ភ្នំពេញ: វាមិនមែនជាការសម្ដែងក្នុងភាពយន្ដកំប្លែងអ៊ីតាលីក្នុងឆ្នាំ ១៩៦៤។ «តោះជជែកអំពីស្ដ្រី» ឬ (Let’s talk about women) គឺជាប្រធានបទដំបូងបំផុតនៃការអបអរទិវាសិទ្ធិនារី ដែលរៀបចំឡើងដោយ Cambodia’s Ultimate Lifestyle Trend (CULT) ដើម្បីលើកស្ទួយតម្លៃសហគ្រិន និងអ្នកឌីហ្សាញស្ដ្រីឆ្នើមរបស់កម្ពុជា។
អ្នកនាង Carola Krainz ទីប្រឹក្សាផ្នែកទីផ្សារ CULT បាននិយាយថា៖ «ព្រឹត្ដិការណ៍ប្រារឰនៅថ្ងៃទី ១៤ ខែមីនា គឺដំបូងក្នុងឆ្នាំ ២០២០ ដើម្បីអបអរទិវាសិទ្ធិនារី ជាទិវាចំណេះដឹងអន្ដរជាតិដែលផ្ដោតលើចលនាសិទ្ធិនារីទូទាំងពិភពលោក»។
CULT ជាវេទិកាសម្រាប់អ្នកឌីហ្សាញមានវិជ្ជាជីវៈប្រកបដោយសីលធម៌បង្ហាញស្នាដៃចុងក្រោយរបស់ពួកគេឯផ្សារណាត់នៅចំពោះមុខអតិថិជន។ បង្កើតឡើងក្នុងឆ្នាំ ២០១៦ CULT បាននាំយកយីហោផលិតផលមកពីទូទាំងប្រទេសកម្ពុជាដាក់លក់ក្រោមដំបូលតែមួយ។
អ្នកនាង Carola បានឲ្យដឹងថា៖ «យើងមានបំណងចង់ជំរុញយីហោផលិតផលណាដែលគោរពតាមគោលការណ៍ចម្បង ៣ ចំណុចស្ដីពីនិរន្ដរភាពបរិស្ថាន និងចូលរួមចំណែកលើការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក៏ដូចជាកិច្ចការពារបរិស្ថាន»។
អ្នកនាងបានបន្ដថា៖ «ជាវេទិកាសម្រាប់អាជីវករក្នុងស្រុក សកម្មភាពចម្បងរបស់ CULT គឺជាផ្សារមួយដែលពលរដ្ឋអាចស្វែងរក និងទិញផលិតផលយីហោនិរន្ដរភាពបំផុតរបស់ប្រទេស។ ប៉ុន្ដែ CULT លើសពីផ្សារណាត់ដោយវាត្រូវបានបង្កើតឡើងដើម្បីកៀរគរអ្នកមានមនសិការស្រឡាញ់បរិស្ថានដោយការបើកសិក្ខាសាលា តំណាលរឿងរ៉ាវ ការសម្ដែង និងសកម្មភាពវប្បធម៌ផ្សេងៗអមដោយតន្ដ្រីពិរោះរណ្ដំ ព្រមទាំងភ្លក្សរសជាតិអាហារ និងភេសជ្ជៈឈ្ងុយឆ្ងាញ់»។
ទីប្រឹក្សារូបនេះបាននិយាយថា អ្នកចូលរួមទាំងអស់គឺជាផ្នែកមួយនៃបេសកកម្មរបស់ CULT ដោយការផ្សព្វផ្សាយរបៀបរបបរស់នៅប្រកបដោយសីលធម៌ និងស្ទួយបរិស្ថានជាមួយការប្រើប្រាស់ផលិតផលដែលឌីហ្សាញ និងផលិតនៅកម្ពុជាសុទ្ធសាធ។
Carola បន្ថែមថា៖ «យើងអនុញ្ញាតឲ្យតែយីហោណាដែលផលិតនូវផលិតផលរបស់ខ្លួននៅកម្ពុជា ក្រោមលក្ខខណ្ឌនៃសីលធម៌ ជួលអ្នកជំនាញក្នុងស្រុក ស្ថានភាពការងារល្អ និងប្រាក់កម្រៃឈ្នួលសមរម្យ»។
មិនចម្លែកទេ ដែល CULT ជ្រើសរើសទិវាសិទ្ធិនារីជាឱកាសកៀរគរស្ដ្រីខ្មែរដែលមានទេពកោសល្យផ្នែកជំនួញ និងផលិតផលរបស់ខ្លួនឌីហ្សាញ។
