ភ្នំពេញៈ បណ្តំ​នៃ​ស្នាដៃ​គំនូរ​បែប​អរូបី​មាន​ចំនួន ១៣ ផ្ទាំង ក្រោម​ប្រធាន​បទ «ចងចាំ» របស់​វិចិត្រករ​ខ្មែរ​ជើង​ចាស់ ដែល​ទទួល​បាន​ពាន​រង្វាន់​កិត្តិយស​តំណាង​ខ្មែរ​លោក ឈឹម សុធី ពី​កម្មវិធី The CMLTV Contemporary Art Awards 2016 លើក​ដំបូង នៅ​ប្រទេស​ថៃ ដាក់​បង្ហាញ​នៅ​ឯ​វិចិត្រសាល​នៃ​សណ្ឋាគារ Great Duke អតីត​មាន​ឈ្មោះ​ថា សណ្ឋាគារ InterContinental Hotel មាន​រយៈពេល ១ ខែ ដោយ​ចាប់ផ្តើម​តាំង​ពី​ល្ងាច​ថ្ងៃ​ទី ៧ ខែ​កុម្ភៈ ឆ្នាំ ២០១៨ មក​ម្ល៉េះ។

លោក ឈឹម សុធី ឲ្យ​ដឹង ពី​អត្ថន័យ​នៃ​ការ​ដាក់​តាំង​ពិព័រណ៍​គំនូរ ដែល​មាន​ប្រធានបទ​ថា ចងចាំ​នោះ​ថា៖ «មក​ពី​ខ្ញុំ​គិត​ថា ស្នាដៃ​គំនូរ​ខ្ញុំ​ទាំង​នេះ បាន​កើត​ឡើង​ចេញ​ពី​ការ​ចងចាំ​ក្នុង​ខួរក្បាល​របស់​ខ្ញុំ​ទៅ​តាម​សម័យកាល ដែល​ខ្ញុំ​បាន​ឆ្លងកាត់​ក្នុង​ជីវិត​ពី​ក្មេង​រហូតដល់​បច្ចុប្បន្ន​នេះ។ ស្នាដៃ​ទាំង ១៣ ផ្ទាំង​នេះ សុទ្ធ​តែ​ជា​គំនូរ​អរូបី​ទាំង​អស់ ហើយ​លើក​នេះ​ខ្ញុំ​សុំ​រៀបចំ​តែ​ម្នាក់​ឯង។ មូលហេតុ​ដែល​ប្រើ​ជា​គំនូរ​អរូបី ដោយ​យល់​ថា ពេល​បច្ចុប្បន្ន ទាំង​វិចិត្រករ​ខ្មែរ និង​អ្នក​មើល​អាច​ស្វែងយល់​ពី​ទម្រង់​មួយ​នេះ​ខ្លះៗ​ហើយ និង​ចង់​ឲ្យ​មាន​ការអភិវឌ្ឍ​ការគិត និង​ការ​មើល​ផ្ទាំង​គំនូរ​របស់​បងប្អូន​ខ្មែរ​យើង​ដូចជា​ជន​បរទេស​ផង​ដែរ»។

វិចិត្រករ​បុរាណ និង​សហសម័យ វ័យ ៥០ ឆ្នាំ ក៏បាន​ប្រាប់​ពី​តម្លៃ និង​ទំហំ​ផ្ទាំង​គំនូរ​ឲ្យ​ដឹង​ដែរ​ថា៖ «សម្រាប់​តម្លៃ​ផ្ទាំង​ទាំង ១៣ នេះ គឺ​សុទ្ធ​តែ​មាន​ខ្នាត​ធំ ដែល​មាន​ប្រវែង​ជិត ២ ម៉ែត្រ​ឯណោះ ខណៈ​តម្លៃ​លក់ វិញ​ទាប​បំផុត​ចាប់​ពី ៧០០ ដុល្លារ និង​តម្លៃ​ខ្ពស់​បំផុត​ដល់ ២០០០ ដុល្លារ»។

គួរ​បញ្ជាក់ថា លោក ឈឺម សុធី វ័យ ៥០ ឆ្នាំ ជា​វិចិត្រករ​ខ្មែរ​មួយរូប​ក្នុង​ចំណោម​វិចិត្រករ​ឆ្នើម ៣ រូប​បាន​ពាន​រង្វាន់​ពី​កម្មវិធី The CMLTV Contemporary Art Awards 2016 លើក​ដំបូង ដែល​រៀបចំ​ដោយ​សាកល​វិទ្យាល័យ​មហា​សារ៉ាខាំ នៃ​ប្រទេស​ថៃ។

លោក​បាន​ពាន Honored Artist Award ហើយ​លោក សួស្តិ៍ សុដាវី វិចិត្រ​វ័យ ៦១ ឆ្នាំ បាន​ពាន Venerable Artist Award និង​អ្នក​នាង ឆន ឌីណា វ័យ ៣២ ឆ្នាំ បាន​ពាន Young Artist Award៕

គំនូរ​អរូបី​មួយ​ចំណោម​ ១៣ ផ្ទាំង​នៃការ​តាំង​ពិព័រណ៍​។​ ឈឹម សុធី