ភ្នំពេញៈ បណ្តុំ​ស្នាដៃ​សិល្បៈ​ ២ ​ផ្សេង​គ្នា​គឺ​កុលាលភាជន៍ និង​ចម្លាក់​ផ្គុំ​ពី​ដែក​មាន​ចំនួន​សរុប ៥៤ ស្នាដៃ​របស់​សិល្បករ ២ រូប​គឺ​លោក អ៊ុក សុជាធី និង​លោក អ៊ូ វណ្ណឌី នឹង​បើក​ការតាំងពិព័រណ៍​បង្ហាញ​អ្នកទស្សនា​ចាប់ពី​ល្ងាច​ថ្ងៃ​ទី ២០ ខែ​មិថុនា​ឆ្នាំ​ ២០១៩ នៅ​វិចិត្រសាល​សិល្បៈ​នៃ​វិទ្យាស្ថាន​បារាំង ។

ការតាំងពី​ពិព័រណ៍​នេះ​លោក អ៊ូ វណ្ណឌី គឺជា​ជាង​ចម្លាក់​បានបញ្ចប់​ការសិក្សា​សិល្បៈ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​នៅ​រាជធានី​ភ្នំពេញ ហើយ​លោក​ក៏​ជា​សាស្ត្រាចារ្យ​បង្រៀន​ជំនាញ​នេះ​ដែរ ក្រោយពី​បាន​បញ្ចប់​ការសិក្សា​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​នោះ​ហើយ​ចម្លាក់​លោក​តែង​យក​គំរូ​ស្នាដៃ​ច្នៃ​តាម​រឿងរ៉ាវ​នៃ​ទេវកថា​។ ចំណែកឯ​លោក អ៊ុក សុជាធី ក៏​បាន​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ពី​វិទ្យាស្ថាន​ជាតិ​អប់រំ​នៅ​ស្រុក​ខ្មែរ និង​បញ្ចប់​ថ្នាក់​បណ្ឌិតសភា​សិល្បៈ​ពី​ក្រុង​ហាងចូវ ប្រទេស​ចិន​ដោយ​លោក​គឺជា​សិល្បករ​ដ៏សំខាន់​ម្នាក់​ខាង​សិល្បៈ​កុលាលភាជន៍​នៅ​កម្ពុជា ដែល​លោក​ត្រូវ​បាន​គេ​ស្គាល់​តាមរយៈ​ការបង្រៀន​មុខវិជ្ជា​នោះ​។

បើ​តាម​លោក ឆុន ប៊ុនឈឿន ជា​បុគ្គលិក​ផ្នែក​ទំនាក់ទំនង​ព័ត៌មាន​នៃ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ពី​ស្នាដៃ​សិល្បករ​ទាំង​ ២ មក​ដាក់តាំង​ពិព័រណ៍​ថា​៖ «​លោក អ៊ុក សុជាធី មាន​វត្ថុ​សិល្បៈ​ជា​កុលាលភាជន៍​ចំនួន ២៩ ស្នាដៃ​ដោយ​វត្ថុ​សិល្បៈ​ដែល​នឹង​ត្រូវ​ដាក់តាំង​នោះ​សុទ្ធសឹង​តែ​គេ​មិន​ធ្លាប់​ឃើញ​ពី​មុន​មក និង​បង្កើត​ថ្មី ពិសេស​សម្រាប់​ពិព័រណ៍​នេះ​។ ចំណែក​លោក អ៊ូ វណ្ណឌី ស្នាដៃ​ស្តែង​ចេញ​ពី​ការផ្គំ​សម្ភារ​គ្រឿង​ដែក​ដែល​គេ​ប្រើប្រាស់​រួច​មក​ធ្វើ​ជា​ចម្លាក់​រូប​សត្វ ឬ​រូប​ផ្សេងៗ​តាម​ប្រភេទ​ទំហំ ។ ដូចជា​រូបចម្លាក់​គោព្រៃ​ដែល​ត្រូវ​បាន​ដាក់តាំង​បង្ហាញ​លើកដំបូង​ក្នុង​ពិព័រណ៍​ស្នាដៃ​សិល្បៈ​នៅ​ស្ថានទូត​បារាំង​ និង​នៅមុខ​ខ្លោងទ្វារ​ចូល​នៃ​វិទ្យាស្ថាន​បារាំង​គឺជា​សក្ខីភាព​ពី​លក្ខណៈ​ធំ​សម្បើម​មួយ​។ ក្នុង​ពិព័រណ៍​លើក​នេះ​លោក​មាន​ស្នាដៃ​ចំនួន ២៥ វត្ថុ​សិល្បៈ​»​។