Carola បានលើកឡើងថា៖ «ព្រឹត្ដិការណ៍របស់ CULT រមែងត្រូវបានរៀបចំឡើងនៅជុំវិញទិវាចំណេះដឹងអន្ដរជាតិផ្សេងៗ រួមទាំងពិធីបុណ្យគ្រឺស្ដស្មាស់ជាដើម»។
ព្រឹត្ដិការណ៍ដំបូងនេះដែលហៅថា «CULT តោះជជែកអំពីស្ដ្រី» បានបង្ហាញពីស្នាដៃផលិតនូវផលិតផលប្រចាំថ្ងៃ សម្ផស្ស ហ្វេសសិន គ្រឿងលម្អ ផលិតផលម្ហូបអាហារ ព្រមទាំងសិក្ខាសាលាសម្រាប់កុមារ និងយុវជនជាដើម ក៏ដូចជាមានកន្លែងក្មេងលេង ស្ទូឌីយោថតរូប ការនិទានរឿង ការសម្ដែងក្បាច់រាំ និងទស្សនាការបង្ហាញសាលារៀននានា។
Carola Krainz បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ទិវាសិទ្ធិនារីគឺជាចលនាសកល ជាមួយគោលបំណងសម្រេចទិសដៅសមភាពយេនឌ័រដែលផ្ដល់តម្លៃឲ្យស្ដ្រី។ តោះជជែកពីស្ដ្រីត្រូវបានបង្កើតឡើងដើម្បីលើកស្ទួយសមត្ថភាពស្ដ្រីក៏ដូចជាបុរសផងដែរ»។
ក្រោយការបង្កើតរយៈពេល ៣ ឆ្នាំ CULT បានក្លាយជាវេទិកាផ្សព្វផ្សាយពីផលិតផលហ្វេសសិន សម្ផស្ស និងរបៀបរបបរស់នៅនិរន្ដរភាពដែលឌីហ្សាញឡើង និងផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
យោងតាមការផ្សព្វផ្សាយកម្មវិធីរបស់ CULT លើបណ្ដាញសង្គមបានបង្ហាញថា៖ «នេះគឺជាឱកាសរបស់លោកអ្នកក្នុងការគាំទ្រគំនិតផ្ដួចផ្ដើមសហគ្រិនក្នុងស្រុក ស្វែងរកជម្រើសបៃតង និងជជែកជាមួយអ្នកផលិត និងអ្នកឌីហ្សាញចំណូលចិត្ដ»។
ទីប្រឹក្សាផ្នែកទីផ្សារបាននិយាយថា៖ «ជាមួយអាជីវករ ៥០ នាក់ចូលរួមព្រឹត្ដិការណ៍ខាងមុខនេះជាង ៧៥ ភាគរយគឺជាស្នាដៃ និងផលិតផលរបស់ស្ដ្រី។ យើងមានមោទនភាពដែលមានសហគ្រិនមកពីគ្រប់ផ្នែក រួមមានផលិតផលថែសម្ផស្សបែបធម្មជាតិ ហ្វេសសិន និងគ្រឿងលម្អមិនប៉ះពាល់បរិស្ថាន ក៏ដូចជាស្បែកជើង គ្រឿងបរិក្ខារតុបតែងផ្ទះ និងតុក្កតាក្មេងលេងជាដើម»។
ជាមួយបំណងផ្ដល់ជាវេទិកាសម្រាប់អាជីវករងាយស្រួលចូលរួម CULT - តោះជជែកអំពីស្ដ្រី បានលក់សំបុត្រតម្លៃ ១ ដុល្លារសម្រាប់ភ្ញៀវខ្មែរ និង ២ ដុល្លារសម្រាប់ភ្ញៀវបរទេសដើម្បីរ៉ាប់រងលើការរៀបចំទីតាំង គ្រប់គ្រងកម្មវិធី និងការចំណាយផ្សេងៗ។
កម្មវិធីរៀបចំឡើងនៅសាលា Bambujaya Bilingual School ដែលមានទីតាំងនៅផ្ទះលេខ ១៥ ផ្លូវកែវនូ រាជធានីភ្នំពេញនៅថ្ងៃទី ១៤ ខែមីនា ចាប់ពីម៉ោង ១ រសៀលដល់ម៉ោង ៨ យប់។
សម្រាប់ព័ត៌មានលម្អិត និងចាប់អារម្មណ៍ចំពោះយីហោផលិតផលក្នុងស្រុកផ្សេងៗសូមចូលទៅកាន់វេបសាយ www.jointhecult.asia ឬ អ៊ីមែលតាមរយៈ hello@jointhecult.asia៕