ភ្នំពេញៈ ពិព័រណ៍​ស្នាដៃ​គំនូរ​សិល្បៈ​គូរ​ប្លង់​នៃ​តំបន់​អាស៊ី បែប​ផ្សព្វផ្សាយ និង​បណ្តុះ​គំនិត​សិល្បៈ​គូរ​ភូមិសាស្ត្រ​នៃ​ភព​ផែនដី អវកាស និង​ចក្កវាឡ ដែល​បាន​ដាក់​តាំង​ស្នាដៃ​សិល្បៈ​គំនូរ​នានា​របស់​កុមារ និង​និស្សិត នៅ​ឯ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិ​ការ​កម្ពុជា-ជប៉ុន (CJCC) ចំនួន ៣ ថ្ងៃ ក្រោម​គម្រោង​ឈ្មោះ​ថា Social Compass នោះ​បាន​បញ្ចប់​កាល​ពី​ចុង​សប្តាហ៍​កន្លង​មក​នេះ​ថា​នឹង​មាន​គោល​ដៅ​ទៅ​ធ្វើ​បន្ត​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​របស់​ប្រទេស​កម្ពុជា។

លោក ហ៊ី​ដេ​តា​កា ណា​កា​ម៉ូ​រ៉ា (HIDETAKA NAKAMURA) ជា​ប្រធាន​គម្រោង Social Compass បាន​បង្ហើប​ប្រាប់​គោល​បំណង​នៃ​ការ​ដាក់​តាំង​ពិព័រណ៍​ស្នាដៃ​គំនូរ​នេះ​ថា៖ «យើង​បង្កើត​គម្រោង​នេះ​ឡើង​ក្នុង​គោល​ដៅ​ចង់​បណ្តុះ​ជំនាញ​សិល្បៈ​គំនូរ​ប្លង់​ដល់​កុមារ ខណៈ​ការ​តាំង​ពិព័រណ៍​នៅ CJCC នេះ​យើង​មាន​ស្នាដៃ​គំនូរ​ជា​ច្រើន​ស្តីពី​បរិស្ថាន។ យើង​បាន​ដាក់​ជា​ប្រធាន​ធំ​ថា «EcoCIty Projects» ដែល​មាន​ក្រុម​និស្សិត​មក​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (សាលា​តិចណូ) ចូលរួម​ទៀត​ផង។ យើង​ក៏មាន​ស្នាដៃ​គំនូរ​ដែល​ប្រើ​ផ្ទាំង​តង់​រាង​ពង​ក្រពើ (Dome) បញ្ចាំង​រូបភាព​ស្តី​ពី​ភព​ផែនដី ភព​អវកាស និង​ចក្កវាឡ​ផង​ដែរ។

ដោយឡែក​ស្នាដៃ​សិល្បៈ​ប្រភេទ​ជា​គំនូរជីវចល និង​បង្ហាញ​ពី​ភព​អវកាស យើង​បាន​ប្រមូល​ពី​ស្នាដៃ​កុមារ​ចំនួន ៣ ប្រទេស​ដែរ​គឺ​មាន​ប្រទេស​កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា។

បច្ចេកទេស​ប្រើ​ផ្ទាំង​តង់រាងពង​ក្រពើ​ (Dome) បញ្ចាំង​ស្នាដៃ​គំនូរ​ពីភព​ផែនដី និងចក្កវាឡ​។ ហេង ជីវ័ន

បុរស​ជា​ប្រធាន​គម្រោង Social Compass ជនជាតិ​ជប៉ុន​រូបនេះ​បន្តថា៖ «ជំនាញ​សិល្បៈ​គូរ​ប្លង់​ភូមិសាស្ត្រ​នេះ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​កុមារ​កម្ពុជា ជា​ពិសេស​ការ​បណ្តុះ​គំនិត​ផ្នែក​បច្ចេកវិទ្យា​ឲ្យ​មាន​លក្ខណៈ​ល្អ​អាច​ប្រកួត​ប្រជែង​លើ​ពិភពលោក។ ជា​ពិសេស​នោះ ការ​ប្រើ​បច្ចេកទេស​ប្រើ​ផ្ទាំង​តង់​រាង​ពង​ក្រពើ (Dome) បញ្ចាំង​រូបភាព​ស្នាដៃ​នានា​របស់​ខ្លួន​តាម​បច្ចេកទេស​គំនូរ​ជីវចល និង​គំនូរ​ភូមិសាស្ត្រ​ភព​អវកាស។ យើង​ក៏មាន​គម្រោង​ធ្វើ​ពិព័រណ៍​នេះ​នៅ​តាម​ខេត្ត​នានា​ដែរ ដូចជា​ខេត្ត​កណ្តាល ខេត្ត ពោធិ៍សាត់ និង​ព្រៃវែង»។

ចំពោះ​គម្រោង Social Compass មាន​គោលដៅ​សំខាន់​បណ្តុះ​គំនិត​សិល្បៈ​គូរ​ភូមិសាស្ត្រ​នៃ​ភព​ផែនដី គូរ​ភព​អវកាស និង​ចក្កវាឡ នេះ បាន​បង្កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ ២០១៤ មក ហើយ​នា​ពេល​បច្ចុប្បន្ន គម្រោង​នេះ កំពុង​តែ​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​បណ្តាញ​មួយ ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​នានា​កើត​មាន​ក្នុង​សង្គម​ដូចជា បញ្ហា​បរិស្ថាន ការ​អប់រំ និង​ត្រូវ​ប្រើ​ប្រាស់​ក្នុង​គោល​ដៅ​ផ្សេងៗ​ទៀត​ផង៕