ស្នាដៃ​សូន​រូប​កុលាលភាជន៍​របស់​លោក អ៊ុក សុជាធី​។ រូបថត វិទ្យាស្ថាន​បារាំង

លោក អ៊ូ វណ្ណឌី ជា​សិល្បករ​ចម្លាក់​ដោយ​លោក​បាន​សាង​រូបចម្លាក់​តាម​រូប​នានា​នៅក្នុង​រឿង​ទេវកថា​ដែល​ប្រែក្លាយ​ជា​ស្នាដៃ​បែប​សម័យបុរាណ ឬ​​សហសម័យ​។ តួយ៉ាង​រូបចម្លាក់​គោព្រៃធំ​សម្បើម​របស់​លោក​ដែល​ធ្វើ​ពី​ច្រវាក់ ដាក់​តាំង​នៅមុខ​វិទ្យាស្ថាន​បារាំង​នៅក្នុង​ពិព័រណ៍​កន្លង​មក​មាន​ឈ្មោះ​ថា «​ដំណើរ​ត្រាច់ចរ​សិល្បៈ​» គឺ​បាន​បញ្ជាក់​យ៉ាងច្បាស់ ។ រីឯ​សម្រាប់​ពិព័រណ៍​លើក​នេះ​លោក អ៊ូ វណ្ណឌី ​នឹង​បង្ហាញ​ស្នាដៃ​ថ្មីៗ​ទៀត​នៅក្នុង​បរិវេណ​សួនច្បារ​នៃ​វិទ្យាស្ថាន​បារាំង​ដែល​នឹង​ត្រូវ​ប្រែក្លាយ​ជា​សួន​រូបចម្លាក់​ធ្វើ​ពី​គ្រឿង​ដែក​ផង​ដែរ​។

ដោយឡែក​ស្នាដៃ​លោក អ៊ុក សុជាធី ធ្លាប់​បាន​ដាក់តាំង​បង្ហាញ​ជា​ញឹកញាប់​នៅ​វិចិត្រសាល​ឯកជន​នានា​នៅ​ប្រទេស​កម្ពុជា​ក៏​ដូចជា នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ សារមន្ទីរ​ជាតិ​សៀមរាប និង​នៅ​ស្ថាប័ន​អន្តរជាតិ​ធំៗ​ផងដែរ​ដូចជា នៅឯ​មជ្ឈមណ្ឌល​រោង​ជាង​សិល្បៈ (Workhouse Arts Center) នៅឯ​ទីក្រុង​ឡតតុន (Lorton )​សហរដ្ឋអាមេរិក​នៅ​សារមន្ទីរ​កុលាលភាជន៍​នៅក្នុង​ខេត្ត​យីស៊ីន​ (Yixing) ​នៃ​ប្រទេស​ចិន​នៅក្នុង​វិចិត្រសាល​ក្រុង​ស៊ាងហៃ ឬ​នៅ​មជ្ឈមណ្ឌល​វប្បធម៌​បារាំង​ក្នុង​ក្រុង​សិន​ដៃ (Sendai) នៃ​ប្រទេស​ជប៉ុន​។ ចំពោះ​ស្នាដៃ​របស់​លោក​ភាគច្រើន​នោះ​គឺ​បាន​រំលេច​នូវ​លោហធាតុវិទ្យា​ព្រះពុទ្ធ ដែល​ជា​ប្រភព​នៃ​គំនិត​របស់​លោក​។

ពិព័រណ៍​ស្នាដៃ​របស់​សិល្បករ​ទាំង​ ២ ​រូប​នេះ​នឹង​ត្រូវ​ដាក់តាំង​បង្ហាញ​ចាប់​តាំងពី​ថ្ងៃទី ២០ ខែ​មិថុនា​នេះ​បន្ត​រហូត​ដល់​ថ្ងៃទី​ ១០ ខែ​សីហា ឆ្នាំ​ ២០១៩ ខាង​មុខ​នេះ​៕