
ពិព័រណ៍ទោល «កេរគ្មានឈ្មោះ» របស់ គឿម កូឡាប។ រូបថត សហការី
ភ្នំពេញ៖ ប្រសិនបើគ្មានបញ្ហារំខានដោយជំងឺកូវីដ ១៩ ទេនោះ បណ្តុំគំនូរ ១០ ផ្ទាំង របស់វិចិត្រករស្រី គឿម កូឡាប នឹងត្រូវរៀបចំដាក់តាំងពិព័រណ៍ទោលនៅវិចិត្រសាលស-ស ចាប់ពីថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២០ បន្តដល់ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២១។
តែពិព័រណ៍ទោលក្រោមប្រធានបទ «កេរគ្មានឈ្មោះ» បង្ហាញជូននូវកម្រងស្នាដៃគំនូរថ្មីៗ ដោយវិចិត្រករស្រី គឿម កូឡាប ស្តីអំពីសេចក្តីខ្វាយខ្វល់លើតថភាពសង្គម និងបរិស្ថាន ក្នុងពេលបច្ចុប្បន្ននេះ ក៏សម្រេចធ្វើពិព័រណ៍តាមអនឡាញផងដែរ ដោយចាប់ផ្តើមពីថ្ងៃទី ១៨ ខែធ្នូ បន្តដល់ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២១ ដដែល នៅវិចិត្រសាល ស-ស ក្នុងរាជធានីភ្នំពេញ។
វិចិត្រករស្រីដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង វ័យ ៣៣ ឆ្នាំ គឿម កូឡាប បានបង្ហើបពីការតាំងពិព័រណ៍ទោលតាមអនឡាញ ជាលើកដំបូងនេះថា៖ «ខ្ញុំបានបង្កើតរូបគំនូរចំនួន ១០ ផ្ទាំង បង្ហាញពីកង្វល់នៃការផ្លាស់ប្តូរប្រជាសាស្រ្ត ការប្រែប្រួលអាកាសធាតុជាពិសេស ទម្លាប់នៃការប្រើប្រាស់ប្លាស្ទិក និងការបំពុល ក៏ដូចជាផលប៉ះពាល់របស់វាមកលើសុខុមាលភាពនៃជីវចម្រុះរួមទាំងមនុស្ស សត្វ និងធម្មជាតិទូទាំងសកលលោក»។

វិចិត្រករស្រី គឿម កូឡាប កាលពីទទួលរង្វាន់ធំក្នុងការប្រកួត White Canvas Competition ឆ្នាំ២០២០។ រូបថត សហការី
វិចិត្រករ គឿម កូឡាប បានបញ្ចប់ការសិក្សានៅសាលាហ្វារពន្លឺសិល្បៈ ផ្នែកសិល្បៈសូនរូប នៅខេត្តបាត់ដំបងក្នុងឆ្នាំ ២០០៧ និងបញ្ចប់ការសិក្សាពីសាលារចនា និងរចនាសិល្បៈ Gerard Pivat នៅប្រទេសបារាំង ឆ្នាំ ២០១៤។ សព្វថ្ងៃអ្នកស្រី គឺជាគ្រូបង្រៀនគំនូរជីវចលនៅហ្វារពន្លឺសិល្បៈ ហើយការងារសិល្បៈចម្បងស្វែងយល់ពីមនុស្សជាតិ ការផ្លាស់ប្តូរសង្គម និងការផ្លាស់ប្តូរបរិស្ថាន។
នាពេលថ្មីៗនេះ វិចិត្រករ គឿម កូឡាប ក៏បានឈ្នះពាន Gold Prize ពីកម្មវិធី White Canvas Competition Cambodia ២០២០ រៀបចំដោយ Social Compass Cambodia ឈ្នះរង្វាន់ទទួលបានលិខិតវិញ្ញាបនបត្រ ១ ទឹកប្រាក់រង្វាន់ ១ ពាន់ដុល្លារ និងកុំព្យូទ័រយួរដៃផលិតដោយកូនខ្មែរម៉ាក Koompi ១ គ្រឿង។
អ្នកស្រី គឿមកូឡាប ក៏បានបកស្រាយអត្ថន័យគំនូរឈ្នះពានដែរថា៖ «ហេតុផលដែលខ្ញុំសម្រេចរើសយកប្រធានបទស្តីពីជំងឺកូវីដ ១៩ គឺដោយសារតែវាជាបញ្ហាសង្គមមួយកំពុងវាយប្រហារមនុស្សនៅលើសកលលោកតែម្តង មិនមែនតែកម្ពុជានោះទេ ហើយមកទល់ពេលនេះ វានៅតែបន្តគំរាមកំហែងមនុស្សលើសកលលោកដដែល និងមិនទាន់ដឹងថា នឹងត្រូវបញ្ចប់ពេលណានោះទេ។ គំនូរនេះ ខ្ញុំបានប្រើពេលគូរវា ខណៈពេលជំងឺនេះចាប់ផ្តើមកើតមានឡើងរហូតពេលដាក់ប្រកួត។ អត្ថន័យផ្ទាំងគំនូរ តាមរយៈតួអង្គស្រ្តីម្នាក់អង្គុយនៅលើកៅអីពាក់ម៉ាស់ក្នុងទឹកមុខសោកសៅ ភ្នែកសម្លឹងមើលរូបថតគ្រួសារ វ៉ាលិស និងមើលតាមបង្អួចកញ្ចក់ ដែលបានកើតឡើងពេលស្ថានភាពប្រទេសនានានៅលើសកលលោក ជួបវិបត្តិជំងឺកូវីដ ១៩ គឺបន្ទប់ធ្វើចត្តាឡីស័ក»៕