់រដូវកាល កម្មវិធី The Voice Kids Cambodia ទាំង ២ រដូវកាល ឬកម្មវិធីប្រគំតន្ត្រីផ្សាយផ្ទាល់នៅតាមខេត្តនានារៀងរាល់ចុងសប្តាហ៍ ជាមួយនឹងពិធីករដែលស៊ីចង្វាក់គ្នាគឺលោក ជា វិបុល និងជាពិធីការិនីមួយរូបដែលមានទេពកោសល្យចេះប្រើសំនួនពាក្យពេចន៍ខ្មែររាងបែបមានលក្ខណៈល្អប្រសើរជាងគេផងដែរនៅក្នុងអាជីពជាអ្នកប្រើដើមទុនសំឡេងក្នុងការធ្វើអត្ថាធិប្បាយបង្ហើរជាសូរសៀងពាក្យសម្តីដ៏សមសួនទៅតាមបរិយាកាសនៃកម្មវិធីនានាតែម្តង បើប្រៀបធៀបជាមួយនឹងចំណោមអ្នកដែលបានប្រកបអាជីពជាពិធីការិនីនៃរលកក្រោយៗ។ លើសពីនេះពិធីការិនី ចាន់ កែវនិមល ផ្តើមល្បីខ្លាំងគឺនៅពេលចាប់ផ្តើមការងារនៅតាំងពីប៉ុស្តិ៍ទូរទស្សន៍ហង្សមាសកកើតតែម្តង៕